website_news:2022170601

សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ចំនួន៣ ឆ្ពោះទៅការបញ្ចប់អំពើហិង្សាលើកុមារ

http://freshnewsasia.com/ 2022-06-14 08:39pm

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់នូវអនុសាសន៍ចំនួន៣ ទៅកាន់ដៃគូពាក់ព័ន្ធ ដើម្បីឈានឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា។ អនុសាសន៍នេះត្រូវបានធ្វើឡើងតាមរយៈសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំស្តីពីដំណោះស្រាយ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។ អនុសាសន៍ទាំង៣នោះរួមមាន៖

ទី១៖ លើកកម្ពស់ស្មារតីរួបរួមគ្នា និង ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ទាំងទ្វេភាគី និងពហុភាគី ដើម្បីលើកស្ទួយសុខុមាលកុមារ និង កិច្ចការពារកុមារ, ជាពិសេសពង្រឹងយន្តការសម្របសម្រួលក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់ សំដៅចែករំលែកទិន្នន័យ និង ព័ត៌មានសំខាន់ៗ ដើម្បីចាត់វិធានការទាន់ពេល និង តឹងរ៉ឹងដាច់ខាត ចំពោះសកម្មភាពហិង្សាគ្រប់ទម្រង់លើកុមារ។

ទី២៖ ជំរុញការប្តេជ្ញាចិត្តជាសាកល តាមរយៈការកៀរគរធនធាន ទាំងហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ ដើម្បីគាំទ្រ និងធានាចីរភាពនៃចលនាបញ្ចប់អំពើហិង្សាលើកុមារ ទាំងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ក៏ដូចជាតំបន់ដទៃទៀត។

ទី៣៖ ពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចគោលដៅនានា របស់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេស ចំណុចដៅ ១៦.២៖ ការបញ្ចប់រាល់ទម្រង់ទាំងអស់នៃអំពើហិង្សាលើកុមារនៅត្រឹមឆ្នាំ២០៣០។

នៅក្នុងសុន្ទរកថានេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចនូវកិច្ចប្រឹងប្រែងមួយចំនួនរបស់កម្ពុជា ក្នុងការលុបបំបាត់អំពើហិង្សាលើកុមារផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់រាល់សកម្មភាពហិង្សាលើកុមារ និង លើកកម្ពស់កិច្ចការពារកុមារ។ ជាក់ស្តែងកម្ពុជាបានរៀបចំ និងដាក់ឱ្យអនុវត្តនូវគោលនយោបាយ និង ផែនការជាបន្តបន្ទាប់ ដូចជា ផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ ២០១៧-២០២១, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០១៦-២០២៥ និងគោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ ២០១៩-២០២៩ ជាដើម ដើម្បីឈានទៅសម្រេចឱ្យបាននូវការបញ្ចប់អំពើហិង្សាលើកុមារ។ បន្ថែមលើនេះ នៅឆ្នាំ២០១៩ កម្ពុជាបានក្លាយជាប្រទេសសមាជិក នៃភាពជាដៃគូសាកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ដោយផ្ដល់អាទិភាពលើការពង្រឹងការអនុវត្តគោលនយោបាយថែទាំជំនួសចំពោះកុមារ តាមរយៈការលើកកម្ពស់ការថែទាំតាមគ្រួសារ ជំនួសឱ្យការថែទាំនៅកន្លែងថែទាំកុមារជាដើម។

សម្តេចតេជោ បានលើកឡើងទៀតថា នៅឆ្នាំ២០២១ ផ្អែកតាមការវាយតម្លៃលើ ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០១៧-២០២១, ប្រទេសកម្ពុជា បាននិងកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការទប់ស្កាត់នឹងអំពើហិង្សាលើកុមារ។ ជាទិសដៅទៅមុខ កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មក្នុងការធានាថាកុមារមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ដូចជា នៅផ្ទះ សាលារៀន និងក្នុងសហគមន៍។ជាងនេះទៅទៀត រាជរដ្ឋាភិបាលប្តេជ្ញាយ៉ាងមុតមាំចំពោះការធានាឱ្យបានថាកុមារទាំងអស់នឹងរស់នៅក្នុងបរិយាកាសមួយប្រកប ដោយភាពអំណោយផលដល់ការលូតលាស់ ព្រមទាំងទទួលបានការចិញ្ចឹមបីបាច់ និង កិច្ចការពារនានា សំដៅបញ្ចប់ឱ្យបានអំពើហិង្សាលើកុមារក្នុងគ្រប់ទម្រង់ និង សម្រេចឱ្យបាននូវការប្ដេជ្ញារបស់កម្ពុជា ក្នុងក្របខណ្ឌតំបន់ និង សកល តាមរយៈការអនុវត្តនូវផែនការ និងគោលនយោបាយជាតិនានា ដែលបានដាក់ចេញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ការឈានទៅបញ្ចប់អំពើហិង្សាលើកុមារ ក៏តម្រូវឱ្យមានកិច្ចសហការជាសាកល ជាពិសេសក្នុងបរិបទនៃការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបន្ទច់បង្អាក់នូវវឌ្ឍនភាពនៃ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ទាក់ទងទៅនឹងការបញ្ចប់អំពើហិង្សាលើកុមារ៕

website_news/2022170601.txt · Last modified: 2022/06/17 10:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki