website_news:2022170602

ពលករខ្មែរជួបទុក្ខលំបាកខ្លាំងក្រោយពីភ្លើងឆេះរោងចក្រនៅប្រទេសថៃ

https://www.rfa.org/khmer/ ដោយ សន ចាន់រដ្ឋា2022.06.15

ពលករខ្មែរជាច្រើននាក់ធ្វើការនៅខេត្តរៈយ៉ង(Rak Yorng)ប្រទេសថៃ ជួបទុកលំបាកក្នុងជីវភាពប្រចាំថ្ងៃ គ្មានការងារធ្វើ និងគ្មានប្រាក់ចំណាយនោះទេ បន្ទាប់ពីឆេះរោងចក្រគ្រឿងសង្ហារិមនៅប្រទេសថៃ បណ្ដាលឱ្យពលករមួយចំនួនត្រូវភ្លើងឆេះលិខិតឆ្លងដែនខូចអស់។ ពលករខ្មែរច្រើននាក់ត្អូញត្អែរពីទុកលំបាក ក្រោយភ្លើងបានឆាបឆេះរោងចក្រពួកគាត់ធ្វើការ ដែលមានពលករខ្មែរធ្វើការប្រមាណ ៥០០នាក់ ។ រោងចក្រផលិតគ្រឿងសង្ហារិមដែលភ្លើងឆេះនេះ ស្ថិតនៅ ខេត្តរៈយ៉ង(Rak Yorng) ។ ពលករខ្លះខូចខាត សម្ភារៈមួយចំនួន និងខ្លះត្រូវ ផ្អាកការងារជាបណ្ដោះអាសន្ន ក្នុងនោះក៏មានពលករខ្មែរចំនួន១០ នាក់ ត្រូវបានភ្លើងឆេះលិខិតឆ្លងដែន ឬប៉ាស្ព័រ(Passport)។

ពលករខ្មែរធ្វើការរោងចក្រនៅខេត្តរៈយ៉ង លោក ព្រួន កុសល ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣មិថុនា ថា លោក ព្រួយបារម្ភពីជីវភាពខ្វះខាតក្នុងពេលស្នាក់នៅក្នុងប្រទេសថៃ ព្រោះបើការដោះស្រាយមានរយៈពេលយូរ ធ្វើឱ្យពួកគេមិនអាចចេញទៅរកការងារធ្វើនៅកន្លែងផ្សេងបាន ព្រោះគ្មានប្រាក់ធ្វើដំណើរ និងពិបាកក្នុងការប្ដូរថៅកែ៖ «បាទដូចថា អ្នកខ្លះគ្នាទើបមកធ្វើការបាន មួយវិ ពីវិអ៊ីចឹង មួយខែ ២ខែជាងអ៊ីចឹង គ្នាអត់ដែរបងអើយ ព្រោះអីគ្នាចងការលុយគេមក ហ្នឹងហើយគ្នាមានរឿងអ៊ីចឹងទៀតគ្នាកាន់តែលំបាក ។ លំបាកខ្លាំងហ្មងអ្នកខ្លះ ណាមួយការហូបចុកផង ណាមួយបង់លុយអង្គការគេនៅផ្ទះផង»។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្ថានកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ ដើម្បីសុំការអធិប្បាយជុំវិញរឿងនេះបានទេ ថ្ងៃទី១៣ មិថុនានេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ប៉ុន្តែ ទំព័រហ្វេសប៊ុក របស់ស្ថានកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ បានបង្ហោះរូបភាព ស្តីពីអនុព័ន្ធការងារតំណាងស្ថានទូត បានសហការជាមួយមូលនិធិលើកកម្ពស់សិទ្ធិ និងគុណភាពជីវិតពលករ (LPN) និងអង្គការសង់ត្រាល់ បានចុះសួរសុខទុក្ខពលករកម្ពុជាជាង ៤០០នាក់ ក្នុងករណីផ្ទុះសេខ្សែភ្លើង បណ្តាលឱ្យភ្លើងឆេះនៅរោងចក្រ ខូចខាតទាំងស្រុង។

ជុំវិញរឿងនេះ មន្ត្រីគម្រោងនៃអង្គការសង់ត្រាល់ ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន លើកឡើងថា ពលករពិតជាមានការត្អូញត្អែរពីទុក្ខលំបាករបស់ពួកគាត់ ។ លោកអះអាងថា ពលករ ព្រួយបារម្ភថា ក្រោយបញ្ហានេះកើតឡើង មិនដឹងទៅធ្វើការនៅទីណានោះទេ ព្រោះថា កន្លែងធ្វើការកន្លងមកនេះ គឺបើកប្រាក់ខែទៀតទាត់ មានថ្ងៃសម្រាកត្រឹមត្រូវ និងគោរពសិទ្ធិពលករបានល្អ ហើយម្យ៉ាងបើសិនជាទៅធ្វើការកន្លែងផ្សេង គឺត្រូវធ្វើឯកសារជាច្រើន៖ «ពលករមួយចំនួនគាត់ស្នើសុំ អោយខាងអង្គការ ខាងស្ថាប័នរដ្ឋ ខាងស្ថានទូតហ្នឹង ជួយដោះស្រាយពួកគាត់ ដើម្បីកុំឱ្យទុកពួកគាត់យូរអ៊ីចឹងណា ។ ព្រោះអីកាលណាទុកយូរវាអត់មានលុយសម្រាប់ចំណាយប្រចាំថ្ងៃផង ហើយនឹងការចំណាយប្រចាំថ្ងៃវាច្រើន ដូចជាថ្លៃបន្ទប់ថ្លៃអី និងថ្លៃហូបចុកក៏ច្រើនដែរ អ៊ីចឹងហើយបន្ទាប់ពីការវែកញែកអឺ…ស្នើសុំពីពលករខ្មែរមានចំនួនច្រើន ហើយខាងរោងចក្រក៏គេសុំពេលនៅថ្ងៃទី១៥ គេនិងប្រាប់ចម្លើយ ថាតើគួរយកពួកគាត់ទៅធ្វើការនៅសាខាផ្សេង ឬក៏ឱ្យពួកគាត់ធ្វើការនៅកន្លែងបណ្ដោះអាសន្នសិន»។ លោក លឹង សុផុន បន្តថា រោងចក្រនេះ មានពលករខ្មែរ ៦៥ភាគរយ ហើយមានចំនួនពលការិនី ច្រើនជាងពលករជាបុរស ហើយត្រូវបានអគ្គីភ័យឆាបឆេះថ្ងៃទី៥ មិថុនា ដោយផ្ទុះខ្សែភ្លើងឆេះ។ លោកបន្ថែមថា តំណាងស្ថានទូតកម្ពុជានៅថៃ កំពុងតែបន្តនីតិវិធីការងារជាមួយតំណាងរោងចក្រ ដើម្បីសម្រួលដល់ពលកររងគ្រោះ៕

website_news/2022170602.txt · Last modified: 2022/06/17 10:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki