website_news:2022171001

គិតត្រឹមដើមខែនេះ ខេត្តព្រះសីហនុ ទទួលពាក្យបណ្ដឹងទាក់ទិនការជួញដូរមនុស្សជិត ៤០០ ករណី

https://www.kampucheathmey.com/local-news/395603 ថ្ងៃសុក្រ ១៤ តុលា ២០២២ដោយ Inn Pisey

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លើកឡើងថា គិតត្រឹមដើមខែតុលា ឆ្នាំ ២០២២ នេះ ខេត្តព្រះសីហនុ បានទទួលពាក្យបណ្ដឹងទាក់ទងនឹងការជួញដូរមនុស្សប្រមាណជិត ៤០០ ករណី។ ក្នុងនោះបណ្ដឹងនៅក្នុងខេត្តមានជាង ១៣០ ករណី និងបណ្ដឹងតាមរយៈផេកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រមាណជាង ២៥០ ករណី។

នៅជំនួបពិភាក្សាការងារជាមួយលោក ម៉ាក ថេយ៍លឺរ៍ ប្រធានអង្គការវីនរ៉ក់អន្តរជាតិ កាលពីរសៀលថ្ងៃទី ១៣ តុលា លោកអភិបាលខេត្ត បន្តថា ចំណោមបណ្ដឹងជិត ៤០០ ករណី ក្នុងនោះចាប់ពីខែមករា រហូតដល់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ និងអយ្យការអមសាលាដំបូងខេត្ត និងមន្ទីរពាក់ព័ន្ធ ចុះប្រតិបត្តិការបានចំនួន ១៣៥ ករណី ក្នុងនោះរកឃើញអ្នកប្តឹង ៦០៦ នាក់ ស្រី ១០០ នាក់។ ក្នុងប្រតិបត្តិការចុះស្រាវជ្រាវរកឃើញពិរុទ្ធជន ២០ ករណី មានដូចជា បង្ខាំង ជួញដូរពលកម្ម ធ្វើការលើសម៉ោង ដែលទាក់ទងសេរីភាពការងារ និងចោទប្រកាន់អ្នកពាក់ព័ន្ធចំនួន ៩៥ នាក់ និងបន្តការស្រាវជ្រាវតាមនីតិវិធី។ លោកអភិបាលខេត្ត បន្តទៀតថា ចាប់ពីថ្ងៃទី ១៨ ខែសីហា រហូតមកដល់ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២ បណ្ដឹងចូលតាមរយៈផេកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានចំនួន ២៥៣ ករណី លើ ៦២ ទីតាំង។ ក្នុងនោះរាជរដ្ឋាភិបាល បញ្ជូនក្រុមការងារចុះប្រតិបត្តិការ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបអំពើជួញដូរមនុស្សបានចំនួន ២៤៩ បណ្ដឹង ៣ បណ្តឹងនៅខេត្តក្រៅ និងមួយបណ្ដឹងរកមិនឃើញ។ លោកអភិបាលខេត្ត បន្ថែមថា ជាមួយគ្នានេះដែរបានរកឃើញអ្នកប្តឹង ១២២ ករណី មានមនុស្ស ២៣៦ នាក់ ក្នុងនោះ ១៤ ករណី មានពិរុទ្ធជន និងបានឃាត់ខ្លួនជនសង្ស័យ ៦៧ នាក់ ទាក់ទងមានដូចជា បង្ខាំងមនុស្ស ៥ ករណី ជួញដូរមនុស្ស ៥ ករណី អាជីវកម្មផ្លូវភេទ ២ ករណី បើកល្បែងខុសច្បាប់ ១ ករណី ប្រើប្រាស់អាវុធខុសច្បាប់ ១ ករណី ឃាត់ខ្លួនជនសង្ស័យ ៧ នាក់ ជនបរទេសម្នាក់។

លោកអភិបាលខេត្ត បញ្ជាក់ថា ក្នុងយុទ្ធនាការរយៈពេល ៤៥ ថ្ងៃ ត្រូវបានបិទបញ្ចប់ កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២ កន្លងមកនេះ ហើយមកដល់បច្ចុប្បន្នមិនមានបណ្ដឹងថ្មីនោះទេ។ លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ដោយសារពួកឧក្រិដ្ឋជនប្រើប្រាស់ពលកម្មឆ្លាតវៃ និងប្រព័ន្ធព័ត៌មានវិទ្យាឆ្លាតវៃ ទើបធ្វើឲ្យយើងពិបាកក្នុងការស្វែងរកភស្តុតាងចោទប្រកាន់ ហើយទន្ទឹមនោះ យើងចង់បានអ្នកដែលមានបច្ចេកវិទ្យាក្នុងការគ្រប់គ្រងបទល្មើស នៃអំពើជួញដូរមនុស្សខុសច្បាប់ និងអ្នកមានបច្ចេកវិទ្យាផងដែរ ដើម្បីគ្រប់គ្រង និងបង្ក្រាបសកម្មភាពជួញដូរមនុស្សនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុបានទាន់ពេលវេលា។

លោក ម៉ាក ថេយ៍លឺរ៍ ប្រធានអង្គការវីនរ៉ក់អន្តរជាតិនៅកម្ពុជា បានមានប្រសាសន៍ថា ការងារជួញដូរមនុស្សមិនមាននៅតែកម្ពុជានោះទេ ហើយការងារនេះវាមានការស្មុគស្មាញក្នុងតំបន់។ តាមបទពិសោធន៍របស់អង្គការរបស់លោក នៅតំបន់អាស៊ានមានបទល្មើស នៃអំពើជួញដូរមនុស្សដែលបានបង្កើតឡើងតាមបណ្ដាញ នៃប្រទេសផ្សេងៗទៀត។ លោក ម៉ាក ថេយ៍លឺរ៍ បានបន្តថា អង្គការចង់ស្វែងយល់បន្ថែមទៀត និងជាការចែករំលែកបទពិសោធន៍ នៃអំពើជួញដូរមនុស្ស ដែលវាបានកើតឡើងក្នុងសម័យកូវីដ ដែលពួកឧក្រិដ្ឋជនបង្កើតបទល្មើស ពិសេសតាមរយៈបទល្មើសបច្ចេកវិទ្យា តាមរយៈប្រព័ន្ធអនឡាញ ព្រោះបទល្មើសមើលទៅហាក់បីដូចជាធម្មតា តាមការពិតវាមានទំនាក់ទំនងតាមបណ្ដាញសង្គម ហើយអ្វីដែលថ្មី គឺការបង្ខាំង ចាប់ជំរិតតាមការចាត់តាំង និងការជួញដូរមនុស្ស ហើយករណីនេះ វាបានកើតឡើងនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ានផងដែរនាពេលបច្ចុប្បន្ន៕ អត្ថបទ ៖ សំអឿន

website_news/2022171001.txt · Last modified: 2022/10/17 09:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki