website_news:2022170501

កម្ពុជាត្រូវបានដាក់បញ្ចូលក្នុងក្រុមប្រទេសជើងឯកដែលអនុវត្តកតិកាសញ្ញាពិភពលោកស្ដីពីការធ្វើចំណាកស្រុកបានល្អ

https://eacnews.asia/home/ ចុះផ្សាយថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ដោយ Hun Sirivadh

ភ្នំពេញ៖ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន ៣៦ប្រទេសនៅក្នុងពិភពលោក ដែលត្រូវបានអង្គការសហប្រជាជាតិចាត់ជាប្រទេស ដែលអនុវត្តកតិកាសញ្ញា ស្ដីពីទេសន្តរប្រវេសន៍ (ការធ្វើចំណាកស្រុក) ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់បានល្អបំផុត។ អង្គការពិភពលោកមួយនេះក៏បានអញ្ជើញប្រតិភូកម្ពុជាទៅចែករំលែកពីបទពិសោធន៍ និងទទួលយោបល់បន្ថែមសម្រាប់ដាក់បញ្ជូលក្នុងកតិកាសញ្ញាអន្តរជាតិនេះផងដែរ។

គណៈប្រតិភូដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ លោកស្រី ជូ ប៊ុនអេង និងរដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក ញ៉ឹក វណ្ណារ៉ា រួមទាំងតំណាងក្រសួង ស្ថាប័ន ៤ទៀត នឹងធ្វើដំណើរចេញពីកម្ពុជាឆ្ពោះទៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ។

ថ្លែងប្រាប់សារព័ត៌មាន EAC News នៅរសៀលថ្ងៃទី១៤ ខែឧសភានេះ លោកស្រី ជូ ប៊ុនអេង បានឱ្យដឹងថា នេះជាកិត្តិយសរបស់ប្រទេសកម្ពុជាដែលបានចែករំលែកនូវការងារ និងកិច្ចខិតខំរបស់ក្នុងការអនុវត្តន៍កតិកាសញ្ញាស្ដីពីទេសន្តរប្រវេសន៍បន្ទាប់ពីខ្លួនបានចូលរួមក្នុងឆ្នាំ២០១៨។ លោកស្រីថា៖ «គេបានជ្រើសរើសកម្ពុជាហ្នឹងដូចជាមាន២ ឬ៣ប្រទេសទេឱ្យធ្វើជា Panelist ដើម្បីចែករំលែកបទពិសោធន៍ថាគេធ្វើយ៉ាងមិចទើបបានជោគជ័យហើយអ្វីខ្លះជាសមិទ្ធិផល តទៅទៀតគួរធ្វើអីទៀត ហើយនឹងឱ្យយើងវាយតម្លៃលើ Declaration ថ្មីហ្នឹងថាយើងគួរកែលំអរកតិកាសញ្ញាហ្នឹងយ៉ាងមិចពីព្រោះឥឡូវនេះវាក្រោយ [វិបត្តិ] កូវីដ ឬក៏ក្នុងដំណាក់កាលដែលយើងរស់នៅជាមួយកូវីដ»។

សញ្ញាស្ដីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់បានល្អបំផុត ត្រូវបានប្រកាសដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៨។ Global Compact នេះត្រូវបានរចនាឡើងដើម្បី គាំទ្រកិច្ចសហប្រតិបត្តិការអន្តរជាតិលើអភិបាលកិច្ចនៃការធ្វើចំណាកស្រុកអន្តរជាតិ ផ្តល់ជម្រើសទូលំទូលាយសម្រាប់រដ្ឋដែលពួកគេអាចជ្រើសរើសជម្រើសគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនជុំវិញការធ្វើចំណាកស្រុកអន្តរជាតិនិងផ្តល់ឱ្យរដ្ឋនូវលំហរ និងភាពបត់បែនដើម្បីបន្តការអនុវត្តដោយផ្អែកលើការពិត និងសមត្ថភាពនៃការធ្វើចំណាកស្រុករបស់ពួកគេ។

បើតាមលោកស្រី ជូ ប៊ុនអេង បច្ចុប្បន្នកម្ពុជាបានធ្វើការឆ្លើយតបនឹងកតិកាសញ្ញានេះច្រើនដោយបានបង្រ្កាបការជួញដូរពលករ បានរៀបចំគោលនយោបាយ គោលការណ៍ជាច្រើន រួមទាំងដាក់បញ្ជូលក្នុងប្រព័ន្ធអប់រំ ការគិតគូរពីសុខភាពទេសន្តរប្រវេសន៍ ការរៀបចំ SOP ដោយក្រសួងសង្គមកិច្ចដើម្បីគិតគូរដល់ពលករចំណាកស្រុកនៅក្រៅប្រទេស និងកំពុងរៀបចំផែនការ ១០ឆ្នាំសម្រាប់អនុវត្តន៍ការងារទាក់ទងនឹងទេសន្តប្រវេសន៍នេះផងដែរ។ កម្ពុជាត្រូវបានក្រសួងការបរទេសអាមេរិកដាក់ចូលក្នុងចំណាត់ថ្នាក់មិនល្អ ៣ឆ្នាំជាប់គ្នាតាំងពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២១ ក្នុងបញ្ជីតាមដានការប្រឆាំងការជួញដូរមនុស្ស។ ក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០២១ ក្រសួងការបរទេសបានចាត់ថ្នាក់កម្ពុជាក្នុងកម្រិតពីរតាមដាន «Tier 2 Watchlist» ដោយថារដ្ឋាភិបាលកម្ពុជាគ្មានគណនេយ្យភាព គ្មានឆន្ទៈនយោបាយក្នុងការស្រាវជ្រាវតាមដាន វែកមុខ និងផ្តន្ទាទោស ឧក្រិដ្ឋជនជួញដូរមនុស្សនោះទេ រួមនឹងកង្វះប្រព័ន្ធបង្ការបទល្មើសជាដើម។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថាការវាយតម្លៃរបស់អ្នកឱ្យពិន្ទុ តែអ្វីដែលរដ្ឋាភិបាលធ្វើគឺគិតពីលទ្ធផលជាជាងគិតពីពិន្ទុពីអ្នកវាយតម្លៃ។ លោកស្រីបញ្ជាក់ថា រដ្ឋាភិបាលបានធ្វើការរួចហើយនូវការការពារនូវសន្ដិសុខសុវត្តិភាពរបស់ប្រជាពលរដ្ឋភាគច្រើនដាច់ខាត និងមានការងារជាច្រើនបន្តទៀតដើម្បីលុបបំបាត់បញ្ហាទាំងនេះ។ លោកស្រីថា៖ «អ្នកដែលធ្វើការជាមួយយើងទើបគាត់ដឹងថាយើងកំពុងធ្វើអី? ចំណែកអ្នករិះគន់គឺប្រហែលជាគាត់មិនដែលចូលប្រឡូកទេគឺគាត់អង្គុយចាំមើលតែកំហុសអញ្ចឹងពាក់ថាការខុសឆ្គងបើអង្គុយមើលឃើញ។ ប៉ុន្ដែបើចូលឱ្យជ្រៅគេនឹងដឹងថាយើងកំពុងធ្វើអីខ្លះ? យើងក៏ចង់អំពាវនាវដែរថាបើពួកគាត់ចង់ដឹងច្បាស់ចូលឱ្យជិតកុំថាពីឆ្ងាយ ពីព្រោះនៅពីចម្ងាយមើលមិនច្បាស់ទេ»៕

website_news/2022170501.txt · Last modified: 2022/05/17 10:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki