website_news:2022170502

លោកនេត សាវឿន ៖ បទល្មើសឧក្រិដ្ឋឆ្លងដែន ព្រហ្មទណ្ឌ គ្រឿងញៀ.ន ជួញដូរមនុស្សពិសេសស្ត្រីកុមារនៅតែកើតមាន

https://kohsantepheapdaily.com.kh/ ភ្នំពេញ១៦ ខែ ឧសភា ឆ្នាំ ២០២២ ម៉ោង ០៩:២៦

រាជធានីភ្នំពេញ ៖ នាយកឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ករណីបទល្មើសឧក្រិដ្ឋឆ្លងដែនប ទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ មានបទល្មើសគ្រឿងញៀន ជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ និងបទល្មើសផ្សេងទៀតនៅតែកើតមាន ដូច្នេះកងកម្លាំងនគរបាលជាតិបន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខិតខំប្រឹងប្រែងអនុវត្តឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ នូវរាល់ផែនការវិធានការ ។

យោងតាមសាលិខិតជូនពររបស់ឯកឧត្តមនាយកឧត្តមសេនីយ៍នេត សាវឿន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៧ ថ្ងៃកំណើតនគរបាលជាតិ (ថ្ងៃ១៦ ឧសភា ឆ្នាំ២០២២) បានឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០២២ សភាពការណ៍ សន្តិសុខសកលលោក នៅតែបន្តប្រែប្រួលប្រកបដោយភាពស្មុគ្រស្មាញ ដែលហេតុការណ៍មួយចំនួនអាចជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលដល់ព្រះរាជាណាចក្រកម្ពុជា ។ ក្នុងអំឡុងពេលដូចគ្នានេះផងដែរ ព្រឹត្តិការណ៍នយោបាយជាតិនិងព្រឹត្តិការណ៍អន្តរជាតិមួយចំនួននឹងត្រូវរៀបចំប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជាទៀតផង ។

ឯកឧត្តមលើកឡើងថា បញ្ហាប្រឈមមួយចំនួននៅតែបន្តកើតមានឡើងដូចជា បទឧក្រិដ្ឋឆ្លងដែន – បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ បទល្មើសបច្ចេកវិទ្យា ។ល។ ដែលព្រឹត្តិការណ៍ និងហេតុការណ៍ទាំងអស់នេះទាមទារចាំបាច់ឲ្យកងកម្លាំងនគរបាលជាតិបន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខិតខំប្រឹងប្រែងអនុវត្តឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ នូវរាល់ផែនការ វិធានការ ក៏ដូចជា យុទ្ធនាការសំខាន់ៗរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដើម្បីធ្វើឲ្យបរិយាកាសសង្គមមានភាពកក់ក្តៅ មានលក្ខណៈសម្បត្តិល្អប្រសើរ បម្រើឲ្យព្រឹត្តិការណ៍នយោបាយជាតិ និងព្រឹត្តិការណ៍អន្តរជាតិទាំងនេះ ។

ឯកឧត្តមថា ក្នុងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមគ្រាំទ្រលើកទឹកចិត្តដល់បងប្អូនកងកម្លាំងនគរបាលជាតិទាំងអស់ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្តេជ្ញាការ ពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឹងម៉ាត់ និងមានមនសិការវិជ្ជាជីវៈខ្ពស់ ។ ទន្ទឹមនេះ ក៏ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និង វិធានការ « ពាការពារពាក្តី » ឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើជាគំរូល្អដល់សាធារណជន ។

ក្នុងលិខិតនោះដែរ ឯកឧត្តមអគ្គស្នងការនគបាលជាតិក៏បានលើកឡើងថា ឆ្នាំ២០២១ កន្លងទៅគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ព្រះវររាជមាតាជាតិខ្មែរបេសកកម្មរបស់ឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំ ខាន់ៗប្រមាណ១២.១៨០លើក ត្រូវបានធានាសុវត្ថិភាពទាំងស្រុង ។ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម កាន់តែមានភាពល្អប្រសើរជាលំដាប់ដោយបានកាត់បន្ថយបទល្មើសព្រហ្មទណ្ឌជារួមប្រមាណ ៦% ជាពិសេសលទ្ធផលបង្ក្រាបមានកម្រិតខ្ពស់រហូតដល់ ៩៣% ស្របពេលដែលហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ១៧% អ្នកស្លាប់ថយចុះ ៩% និងអ្នករបួសថយចុះ ២៣%។

ចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ពិសេសស្ត្រី និងកុមារ ការលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យល្បែងស៊ីសងគ្រប់ប្រភេទក្មេង ទំនើងយុទ្ធនាការការពារធនធានធម្មជាតិ ការបង្ក្រាបបទល្មើសព្រៃឈើ និងជលផលត្រូវបានសហការចាត់តាំងអនុវត្តយ៉ាងសកម្មផុលផុសទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ។ ឯកឧត្តមថា ការងារដែលកំពុងតែទទួលបាននូវជំនឿទុកចិត្ត និងការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋនៅតាមសហគមន៍នោះ គឺការបម្រើសេវាចាំបាច់របស់នគរបាលប៉ុស្តិ៍រដ្ឋបាលដែលបានផ្សាភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយពលរដ្ឋក្នុងនាមសេវាករ និងក្នុងនាមជាកម្លាំងស្នូលក្នុងការជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលជាគោលនយោបាយជាតិដ៏មានអាទិភាព និងសក្តានុពលបំផុត ។ ស្នាដៃលេចធ្លោនាឆ្នាំ២០២២ នេះគឺ ភាពជោគជ័យក្នុងការបំពេញតួនាទីក្នុងនាមជាម្ចាស់ផ្ទះសន្និសីទអាស៊ានណាប៉ូល លើកទី៤០ ដែលការសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់នៃបេសកកម្មជា ប្រវត្តិសាស្ត្រនេះ បានឆ្លុះបញ្ចាំងអំពីសមត្ថភាពពោរពេញ ដោយបទពិសោធន៍របស់នគរបាលជាតិកម្ពុជា និងជាចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយកិត្តិយសកិត្យានុភាពជាតិក្នុងតំបន់ និងលើឆាកអន្តរជាតិ ។

ក្រៅពីកិច្ចប្រតិបត្តិការលើមុខជំនាញប្រចាំថ្ងៃ កងកម្លាំងនគរបាលជាតិក៏បានចូល រួមគ្រប់សកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ និងមហន្តរាយនានា ពិសេសក្នុងអំឡុងពេលអនុវត្តយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបានចូលរួមសហការយ៉ាងសកម្មជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងគណៈកម្មការប្រឆាំងជំងឺកូវីដ-១៩ គ្រប់ថ្នាក់ ដើម្បីអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីសំដៅការពារសុខភាពសាធារណៈ ក៏ដូចជា អាយុជីវិតរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ ៕

website_news/2022170502.txt · Last modified: 2022/05/17 10:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki