website_news:2022180201

ពលករ MOU ខ្មែរ ទៅធ្វើការនៅថៃ ៤០០ នាក់ អវិជ្ជមានកូវីដទាំងអស់

https://www.kampucheathmey.com/ ថ្ងៃពុធ ១៦ កុម្ភៈ ២០២២ដោយ Sorn Phanith

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឱ្យដឹងនៅរសៀលថ្ងៃទី ១៦កុម្ភៈនេះថា ពលករ MOU ៤០០ នាក់បញ្ជូនទៅធ្វើការនៅប្រទេសថៃ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ មានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ទាំងអស់។ ប៉ុន្តែត្រូវធ្វើចត្តាឡីស័ក ៧ ថ្ងៃទៀតមុនចេញទៅធ្វើការនៅតាមរោងចក្រ។លោកបានបន្តថាពលករទាំងនោះ បានបញ្ជូនតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតទល់នឹងខេត្តស្រះកែវ ហើយពេលទៅដល់ទឹកដីថៃ បានធ្វើតេស្តលើកទី ១ រួចហើយដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ហើយកំពុងធ្វើចត្តាឡីស័ក ៧ ថ្ងៃ នៅបន្ទប់ដ៏ស្អាតដោយមានការផ្គត់ផ្គង់អាហារ ៣ ពេលដោយឥតគិតថ្លៃ ហើយនៅថ្ងៃទី ៧ ត្រូវធ្វើតេស្តម្តងទៀត បើលទ្ធផលនៅអវិជ្ជមានទៀតទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែម្តង។ លោកបានបន្ថែមថា ការទទួលបានលទ្ធផលតេស្តអវិជ្ជមាននេះ បានធ្វើឱ្យភាគីថៃមានទំនុកចិត្តខ្ពស់មកលើពលករខ្មែរយើង ព្រោះពួកគេបានចាក់វ៉ាក់សាំងបានគ្រប់ដូសរហូតដល់ដូសជំរុញ ឬដូសទី ៣ និងដូសទី ៤ ដែលធ្វើឱ្យកម្រិតហានិភ័យនៃការឆ្លងមានកម្រិតទាបបំផុត។ លោកបានបន្តទៀតថា ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃ ត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ១៩ រយៈពេល ៧២ ម៉ោង តាមម៉ាស៊ីនPCR ឬតេស្តរហ័ស ដែលធ្វើដោយគ្រូពេទ្យជំនាញ ដើម្បីបញ្ជាក់វិញ្ញាបនបត្រថា មិនមានឆ្លងជំងឺកូវីដ១៩។

ពេលទៅដល់ព្រំដែនពលករ ត្រូវធ្វើតេស្តហើយបើលទ្ធផលតេស្តអវិជ្ជមាន ត្រូវបន្តធ្វើចត្តាឡ័ស័ករយៈពេល ៧ ថ្ងៃ និងថ្ងៃទី ៧ ត្រូវធ្វើតេស្តម្តងទៀត បើលទ្ធផលនៅតែអវិជ្ជមានទៀត ទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែម្តង។ លោកបានឱ្យដឹងទៀតថា ក្នុងករណីមានវិជ្ជមានកូវីដ១៩ ត្រូវបញ្ជូនទៅកន្លែងព្យាបាលហើយរាល់ការចំណាយទៅលើរព្យាបាលជាបន្ទុករបស់និយោជកថៃទាំងស្រុង។ លោក អន ប៊ុនហាក់ បានបញ្ជាក់ថា ពលករចំនួន ៤០០ នាក់ ទៅធ្វើការនៅប្រទេសថៃ គឺធ្វើការនៅរោងចក្រស៊ីភី ជារោងចក្រចំណីអារហារធ្វើសាច់មាន់ សាច់ជ្រូក ដោយពួកគេម្នាក់ៗទទួលបានប្រាក់ខែចាប់ពី ៥០០ ទៅ ៧០០ ដុល្លារក្នុង ១ ខែ។ ចំណែកពលករ ២២០ នាក់ ដែលបានបញ្ជូនទៅកាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២២ បានចេញទៅធ្វើការរោងចក្រសាច់មាន់ PANU SPOULTRY GROUP CO., LTD. នៅខេត្តឈុនបុរីរួចរាល់ហើយដែរ៕ អត្ថបទ៖ សំអឿន

website_news/2022180201.txt · Last modified: 2022/02/21 10:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki