website_news:2022180203

ក្នុងមួយថ្ងៃៗ មានពលករខ្មែរត្រឡប់មកពីថៃ ចន្លោះពី ២០០ ទៅ ៣០០នាក់ តាមច្រកព្រំដែនខេត្តប៉ៃលិន

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ១៧ កុម្ភៈ ២០២២ដោយ sopheak khoun

ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែន នៅក្នុងខេត្តប៉ៃលិន មានចំនួនចន្លោះពី ២០០ ទៅ ៣០០ នាក់ ក្នុងមួយថ្ងៃៗ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរខេត្តប៉ៃលិន។

លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តប៉ៃលិន” នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះថា នាពេលបច្ចុប្បន្ននេះ មានប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនខេត្តប៉ៃលិន ចំនួនចន្លោះពី ២០០ ទៅ ៣០០នាក់ ក្នុងមួយថ្ងៃៗ។ លោកថា អាជ្ញាធរ និងមន្ត្រីសុខាភិបាល ប្រចាំនៅច្រកទ្វារព្រំដែន បានត្រួតពិនិត្យ និងធ្វើតេស្ដយ៉ាងដិតដល់ចំពោះពលករ ដែលត្រឡប់មកពីប្រទេសថៃនេះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩។ អភិបាលរងខេត្តប៉ៃលិន បានបន្ថែមថា «ចឹងអ្នកដែលត្រឡប់មកវិញ យើងបែងចែកគាត់ច្បាស់ អ្នកដែលមានកាតចាក់វ៉ាក់សាំង យើងមើលទៅយើងធ្វើតេស្ដរ៉ាពីត អ្នកមានកាតចាក់វ៉ាក់សាំងហើយ គាត់អត់មានបញ្ហាទេ គាត់ត្រឡប់ទៅមូលដ្ឋានគាត់ ដោយឡែកអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង ហើយយើងធ្វើតេស្ដអីទៅ បើគាត់មានវិជ្ជមាន បញ្ជូនទៅមជ្ឈមណ្ឌល ចត្តាឡីស័កព្យាបាល បើគាត់អត់មានទេទៅកន្លែងចត្តាឡីស័កធម្មតា រយៈពេលពីរអាទិត្យ»។ លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន បានឲ្យដឹងទៀតថា ចំពោះមណ្ឌលចត្តាឡីស័ក នៅក្នុងខេត្តប៉ៃលិន នៅសល់តែពីរប៉ុណ្ណោះ ហើយចំពោះអ្នកដែលកំពុងធ្វើចត្តាឡីស័ក គឺសល់ប្រមាណ ២០០នាក់៕ អត្ថបទ៖ ឃួន សុភ័ក្រ

website_news/2022180203.txt · Last modified: 2022/02/21 10:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki