website_news:2022180301

ពលករខ្មែររាប់ពាន់នាក់ សម្រុកវិលត្រឡប់ពីថៃមកកម្ពុជាវិញតាមខេត្តឧត្តរមានជ័យ

https://www.postkhmer.com/ ឡាយ សាមាន | Publication date 16 March 2022 | 11:10 ICT

ឧត្តរមានជ័យៈ ពលករខ្មែររាប់ពាន់នាក់បានសម្រុកវិលមកពីថៃ ដោយគ្រាន់តែចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២២ មានពលករខ្មែរត្រឡប់មកពីថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិខេត្តឧត្តរមានជ័យមានជិត ៥ ពាន់នាក់ក្នុងនោះវិជ្ជមានកូវីដ-១៩ប្រមាណ ៣០០ នាក់។

ជាទូទៅក្នុងមួយថ្ងៃៗមានពលករវិលត្រឡប់មកពីថៃតាមច្រកព្រំដែនក្នុងខេត្តនេះមានចន្លោះពី ២០០ ទៅ ៥០០ នាក់។ នេះបើតាមរបាយការណ៍បូកសរុបប្រចាំថ្ងៃរបស់ខេត្តឧត្តរមានជ័យ។ ក្នុងរបាយការណ៍ស្តីពីចំនួនពលករសំណាកស្រុក មកពីប្រទេសថៃ តាមច្រកព្រំដែនខេត្តឧត្តរមានជ័យ ដោយគិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២២ មានពលករវិលចូលស្រុកវិញចំនួន ៤ ៧៥០ នាក់ក្នុងនោះ រកឃើញអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ២៧៨ នាក់។ របាយការណ៍ដដែលបន្តថា ក្នុង ១ ថ្ងៃពលករដែលវិលចូលស្រុកមិនតិចក្រោម ២០០ នាក់នោះទេ ពោលគឺចន្លោះពីជាង ២០០ ទៅ ៥០០ នាក់។ បើតាមរបាយការណ៍នៅថ្ងៃទី ១ ខែមីនា មានពលករបានវិលត្រឡប់មកវិញចំនួន ៤៩២ នាក់ ថ្ងៃទី ២ ចំនួន ២៨៩ នាក់ ថ្ងៃទី ៣ ចំនួន ៤៨១ នាក់ ថ្ងៃទី ៤ មានចំនួន ២៣៦ នាក់ ថ្ងៃទី ៥ ចំនួន ៣០៤ នាក់ ថ្ងៃទី ៦ ចំនួន ៥៤៤ នាក់ ថ្ងៃទី ៧ ចំនួន ៥១២ នាក់ថ្ងៃទី ៨ ចំនួន ៣៥៣ នាក់ ថ្ងៃទី ៩ ចំនួន ៣២៣ នាក់ ថ្ងៃទី ១០ ចំនួន ៣១៤ នាក់ ថ្ងៃទី ១១ ចំនួន ៣៥៣ នាក់ ថ្ងៃទី ១២ ចំនួន ២៦២ នាក់ និងថ្ងៃទី ១៣ មីនាមានចំនួន ២៨៧ នាក់។ អុ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ លោក ផល លឹម បានប្រាប់ភ្នំពេញប៉ុស្តិ៍បន្ថែមថា ក្នុងចំណោមពលករដែលវិលចូលស្រុកវិញនេះ មានអ្នកខ្លះមកចាក់វ៉ាក់សាំងដូសជំរុញ និងមួយចំនួនទៀតដោយសារអត់មានការងារធ្វើនៅប្រទេសថៃ។ លោកថា៖ «ក្នុងខែមីនានេះ ពលករវិលចូលស្រុកច្រើនក្នុងមួយថ្ងៃមានចាប់ពី ២០០ នាក់ ៣០០ នាក់ថ្ងៃខ្លះជាង ៥០០ នាក់ ភាគច្រើនជាអ្នកចាក់ដូសជំរុញ អ្នកខ្លះចាក់ដូសជំរុញទី ២ ទី ៣ ហើយខ្លះទៀតអត់ការងារគេបញ្ជូនមកវិញ»។ លោកបន្តថា ក្នុងចំណោមពលករដែលត្រឡប់មកវិញត្រូវបានកម្លាំងអាជ្ញាធរបញ្ជូនបន្តទៅតាមបណ្តាខេត្តរបស់ពួកគេ ក្នុងករណីអវិជ្ជមានកូវីដ ១៩ ដោយមិនអនុញ្ញាតឱ្យត្រឡប់ទៅថៃវិញនោះទេ ស្របពេលដែលរដ្ឋាភិបាលទាំង ២ មិនទាន់សម្រេចបើកច្រកទ្វារព្រំដែនឡើងវិញ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Central) លោក មឿន តុលា មើលឃើញមូលហេតុចំនួន ៣ ដែលពលករនៅបន្តវិលចូលស្រុកវិញ ដោយមិនរាប់បញ្ចូលរឿងការចាក់វ៉ាក់សាំងកូវីដ ១៩។លោកថ្លែងថា មូលហេតុទី ១ ដោយសារពលករចប់អាណត្តិការងារ ហើយមិនអាចបន្តការងារថ្មីនៅថៃបាន។ ទី ២ ក្រុមហ៊ុនដែលពលករខ្មែរកំពុងធ្វើការនោះ ត្រូវបានរំសាយ ឬបញ្ឈប់បុគ្គលិក ដោយសារនៅប្រទេសថៃ ផ្ទុះកូវីដខ្លាំង។ ចំពោះមូលហេតុទី ៣ ផ្តោតសំខាន់ទៅលើពលករខ្មែរមួយចំនួនទៅធ្វើការនៅថៃមិនមានឯកសារត្រឹមត្រូវ ហើយទទួលរងនូវការធ្វើទុក្ខបុកម្នេញ ឬមានការតាមចាប់ពីតម្រួតថៃ ទើបគាត់សម្រេចចិត្តត្រឡប់មកវិញ។

អនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) លោកស្រី ជូ ប៊ុនអេង ធ្លាប់បានថ្លែងថា ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ ១៩ រហូតដល់ចុងឆ្នាំ ២០២១ មានពលករខ្មែរត្រឡប់មកពីក្រៅប្រទេសចូលស្រុកវិញជាង ២៦ ម៉ឺននាក់ ក្នុងនោះភាគច្រើនត្រឡប់មកពីប្រទេសថៃ។ លោកស្រីថ្លែងថា ក្នុងអំឡុងពេលជំងឺកូវីដ ១៩ បានចាប់ផ្តើមរាតត្បាតដល់បណ្តាប្រទេសក្នុងតំបន់បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ប្រព័ន្ធសេដ្ឋកិច្ច និងការងារពលករដែលតាមបណ្តារោងចក្រ សហគ្រាស និងកសិដ្ឋាន ត្រូវបានបិទស្ទើរទាំងស្រុង ធ្វើឱ្យពលករបាត់បង់ការងារ និងប្រាក់ចំណូល ជាពិសេសពលករគ្មានជំនាញ និងចំណូលទាប។ លោកស្រីថា៖ «នាគ្រានោះដែរប្រទេសថៃបានប្រកាសបិទព្រំដែន ក្នុងអំឡុងខែមីនាឆ្នាំ ២០២០ ហើយបានជំរុញឱ្យពលករកម្ពុជា វិលត្រឡប់មកពីប្រទេសថៃវិញ យ៉ាងគគ្រឹកគគ្រេងតាមបណ្តោយបន្ទាត់ព្រំដែន»៕

website_news/2022180301.txt · Last modified: 2022/03/18 08:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki