website_news:2022170803

បទយកការណ៍៖ការប្រយុទ្ធនឹងការជួញដូរមនុស្សនៅកម្ពុជាត្រូវការកិច្ចសហប្រតិបត្តិពីបណ្តាប្រទេសពាក់ព័ន្ធ

https://www.khmertimeskh.com/ តាំង រីនិត្យ និង យឹម ស្រីលីន August 15, 2022

ការជួញដូរមនុស្ស ដែលកំណត់ថាជាការប្រើប្រាស់កម្លាំងបាយ ការក្លែងបន្លំ ឬការបង្ខិតបង្ខំ ដើម្បីទទួលបានការងារប្រភេទណាមួយ ឬសកម្មភាពផ្លូវភេទបែបពាណិជ្ជកម្ម មិនមែនជាបញ្ហាថ្មីសម្រាប់ប្រទេសកម្ពុជាទេ។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហានេះហាក់ដូចជាឈានដល់កម្រិតកំពូលនាពេលថ្មីៗនេះ បន្ទាប់ពីកម្ពុជាត្រូវបានអន្តរជាតិរិះគន់ចំពោះសមត្ថភាពរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងទម្រង់ឧក្រិដ្ឋកម្មនេះ។

កាលពីខែកក្កដា ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានទម្លាក់ចំណាត់ថ្នាក់របស់កម្ពុជាពីលំដាប់ទី ២ មកកម្រិតទី ៣ នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០២២ របស់ខ្លួន ដែលមានន័យថា កម្ពុជាបានធ្លាក់ទៅក្នុងបញ្ជីខ្មៅ ដែលប្រឈមនឹងការទទួលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក បើទោះបីជារដ្ឋបាលតែងតែលើកលែងការដាក់ទណ្ឌកម្មចំពោះប្រទេសជាមិត្តដែលសន្យាថានឹងមានការកែលម្អក៏ដោយ។ អ្នកសរសេររបាយការណ៍បាននិយាយថា រដ្ឋាភិបាលកម្ពុជាបានបរាជ័យក្នុងការផ្តល់សេវាការពារគ្រប់គ្រាន់សម្រាប់ជនរងគ្រោះក្នុងប្រទេស ឬក្រៅប្រទេស ហើយពឹងផ្អែកខ្លាំងលើម្ចាស់ជំនួយបរទេស និងអង្គការក្រៅរដ្ឋាភិបាលក្នុងការផ្តល់ការគាំទ្រដែលមានតម្រូវការច្រើន។ របាយការណ៍នេះថ្លែងថា៖ «កម្ពុជាមិនទាន់បំពេញបានពេញលេញនូវស្តង់ដារអប្បបរមាសម្រាប់ការលុបបំបាត់ការជួញដូរ ហើយមិនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើដូច្នេះទេ សូម្បីតែមានផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ-១៩ លើសមត្ថភាពប្រឆាំងការជួញដូររបស់ខ្លួន ដូច្នេះហើយ កម្ពុជាត្រូវបានទម្លាក់ចំណាត់ថ្នាក់ទៅចំណាត់ថ្នាក់ទី ៣»។ ការទម្លាក់ចំណាទបានបង្កជាភាពចម្រូងចម្រាស់ ខណៈដែលមន្ត្រីពាក់ព័ន្ធកម្ពុជាបាននិងកំពុងសម្តែងការខកចិត្តចំពោះរបាយការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិក អំពីស្ថានភាពជួញដូរមនុស្សនៅក្នុងប្រទេស ដោយអះអាងថារបាយការណ៍នេះបានវាយតម្លៃតិចតួចដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ ជាមួយគ្នានេះដែរ អង្គការសិទ្ធិមនុស្សក្នុងស្រុក ភាគច្រើនគាំទ្រការវាយតម្លៃ ដោយហៅវាថាជាការឆ្លុះបញ្ចាំងអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា។ ការវាយតម្លៃរបស់ស្ថានទូតអាមេរិកបានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ជាច្រើនខែ នៃករណីជនបរទេសត្រូវបានបោកប្រាស់ដោយក្រុមប្រតិបត្តិករខុសច្បាប់នៅក្នុងប្រទេសដែលភាគច្រើនបានកើតឡើងនៅក្នុងក្រុងព្រះសីហនុដែលជាមជ្ឈមណ្ឌលវិនិយោគរបស់ចិននៅកម្ពុជា។

កាសែតខ្មែរថាមស៍ ដែលបានស៊ើបអង្កេតយ៉ាងទូលំទូលាយទៅលើករណីទាំងនោះ និងរាយការណ៍អំពីប្រតិបត្តិការជួយសង្គ្រោះ បានរកឃើញថា ដំណើរការប្រតិបត្តិការនេះពាក់ព័ន្ធនឹងអ្នកបោកប្រាស់ដែលផ្តល់ឲ្យជនរងគ្រោះដែលរហូតមកដល់ពេលនេះរួមមានជនជាតិចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងវៀតណាមថ្មីៗនេះ នូវប្រាក់ខែខ្ពស់ និងអត្ថប្រយោជន៍ការងារជាច្រើនក្នុងការអូសទាញពួកគេចូលប្រទេសកម្ពុជា។ នៅពេលដែលជនរងគ្រោះមកដល់ ពួកគេត្រូវបានក្រុមឪក្រិដ្ឋជនចាប់បង្ខាំង និងបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការខុសច្បាប់ដោយរងការគំរាមកំហែង ខណៈដែលអ្នកខ្លះដែលត្រូវបានជួយសង្គ្រោះបាននិយាយថា ពួកគេត្រូវបានគេគេបំពានលើរាងកាយ។

កាលពីខែមីនាកន្លង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសថា ក្រសួងរបស់លោកប្តេជ្ញាបញ្ចប់ឧក្រិដ្ឋកម្មទាំងអស់ រួមទាំងការបោកប្រាស់គ្រប់ប្រភេទនៅខេត្តព្រះសីហនុ ដែល «កំពុងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា»នៅមុនការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា។ ទោះបីជាយ៉ាងណាក៏ដោយ ករណីនៅតែត្រូវបានរាយការណ៍ថា កំពុងតែបន្តកើតមាន។ ទាំងនេះបង្ហាញថា ទម្រង់ថ្មីនៃទាសភាពសម័យទំនើប ដែលពឹងផ្អែកលើអុីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ប្រតិបត្តិការ ឥឡូវនេះកំពុងគ្របដណ្តប់លើការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលរហូតមកដល់ពេលនេះហាក់ដូចជាបានប្រែក្លាយពីប្រទេសនាំចេញទៅជាប្រទេសគោលដៅសម្រាប់ឧក្រិដ្ឋកម្ម។ ហើយដោយសារបទល្មើសបែបនេះមានជាប់ពាក់ព័ន្ធនឹងប្រទេសជាច្រើន ក្រុមមន្រ្តីរបស់កម្ពុជាដែលទទួលបន្ទុកលើប្រធានបទនេះបានលើកឡើង កម្ពុជាមិនគួរទទួលខុសត្រូវតែម្នាក់ឯងក្នុងការប្រយុទ្ធនឹងវានោះទេ។

តម្រូវការនៃសហប្រតិបត្តិការលក្ខណៈអន្តរជាតិ ទោះបីជារងការរិះគន់យ៉ាងខ្លាំងក៏ដោយ ក៏ស្ថិតិបានបង្ហាញថា ប្រទេសកម្ពុជាបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ យោងតាមក្រសួងមហាផ្ទៃ ប្រទេសកម្ពុជាបានបង្ក្រាបការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ដោយបានដោះស្រាយចំនួន ៣៥៩ ករណីក្នុងឆ្នាំ ២០២១ ដែលកើនឡើងគួរឱ្យកត់សម្គាល់ពីចំនួន ១៥៥ ករណីក្នុងឆ្នាំ ២០២០។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សបាននិយាយថា៖ «ឆ្នាំ២០២១ គឺជាឆ្នាំដែលយើងបានកត់ត្រាចំនួនការបង្ក្រាបករណីជួញដូរមនុស្សខ្ពស់បំផុត»។ លោកស្រីបន្ថែមថា៖ «ទោះជាយ៉ាងនេះក្តី ឆ្នាំនេះគឺជាឆ្នាំដ៏អាក្រក់បំផុតសម្រាប់ប្រទេសកម្ពុជា ទាក់ទងនឹងការជួញដូរមនុស្ស ដែលជាការឈឺចាប់សម្រាប់ប្រទេសកម្ពុជា ដោយសារថាយើងបានខិតខំយ៉ាងខ្លាំងដើម្បីប្រយុទ្ធនឹងវា»។ បន្ថែមពីលើនេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ដោយមិនគិតពីសហរដ្ឋអាមេរិក កម្ពុជានឹងប្រើប្រាស់ចំណាត់ថ្នាក់នេះជាមូលដ្ឋានសម្រាប់បន្តការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ លោកបានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ការជួញដូរកម្លាំងពលកម្ម និងពាណិជ្ជកម្មផ្លូវភេទ ជាពិសេសកុមារ និងស្ត្រីកម្ពុជា ក៏ដូចជាជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា»។ ប៉ុន្តែ ដោយពិចារណាលើភាពធ្ងន់ធ្ងរនៃទម្រង់ថ្មីនៃទាសភាពសម័យទំនើបនៅក្នុងកម្ពុជា ក្រុមមន្ត្រីកម្ពុជាបានលើកឡើងថា វាហាក់បីដូចជាមិនត្រឹមត្រូវនោះឡើយសម្រាប់កម្ពុជាក្នុងការដោះស្រាយវាតែម្នាក់ឯងនោះទេ។

លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា ខណៈពេលដែលរបាយការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិក ស្តីពីការជួញដូរមនុស្សធ្វើឱ្យខូចកេរ្តិ៍ឈ្មោះកម្ពុជា វាក៏ជាការអាម៉ាស់ផងដែរសម្រាប់ប្រទេសដែលពលរដ្ឋត្រូវបានជួញដូរចូលមកក្នុង កម្ពុជា។ លោកស្រីបាននិយាយថា៖ «ប្រទេសទាំងអស់គួរតែចូលរួម។ សម្រាប់ប្រទេសកម្ពុជា យើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ប៉ុន្តែគ្រប់គ្នាដឹងថាឧក្រិដ្ឋជននឹងមិនមកប្រាប់យើងដោយផ្ទាល់អំពីប្រតិបត្តិការរបស់ពួកគេនោះទេ»។ លោកស្រីបន្តថា៖ «ឧក្រិដ្ឋកម្មកំពុងកើតឡើង ហើយយើងបង្ក្រាបពួកវានៅពេលយើងដឹងពីពួកវា ប៉ុន្តែជនល្មើសតែងតែមានមធ្យោបាយ និងរកវិធីថ្មីដើម្បីគេចពីយើង»។ទោះជាយ៉ាងណាក៏ដោយ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងក្នុងតំបន់នាពេលបច្ចុប្បន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅកម្ពុជា ហាក់នៅមានកម្រិតខ្លាំង។ ជាឧទាហរណ៍ កាសែត បាងកកប៉ុស្តិ៍កាលពីដើមខែនេះ បានរាយការណ៍ថា ជនជាតិថៃចំនួន ៩៤ នាក់ ដែលបានសហការ ឬធ្វើការជាមួយក្រុមអ្នកបោកប្រាស់នៅទីក្រុងភ្នំពេញ ត្រូវបានអាជ្ញាធរកម្ពុជានិរទេសត្រឡប់ទៅប្រទេសថៃវិញ ដើម្បីប្រឈមមុខនឹងយុត្តិធម៌។ ទោះជាយ៉ាងណា មន្ត្រីពាក់ព័ន្ធមួយចំនួន រួមទាំងប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ដែលត្រូវបានទាក់ទងសុំការអត្ថាធិប្បាយដោយកាសែត ខ្មែរថាមស៍ បានលើកឡើងថា មិនបានដឹងពីរឿងនេះនោះឡើយ។

នៅពេលត្រូវសួរថា តើក្របខណ្ឌជាក់លាក់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សមានដែរឬទេនោះ លោកស្រី ជូ ប៊ុនអេង បានថ្លែងថាវានៅតែស្ថិតក្នុង «ការអភិវឌ្ឍ» ប៉ុន្តែនឹងបង្កើតលទ្ធផលឆាប់ៗ។ លោកស្រីបានបន្តថា៖ «ទន្ទឹមនឹងនេះ យើងបាននិងកំពុងធ្វើការបង្ក្រាបរាល់ករណីដែលយើងបានកំណត់ដោយការធ្វើការជាមួយមន្ត្រីនៃប្រទេសពាក់ព័ន្ធ។ ប្រទេសមួយ ចំនួន ដូចជាប្រទេសឥណ្ឌូនេស៊ី បានសម្តែងអំណរគុណចំពោះពួកយើងចំពោះការជួយសង្គ្រោះពលរដ្ឋរបស់ពួកគេ»។ យ៉ាងណាក៏ដោយ លោកស្រី ជូ ប៊ុនអេង អះអាងថា ខណៈជាមួយគ្នានេះ មានប្រទេសមួយចំនួន ដែលលោកស្រីបដិសេធមិនបញ្ចេញឈ្មោះ «ដើម្បីការពារភាពតានតឹងផ្នែកនយោបាយ» បានដាក់ទំនួលខុសត្រូវស្ទើរតែទាំងស្រុងមកលើកម្ពុជាចំពោះពលរដ្ឋរបស់ខ្លួន ដែលបានរងគ្រោះដោយសារការជួញដូរដែលប្រព្រឹត្តដោយឧក្រិដ្ឋជននៅកម្ពុជា។ លោកស្រីបាននិយាយថា៖« យើងបានទទួលស្គាល់ថាមានចន្លោះប្រហោងមួយចំនួននៅក្នុងប្រតិបត្តិការរបស់យើង ប៉ុន្តែការចោទប្រកាន់មួយចំនួនដោយប្រទេសទាំងនោះគឺគ្មានមូលដ្ឋានទេ ឧទាហរណ៍ដោយពឹងផ្អែកលើចំនួនពលរដ្ឋរបស់ពួកគេដែលមិនអាចត្រឡប់ទៅប្រទេសរបស់ពួកគេវិញ»។ ជាមួយគ្នានោះដែរ ក៏មានឧទាហរណ៍ដែលជនបរទេសមួយចំនួនដែលក្លែងខ្លួនជាជនរងគ្រោះដោយគ្រាន់តែដើម្បីប្រយោជន៍ខ្លួនផ្ទាល់ខ្លួន។

បុរសជនជាតិចិនម្នាក់បាននិយាយថា គាត់ជាជនរងគ្រោះនៃការបោកប្រាស់ការងារ ហើយត្រូវបានល្បួងឱ្យចូលមកកម្ពុជា ហើយត្រូវបានគេបង្ខំបូមឈាមពីគាត់ម្តងហើយម្តងទៀត អស់រយៈពេលប្រាំមួយខែ ដែលជាការកុហកមួយដែល គាត់ និងជនរួមជាតិរបស់គាត់ប៉ុន្មាននាក់បានបង្កើត ដើម្បីគេចពីការចោទប្រកាន់ពីអន្តោប្រវេសន៍ខុសច្បាប់។ ពេលនេះគាត់ និងជនផ្សំគំនិតកំពុងប្រឈមនឹងការចោទប្រកាន់នៅតុលាការ។ ឧទាហរណ៍មួយទៀតគឺ ស្ត្រីជនជាតិថៃអាយុ ២៥ ឆ្នាំម្នាក់ដែលកាលពីថ្ងៃទី ៩ ខែមីនាបានរាយការណ៍ទៅប៉ូលីសថៃថា នាងត្រូវបានទាក់ទាញឱ្យមកខេត្តព្រះសីហនុឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលហៅទូរស័ព្ទខុសច្បាប់ដោយក្រុមជនជាតិចិនដែលបានបូមឈាមរបស់នាងជាច្រើនដង ព្រមទាំងចង់វះយកគ្រឿងក្នុងនាងថែមទៀតផង។ ជាមួយនឹងសាច់រឿងដែលពោរពេញដោយការគួរឱ្យសង្រ័យ ក្រោយមកនាងបានសារភាពប្រាប់ប៉ូលីសថា នាងបានប្រឌិតរឿងនេះ ហើយត្រូវបានតុលាការខេត្តស្រះកែវ កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយខែ ។

លោកស្រី ជូ ប៊ុនអេង បាននិយាយថា៖«ខ្ញុំសង្ឃឹមថាប្រទេសនានានឹងធ្វើការបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការជាមួយយើងក្នុងការដោះស្រាយបញ្ហាជាជាងការផ្តោតលើការផ្សព្វផ្សាយព័ត៌មាន។ ការផ្សព្វផ្សាយព័ត៌មានដល់ពិភពលោកទាំងមូល ដែលវាយប្រហារប្រទេសកម្ពុជាដែលកំពុងខិតខំធ្វើការបង្ក្រាបគឹមិនមានផលប្រយោជន៍នោះទេ»។ យ៉ាងណាក៏ដោយ ប្រទេសមួយចំនួនបានបង្ហាញកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនិងការជួញដូរមនុស្ស។

ជាឧទាហរណ៍ ម៉ាឡេស៊ីបានប្តេជ្ញាបន្តការប្រយុទ្ធប្រឆាំងនឹងទាសភាពសម័យទំនើបជារួម ដើម្បីឲ្យជនរងគ្រោះអាចទទួលបានការការពារ នេះបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកHamzah Zainudin ក្នុងខែមករាឆ្នាំនេះ។ លោក Zainudin បានប្រាប់ Free Malaysia Today ថា ការជួញដូរមនុស្ស និងពលកម្មដោយបង្ខំ គឺជាបញ្ហាឆ្លងព្រំដែន ដែលកើតឡើងនៅក្នុងប្រទេសជាច្រើន មិនថាប្រទេសអភិវឌ្ឍន៍ ឬកំពុងអភិវឌ្ឍនោះទេ។ លោកបានថ្លែងថា៖ «ដូច្នេះហើយបានជាខ្ញុំមកជាមួយមន្ត្រីជាន់ខ្ពស់ដើម្បីដោះស្រាយបញ្ហាផ្លូវច្បាប់ហើយក្នុងពេលជាមួយគ្នាដើម្បីប្រាប់សមភាគីរបស់យើងអំពីអ្វីដែលយើងកំពុងធ្វើ»។ ជាមួយគ្នានេះ លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានជំរុញឱ្យប្រជាជនម៉ាឡេស៊ីមានការសង្ស័យ នៅពេលដែលពួកគេឃើញការផ្សាយពាណិជ្ជកម្មជ្រើសរើសការងារដែលសន្យាថានឹងទទួលបានប្រាក់កម្រៃខ្ពស់និងអត្ថប្រយោជន៍មិនគួរឱ្យជឿនៅក្រៅប្រទេស។ ឯកអគ្គរដ្ឋទូត Eldeen បានប្រាប់ Bernama ដែលជាទីភ្នាក់ងារព័ត៌មានរដ្ឋាភិបាលម៉ាឡេស៊ី អាជ្ញាធរបានរកឃើញជនជាតិម៉ាឡេស៊ីជាច្រើននាក់ជាប់គាំងក្នុងកម្ពុជា បន្ទាប់ពីត្រូវបានបោកប្រាស់ដោយក្រុមប្រតិបត្តិការខុសច្បាប់។ លោកបានថ្លែងថា៖ «យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ដើម្បីអាចជួយពួកគេឲ្យត្រឡប់មកផ្ទះវិញ។ ទោះជាយ៉ាងនេះក្តី ដំណើរការក្នុងការរកដោះស្រាយសំណុំរឿងខុសគ្នា និងត្រូវការពេលវេលា»៕

website_news/2022170803.txt · Last modified: 2022/08/17 11:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki