website_news:2022170806

ក្រុងតៃប៉ិប៉ាន់ស្មានថាមានជនរងគ្រោះពីការជួញដូរមនុស្សចន្លោះពី២,០០០ទៅ៥,០០០នាក់នៅកម្ពុជា

https://www.khmertimeskh.com/ Khmer Times August 16, 2022

នគរបាលតៃប៉ិបាននិយាយថា ចំនួនជនរងគ្រោះដែលបានបាត់ខ្លួន និងត្រូវបានជួញដូរច្រើននាក់ សង្ស័យថានៅកម្ពុជា បន្ទាប់ពីការស៊ើបអង្កេតផ្អែកលើកំណត់ត្រាជើងហោះហើររបស់ទីភ្នាក់ងារនគរបាលជាតិ (NPA) ដែលបានរកឃើញជនជាតិតៃវ៉ាន់ប្រហែល ១,០០០នាក់ ដែលបានធ្វើដំណើរមកកម្ពុជារៀងរាល់ខែ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែជាមធ្យមមានប្រហែលជា១០០នាក់ប៉ុណ្ណោះដែលត្រឡប់ទៅផ្ទះវិញ។ ទីក្រុងតៃប៉ិបានប៉ាន់ប្រមាណថា ជនរងគ្រោះពីការជួញដូរមានចន្លោះពី ២,០០០ ទៅ ៥,០០០នាក់ស្ថិតនៅកប្រទេសកម្ពុជា ប្រឆាំងនឹងឆន្ទៈរបស់ពួកគេ ប៉ុន្តែបានបន្ថែមថាចំនួនអាចខ្ពស់ជាង ឬទាបជាងនេះ ដោយសារតែមានចំណុចមិនច្បាស់លាស់នៅក្នុងទិន្នន័យ។

អ្នកនាំពាក្យខុទ្ទកាល័យលោក Lo Ping-cheng បានប្រាប់អ្នកសារព័ត៌មានថា ក្រុមការងារអន្តរក្រសួងមួយត្រូវបានបង្កើតឡើងដោយនាយកប្រតិបត្តិ Yuan ដើម្បីដោះស្រាយបញ្ហានេះ ខណៈដែលលោក Wallace Chow ប្រធាននាយកដ្ឋានកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ក្រសួងការបរទេសបាននិយាយថា ក្រសួងរបស់លោកបានទទួល របាយការណ៍នៃករណីស្រដៀងគ្នានេះចាប់តាំងពីខែមិថុនាឆ្នាំមុន។ លោក Chow បាននិយាយថា ចំនួនអ្នកធ្វើដំណើរជនជាតិតៃវ៉ាន់មកកម្ពុជាចាប់ពីខែមករាឆ្នាំនេះ មានចំនួនលើសពី ៦,៤០០នាក់ ដោយចំនួននេះខ្ពស់ខុសប្រក្រតី។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែសីហា ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សបាននិយាយថា រដ្ឋាភិបាលកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ហើយឧក្រិដ្ឋជនកំពុងទាញយកផលប្រយោជន៍ពីការខ្វះចន្លោះប្រហោងដើម្បីរត់ពន្ធមនុស្សសម្រាប់បំរើប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិត។ “មនុស្សរាប់រយនាក់ត្រូវបានជួយសង្គ្រោះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីពួកគេត្រូវបានបង្ខំឱ្យធ្វើការរយៈពេល១២ម៉ោងក្នុងមួយថ្ងៃ” លោកស្រីបានបន្តថា៖ «អ្វីដែលយើងបានឃើញគឺថា ទោះបីជាយើងបានធ្វើអ្វីៗជាច្រើនក៏ដោយ ក៏នៅមានចន្លោះប្រហោងដែលធ្វើអោយបញ្ហានេះបន្តកើតឡើង»។ “ជនល្មើសមិននៅមួយកន្លែងទេ ហើយពួកគេតែងតែរង់ចាំមើលឱកាសណាមួយដែលពួកគេអាចធ្វើសកម្មភាព ដូច្នេះយើងត្រូវតែតាមប្រម៉ាញ់ពួកវា”។ លោកស្រីបានបន្តថា រដ្ឋាភិបាលមានការភ្ញាក់ផ្អើល ហើយបានបញ្ជាក់ម្តងទៀតនូវការអះអាងថា ការទម្លាក់ចំណាត់ថ្នាក់របស់ខ្លួនទៅ Tier-3 ដែលជាចំណាត់ថ្នាក់ទាបបំផុត ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក “… គឺជាភាពអយុត្តិធម៌” ហើយ “នេះធ្វើឱ្យយើងខកចិត្តព្រោះ វាមិនស័ក្តិសមនឹងការព្យាយាមរបស់យើងទេ»។ លោកស្រី ប៊ុនអេង បានបន្ថែមថា “ខ្ញុំសូមជម្រាបជូនថា មិនមែនគ្រប់ករណីទាំងអស់សុទ្ធតែជាការជួញដូរមនុស្សនោះទេ ហើយយើងបានធ្វើការបង្រ្កាបលើករណីជាច្រើនដោយមានកិច្ចសហការពីប្រទេសពាក់ព័ន្ធ។ លោកស្រីក៏បានស្នើឲ្យអ្នកសារព័ត៌មាន ធ្វើការសហការបន្ថែមទៀត ក្នុងការជួយអាជ្ញាធរក្នុងការដោះស្រាយបញ្ហានេះ។

តាមរយៈការស៊ើបអង្កេតរបស់ខ្មែរថាមស៍លើប្រតិបត្តិការនៃក្រុមបោកប្រាស់នេះ បានរកឃើញថា ជនឆបោកបានល្បួងជនរងគ្រោះ ដោយផ្តល់ការងារដែលមានប្រាក់ខែល្អ ដោយជនរងគ្រោះទាំងនោះមិនបានសិក្សា ឬដឹងពីហានិភ័យនោះទេ។ ប្រទេសថៃ និងឥណ្ឌូណេស៊ី ហើយឥឡូវនេះតៃប៉ិបានក៏បានចាប់ផ្តើមដោះស្រាយបញ្ហាឆបោកនេះ និងបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាព និងរួមគ្នាក្នុងការកំណត់អត្តសញ្ញាណ និងបង្ក្រាបអ្នកឆបោក នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយ ប៉ុន្តែមិនអាចការពារក្មេងជំទង់ និងយុវជនពីការធ្លាក់ចូលអន្ទាក់ក្រុមទាំងនេះ ដោយត្រូវបានលក់ជាទាសករការងារពីមួយកន្លែងទៅមួយកន្លែង។ ប្រទេសម៉ាឡេស៊ី ក៏បានបញ្ជាក់ផងដែរថា ខ្លួនបានប្តេជ្ញាចិត្តតាមចាប់ក្រុមឆបោក ដែលក្រុមនេះត្រូវចំណាយប្រាក់ចន្លោះពី ២,០០០ ទៅ ៤,០០០ ដុល្លារសម្រាប់ការទទួលបានជនរងគ្រោះម្នាក់។ “ជាធម្មតាជនរងគ្រោះត្រូវបានផ្តល់សេវាលំដាប់ផ្កាយប្រាំសម្រាប់រយៈពេលពីរបីថ្ងៃនៅពេលដែលពួកគេមកដល់ប្រទេសកម្ពុជាមុនពេលជីវិតរបស់ពួកគេធ្លាក់ចូលឋាននរក។ ប្រភពនគរបាលដែលជិតស្និទ្ធនឹងកិច្ចការងារនេះ បានប្រាប់កាសែតថា នេះគឺជាការឆបោករបស់ក្រុមបោកប្រាស់ ដើម្បីបញ្ចុះបញ្ចូលជនរងគ្រោះអោយធ្លាក់ទៅក្នុងអន្ទាក់របស់ពួកគេ៕ UCA, Taipei Times/Khmer Times

website_news/2022170806.txt · Last modified: 2022/08/17 11:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki