website_news:2022170503

លោក អ៊ិត សំហេង អំពាវនាវកុំឱ្យពលរដ្ឋចាញ់បោកករណីថា មានការនាំពលករទៅធ្វើការតាមរដូវកាលនៅក្រៅប្រទេស

https://www.postkhmer.com/ មុំ គន្ធា | Publication date 16 May 2022 | 10:28 ICT

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានអំពាវនាវដល់ពលរដ្ឋកម្ពុជាកុំឱ្យជឿលើការញុះញង់ ឬការផ្សព្វផ្សាយរបស់ជនខិលខូចមួយចំនួនទាក់ទងនឹងការបញ្ជូនទៅធ្វើការងារនៅក្រៅប្រទេស ដោយលោកបានអះអាងថា បច្ចុប្បន្ននេះកម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាលទៅធ្វើការនៅបរទេសឡើយ។ លោក អ៊ិត សំហេង បានលើកឡើងដូចនេះ បន្ទាប់ពីមានជនខិលខូចមួយចំនួនបានធានាអះអាងថា ពួកគេអាចបញ្ជូនពលករទៅធ្វើការតាមរដូវកាលនៅក្រៅប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី ១២ ខែឧសភាថា ក្រសួងបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋក៏ដូចជា អាជ្ញាធរមូលដ្ឋានថា មានជនខិលខូចមួយចំនួនទាំងជនជាតិខ្មែរ និងបរទេសជ្រកក្រោមស្លាកសាលាភាសា អង្គការ និងសមាគមផ្សេងៗ បានចុះផ្សព្វផ្សាយជ្រើសរើស និងប្រមូលថវិកាពីប្រជាពលរដ្ឋដោយធានាអះអាងថា អាចបញ្ជូនទៅធ្វើការតាមរដូវកាលនៅក្រៅប្រទេសដែលមានប្រាក់ចំណូលខ្ពស់។

លោក អ៊ិត សំហេង បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាននេះថា កន្លងមកក្រសួងក៏ធ្លាប់ទទួលបានការស្នើសុំឱ្យមានកិច្ចសហការលើការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសតាមរដូវកាលផងដែរ ប៉ុន្តែក្រសួងសង្កេតឃើញថា ការបញ្ជូនពលករទៅធ្វើការតាមរដូវកាលនេះ នៅមានបញ្ហាប្រឈមមួយចំនួន។ លោកបានបញ្ជាក់ថា៖ «បញ្ហាប្រឈមទាំងនោះ មានដូចជា មិនទាន់មានយន្តការសមស្រប និងច្បាស់លាស់ ការងារមានរយៈពេលខ្លី ខណៈការចំណាយខ្ពស់មិនសមស្របនឹងប្រាក់ចំណូលដែលទទួលបាន ហើយលក្ខខណ្ឌការងារនៅមិនទាន់ត្រូវបានធានា និងការពារដោយបទដ្ឋានគតិយុត្តនៃប្រទេសទទួលនៅឡើយ»។ ឆ្លៀតក្នុងឱកាសនេះក្រសួងក៏បានបញ្ជាក់សាជាថ្មីដល់ប្រជាពលរដ្ឋ សាធារណជន ក៏ដូចជាស្ថាប័នពាក់ព័ន្ធផងដែរថា បច្ចុប្បន្នកម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាលទៅធ្វើការនៅក្រៅប្រទេសនៅឡើយទេ ដោយទាមទារឱ្យមានការសិក្សាស្រាវជ្រាវលើស្ថានភាពសេដ្ឋកិច្ចប្រទេសទទួល លក្ខខណ្ឌការងារ កម្រៃសេវាដែលពលករត្រូវចំណាយ និងជាពិសេសលើយន្តការនៃការបញ្ជូន ដើម្បីទទួលបានឱកាសការងារសមរម្យនៅក្រៅប្រទេស។

លោក អ៊ិត សំហេង ថា៖ «ករណីមានកិច្ចព្រមព្រៀងលើការបញ្ជូនពលករទៅធ្វើការតាមរដូវកាលនៅក្រៅប្រទេសជាមួយប្រទេសណាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជូនដំណឹងជាសាធារណៈ។ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន និងស្ថាប័នពាក់ព័ន្ធទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ចៀសវាងការចាញ់បោកជនឆ្លៀតឱកាស និងចូលរួមផ្សព្វផ្សាយបន្ត»។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ពលករកម្ពុជាដែលធ្វើការងារនៅក្រៅប្រទេស ដោយស្របច្បាប់សរុបមានចំនួនជាង ១,៣ លាននាក់ ក្នុងនោះនៅប្រទេសថៃចំនួនជាង ១,២២ លាននាក់, កូរ៉េជិត ៤៦ ម៉ឺននាក់, ម៉ាឡេស៊ីជាង ២៣ ម៉ឺននាក់,ជប៉ុនជាង ១១ ម៉ឺននាក់, សិង្ហបុរី ៨២១ នាក់, ហុងកុង ២០២ នាក់ និងអារ៉ាប៊ីសាអ៊ូឌីត ៤៣ នាក់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើងក្នុងថ្ងៃខួបលើកទី ១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភាថា តាមការប៉ាន់ប្រមាណពីប្រាក់បញ្ញើដែលពលករកម្ពុជាធ្វើការនៅក្រៅប្រទេសបានផ្ញើជូនក្រុមគ្រួសារក្នុង ១ ឆ្នាំៗ មានជាច្រើនពាន់លានដុល្លារអាមេរិកដែលតាមរយៈទឹកប្រាក់ទាំងនេះបានចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ច ហើយជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករកាន់តែប្រសើរឡើងផងដែរ។ លោក ហ៊ុន សែន បានថ្លែងថា៖ «ត្រូវបន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណសម្បត្តិឱ្យបងប្អូនទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ»៕

website_news/2022170503.txt · Last modified: 2022/05/17 10:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki