website_news:2022180206

ពលករខ្មែរប្រុស-ស្រី និងកូនៗ ១៧៥ នាក់ត្រឡប់មកពីថៃក្នុងនោះ ៤៨ នាក់ បញ្ជូនទៅធ្វើចត្តាឡីស័ក

https://www.postkhmer.com/ គឹម សារុំ | Publication date 17 February 2022 | 10:11 ICT

បាត់ដំបងៈ ពលករខ្មែរប្រុស-ស្រី រួមទាំងក្មេងៗជាកូនពលករចំនួន ១៧៥ នាក់ បានវិលត្រឡប់មកពីប្រទេសថៃវិញ នៅថ្ងៃទី ១៦ ខែកុម្ភៈ តាមច្រកតំបន់អូរអន្លក់ក្នុងឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងនោះមនុស្ស ៤៨ នាក់ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ដោយសារតែពួកគេខ្លះទើបតែចាក់វ៉ាក់សាំងបានម្តង និងមួយចំនួនមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរ ៨១៩ ប្រចាំការនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃក្នុងស្រុកកំរៀង ខេត្តបាត់ដំបងបានឱ្យដឹងថា នៅថ្ងៃទី ១៦ កុម្ភៈ កម្លាំងសមត្ថកិច្ចរបស់លោកបានទទួលពលករប្រុស-ស្រី និងក្មេងៗជាកូនពលករចំនួន ១៧៥ នាក់ (ស្រី ៦៩ នាក់) ក្នុងនោះ មានក្មេងៗចំនួន ២៩ នាក់ (ក្មេងស្រី ១២ នាក់)។ ចំពោះអ្នកដែលត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅស្រុកសំពៅលូនមានចំនួន ៤៨ នាក់ ( ស្រី ១៨ នាក់បូកក្មេង ៧ នាក់)។ ការបញ្ជូនទៅធ្វើចត្តាឡីស័កនេះ ដោយសារតែពួកគេនៅមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅឡើយ។ លោកបញ្ជាក់ថា៖ «បើតាមខ្ញុំសួរ ពលករប្រាប់ថា ពួកគាត់ត្រឡប់មកស្រុកកំណើតវិញដោយសារពួកគាត់ទៅប្រទេសថៃយូរឆ្នាំដែរ ម្យ៉ាងគាត់អស់ការងារធ្វើ។ ករណីនេះគ្រូពេទ្យ និងសមត្ថកិច្ចខ្ញុំ តែងតែអប់រំដល់ពលករដែលមកវិញឱ្យយល់ដឹងពីជំងឺកូវីដ មុននឹងអនុញ្ញាតឱ្យគាត់ត្រឡប់ទៅលំនៅឋានវិញ»។

លោក ហាត ឡៃឡែ ស្នងការរងខេត្តបាត់ដំបងទទួលផែនការងារនគរបាលព្រំដែន ឱ្យដឹងនៅថ្ងៃទី ១៦ កុម្ភៈ ថា រយៈពេលដើមខែក្នុងឆ្នាំនេះ ពលករខ្មែរត្រឡប់មកពីប្រទេសថៃមានចំនួនខ្ទង់ពាន់នាក់។ បើតាមរបាយការណ៍ពីកម្លាំងនគរបាលប៉ុស្តិ៍ច្រកអូរអន្លក់ក្នុងឃុំតាសែន ស្រុកកំរៀង និងនៅច្រកពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ពលករទាំងនោះភាគច្រើនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដរួចរាល់ហើយ។ មូលហេតុដែលពួកគេត្រឡប់មកពីប្រទេសថៃវិញនេះ ដោយពួកគេលើកឡើងថា នៅតំបន់ដែលពួកគេរស់នៅនោះអស់ការងារធ្វើ ហើយម្យ៉ាងទៀតពួកគេចង់មកលេងស្រុកកំណើតផង។ បើតាមលោកស្នងការរងពលករទៅប្រទេសថៃភាគច្រើនស៊ីឈ្នួលធ្វើចម្ការ ឬបេះផ្លែឈើឱ្យគេ។ ពាក់ព័ន្ធនឹងចំនួនពលករដែលវិលត្រឡប់មកពីប្រទេសថៃប្រចាំខែវិញ គឺលោកមិនបានសរុបរបាយការណ៍ពីចំនួនតួលេខនេះទេ។ លោកថ្លែងថា៖ «ពលករឥឡូវក៏អត់ការងារធ្វើដែរ វាមានអ្នកដែលទើបនឹងទៅថ្មី និងអ្នកទៅយូរឆ្នាំ។ បើអ្នកដែលអត់បានចាក់វ៉ាក់សាំងទេ យើងនឹងយកគាត់ទៅធ្វើចត្តាឡីស័ក។ តែបើអ្នកដែលបានចាក់វ៉ាក់សាំងហើយ បើធ្វើតេស្តទៅមិនឃើញមានកូវីដទេ យើងឱ្យគាត់ទៅផ្ទះបាន»។

ទោះយ៉ាងណា លោកស្រី រស់ ជីវី ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តបាត់ដំបងប្រាប់នៅថ្ងៃទី ១៦ ខែកុម្ភៈ ថា លោកស្រីពុំមានចំនួនពិតប្រាកដទេ ចំពោះពលករដែលត្រឡប់មកពីប្រទេសថៃ។ ប៉ុន្តែបើគិតពីដើមខែមករា ឆ្នាំ ២០២២ ដល់ពេលនេះ គឺពលករមានចំនួនក្បែរពាន់នាក់ហើយ។ លោកស្រីបានថ្លែងថា៖ «ពលករទាំងនោះភាគច្រើនចាក់វ៉ាក់សាំងរួចហើយ។ តែចំពោះសកម្មភាពមេខ្យល់លួចនាំពលករ ឆ្លងដែនទៅប្រទេសថៃវិញ គឺពុំឃើញមានទេ»៕

website_news/2022180206.txt · Last modified: 2022/02/21 10:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki