website_news:2022180104

ស្កេនកាតចាក់វាក់សាំងពលករត្រឡប់ពីថៃជាច្រើននាក់ គ្មានន្នន័យ

https://www.kampucheathmey.com/ ថ្ងៃចន្ទ ១៧ មករា ២០២២ដោយ Dy Bunnara

ពលករខ្មែរចំនួន ៤៤ នាក់ក្នុងចំណោមពលករចំនួន ២៣០ នាក់ដែលត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់កម្ពុជាវិញតាមច្រកទ្វារតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតា សែន ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានសមត្តកិច្ចរកឃើញថាកាតចាក់វ៉ាក់សាំងរបស់ពួកគេពេលស្កេនទៅមិនមានទិន្នន័យអ្វីទាំងអស់។

លោកវរសេនីយ៍ឯក សួន ស៊ីរ៉ា នាយការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះ ថាថ្ងៃនេះ មានពលករចំនួន ២៣០ នាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនចាប់បញ្ជូនមកតាមច្រកទ្វារតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។លោកបានបន្តទៀតថា បន្ទាប់ពីបានធ្វើការអប់រំណែនាំបន្ថែមអំពីវិធានការការពារការឆ្លងជំងឺកូវី១៩ រួចមក ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានយកសំណាកធ្វើតេសរហ័សលើពលករទាំង ២៣០ នាក់ជាលទ្ធផលគឺអវិជ្ជមានកូវីដ១៩ ទាំងអស់។ តែក្នុងនោះមានពលករចំនួន ៤៤ នាក់រកឃើញថាមិនបានចាក់វ៉ាក់សាំងពេញលេញ និងកាតចាក់វ៉ាក់សាំងរបស់ពួកគេមានបញ្ហា នៅពេលដែលស្កេនរកមើលទិន្នន័យគឺមិនមានទិន្នន័យនោះទេ ហើយត្រូវបានបញ្ជូនសមត្តកិច្ចបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ ៩ ស្រុកសំពៅលូន។ ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំងពេញលេញត្រឹមត្រូវចំនួន១៨៦នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យវិលត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួនវិញ។

គួរបញ្ជាក់ថា មានពលករខ្មែរធ្វើការនៅប្រទេសថៃ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកស្រុកកំណើតវិញតាមច្រកព្រំដែនក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបងជារៀងរាល់ថ្ងៃ គ្រាន់តែថ្ងៃខ្លះមានចំនួនតិច និងថ្ងៃខ្លះមានចំនួនច្រើនប៉ុណ្ណោះ។ អាជ្ញាធរស្រុក និងសមត្ថកិច្ចនៅតាមបណ្តោយព្រំដែននៃខេត្តបាត់ដំបង ក៏បានខិតខំធ្វើការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសការហូរចូលមេរោគបំប្លែងថ្មីអូមីក្រុង ដោយបានធ្វើការរឹតបន្តឹងដល់ការហូរចូលរបស់ពលករមកពីប្រទេសថៃលើការយកសំណាកធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ ពីពលករទាំងអស់មិនឱ្យមានការធ្វេសប្រហែសឡើយ៕ អត្ថបទ៖ណារី

website_news/2022180104.txt · Last modified: 2022/01/18 09:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki