website_news:2022171004

អូស្ត្រាលីបានត្រៀមខ្លួនផ្ដល់ការគាំទ្រដល់កម្ពុជា ទៅលើកិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

https://www.postkhmer.com/national/2022-10-14-1321-242275.html ភ្នំពេញ ប៉ុស្តិ៍ | Publication date 14 October 2022 | 13:21 ICT

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានប្រាប់លោក ស ខេងថា អូស្ត្រាលីបានត្រៀមខ្លួនផ្ដល់ការគាំទ្រដល់កម្ពុជាទៅលើកិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខណៈនគរបាលសហព័ន្ធអូស្ត្រាលី ក៏បាននិងកំពុងដំណើរការវគ្គបណ្ដុះបណ្ដាលមួយចំនួន ជូនដល់កងកម្លាំងនគរបាលកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ បទល្មើសបច្ចេកវិទ្យា និងការធ្វើកោសល្យវិច័យឌីជីថល។ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៣ តុលា។ លោក ស ខេង បានថ្លែងអំណរគុណចំពោះអូស្ត្រាលី ដែលតែងបានជួយគាំទ្រដល់កម្ពុជាតាមគ្រប់លទ្ធភាព ជាពិសេសការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅកម្ពុជា។ ក្រៅពីនេះ ក៏មានកិច្ចសហការដែលភាគីអូស្ត្រាលីបានជួយគាំទ្រលើវិស័យសំខាន់ៗ ជាច្រើនទៀតដល់កម្ពុជាផងដែរ។ លោក ស ខេង បានមានប្រសាសន៍បន្តថា ក្រសួងមហាផ្ទៃ និងភាគីអូស្ត្រាលី ក៏មានកិច្ចសហការទៅលើការងារសន្តិសុខផងដែរ ដែលភាគីទាំង ២ ក៏មានក្របខ័ណ្ឌជាអនុស្សរណៈក្នុងកិច្ចសហប្រតិបត្តិការលើកិច្ចការសំខាន់ៗ មួយចំនួនដូចជា៖ ការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដើម។ លោក ស ខេង ក៏បានចូលរួមអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ក្រោមក្របខ័ណ្ឌ នៃអនុស្សរណៈដែលបានចុះហត្ថលេខាជាមួយគ្នានេះ ហើយលោកក៏សង្ឃឹមជឿជាក់ថា លទ្ធផលដ៏ល្អប្រសើរតាមរយៈការអនុវត្តអនុស្សរណៈនេះ នឹងរួមចំណែកធ្វើឱ្យកម្ពុជាទទួលបានសុខសុវត្ថិភាព ពិសេសបម្រើដល់ការប្រារព្ធព្រឹត្តិការណ៍សំខាន់ៗនានានៅពេលខាងមុខដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ជាការឆ្លើយតប លោក Pablo Kang បានថ្លែងអំណរគុណ និងគាំទ្រការវាយតម្លៃរបស់លោក ស ខេង ទៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ កន្លងមក ជាក់ស្ដែងអូស្ត្រាលីពិតជាបានចូលរួមផ្ដល់កិច្ចសហការដែលមិនត្រឹមតែជាមួយក្រសួងមហាផ្ទៃប៉ុណ្ណោះទេ តែក៏ជាមួយក្រសួងស្ថាប័នដទៃទៀត ដែលមានកិច្ចសហការល្អជាមួយភាគីអូស្ត្រាលីដែរ។ លោកឯកអគ្គរដ្ឋទូត ក៏យកឱកាសនេះជម្រាបជូន លោក ស ខេង អំពីថ្នាក់ដឹកនាំ និងគណៈប្រតិភូអូស្ត្រាលី ដែលគ្រោងនឹងចូលរួមក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ខាងមុខនេះផងដែរ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំង ២ វិញ លោកឯកអគ្គរដ្ឋទូត បានបង្ហាញការកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃក្នុងការបង្កើននូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដោយលោក Pablo Kang ក៏បានជម្រាបជូនដែរថា អូស្ត្រាលីត្រៀមខ្លួនផ្ដល់ការគាំទ្រដល់កម្ពុជាទៅលើកិច្ចការងារនេះ។

លោកបន្តថា ជាក់ស្ដែងក្នុងរយៈពេលកន្លងមក នគរបាលសហព័ន្ធអូស្ត្រាលី ក៏បានចូលរួមចំណែកក្នុងការងារពាក់ព័ន្ធនឹងក្របខ័ណ្ឌ MOU ដែលភាគីទាំង ២ មានជាមួយគ្នា ដោយបានផ្ដល់នូវវគ្គបណ្ដុះបណ្ដាលលើការលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលកម្ពុជា ព្រមទាំងបានផ្ដល់នូវសម្ភារឧបករណ៍បច្ចេកទេសក្នុងការបង្កើនសមត្ថភាពការងារធ្វើកោសល្យវិច័យឯកសារ ធ្វើដំណើររបស់ជនបរទេសសម្រាប់បម្រើដល់ការងារអន្តោប្រវេសន៍ផងដែរ។ លោក Pablo Kang បន្តថា នគរបាលសហព័ន្ធអូស្ត្រាលី ក៏បាននិងកំពុងដំណើរការវគ្គបណ្ដុះបណ្ដាលមួយចំនួនទៀត ជូនដល់កងកម្លាំងនគរបាលកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំង ការសម្អាតប្រាក់ បទល្មើសបច្ចេកវិទ្យា ការធ្វើកោសល្យវិច័យឌីជីថល ដែលកិច្ចការទាំងនេះ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា នឹងរួមចំណែកជួយគាំទ្រដល់កម្ពុជាក្នុងការបង្កើនសមត្ថភាព ក៏ដូចជាធ្វើយ៉ាងណាចូលរួមគាំទ្រដល់កម្ពុជាឱ្យចេញពីបញ្ជីប្រផេះនៃការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ផងដែរ។

ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកឯកអគ្គរដ្ឋទូតបានជម្រាបជូនលោក ស ខេង ថា បញ្ហានេះ ជាបញ្ហាសកល និងជាបញ្ហាតំបន់ មិនមែនជាបញ្ហាសម្រាប់តែកម្ពុជានោះទេ ដូច្នេះលោកក៏សង្ឃឹមថា នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ដើម្បីរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញនេះ។

ជាការឆ្លើយតប លោក ស ខេង ក៏បានថ្លែងអំណរគុណលោកឯកអគ្គរដ្ឋទូត ដែលបានវាយតម្លៃជាវិជ្ជមាន ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងថ្លែងអំណរគុណដល់អូស្ត្រាលីដែលបានជួយគាំទ្រដល់ការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពរបស់កងកម្លាំងអនុវត្តច្បាប់របស់កម្ពុជា។

លោក ស ខេងក៏បានឯកភាព និងបញ្ជាក់ជូនលោកឯកអគ្គរដ្ឋទូតផងដែរថា ជាការពិត ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាកិច្ចការដែលទាមទារឱ្យមានការសហការជិតស្និទ្ធជាមួយបណ្ដាប្រទេសពាក់ព័ន្ធ ទាំងក្នុងតំបន់ និងសកលលោក។លោកឧបនាយករដ្ឋមន្ត្រីបន្តថា ដោយផ្អែកលើបទពិសោធកន្លងមក ប្រទេសសាម៉ីដែលមានពលរដ្ឋរងគ្រោះក៏មានកាតព្វកិច្ចក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបក្រុមឧក្រិដ្ឋជនក្នុងប្រទេសខ្លួនដែរ ធ្វើយ៉ាងណាទប់ស្កាត់ប្រភពនាំ ឬជួញដូរមនុស្សឆ្លងដែននេះ ខណៈកម្ពុជានឹងបន្តខិតខំស្រាវជ្រាវ បង្ការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋជន ដែលប្រព្រឹត្តអំពើនេះនៅកម្ពុជា។ ជាមួយគ្នានេះ លោក ស ខេង ក៏បានបង្ហាញក្ដីរីករាយ និងស្វាគមន៍ចំពោះការជួយគាំទ្រពីសំណាក់ភាគីអូស្ត្រាលីមកលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។ ក្រៅពីការងារនេះ បញ្ហាគ្រឿងញៀនក៏ជាបញ្ហាមួយដ៏ស្មុគស្មាញដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ផងដែរ។ លោកបន្ថែមថា ជាក់ស្ដែងចុងក្រោយនេះមានកំណើននៃការបង្ក្រាប និងរឹបអូសបាននូវសារធាតុផ្សំជាគ្រឿងញៀន និងគ្រឿងញៀនជាច្រើន។ លោក ស ខេង សង្ឃឹមថា ភាគីអូស្ត្រាលីក្រោមក្របខ័ណ្ឌនៃ MOU ដែលមានស្រាប់ នឹងបន្តជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការផ្ដល់កិច្ចសហការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនដែលមាននិន្នាការកើនឡើងនេះ។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានសម្ដែងការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងមហាផ្ទៃ ទាំងលើការងារប្រតិបត្តិការ ក៏ដូចជាកិច្ចសហប្រតិបត្តិការ លើការងារបណ្ដុះបណ្ដាលលើកកម្ពស់ សមត្ថភាពកងកម្លាំងអនុវត្តច្បាប់។ លោកក៏បានសម្តែងក្តីរីករាយក្នុងការបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការងារដ៏មានសារៈសំខាន់ទាំងនេះ ឱ្យកាន់តែរីកចម្រើនថែមទៀត៕

website_news/2022171004.txt · Last modified: 2022/10/17 09:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki