website_news:2022180401

"រដ្ឋាភិបាលខកខានមិនបានការពារស្ត្រី និងក្មេងស្រីពីការបៀតបៀនពេលបុណ្យចូលឆ្នាំថ្មី"

https://www.rfa.org/khmer/ ដោយ ឡេង ម៉ាលី 2022.04.15

សង្គមស៊ីវិល និងពលរដ្ឋមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន ខកខានមិនបានការពារស្ត្រី និងក្មេងស្រីពីការបៀតបៀន ដូចជា ការចាប់ថើប និងបន្លំប៉ះពាល់រាងកាយជាដើម ខណៈនិន្នាការបែបនេះតែងតែកើតឡើងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ។ ពួកគេស្នើដល់រដ្ឋាភិបាលឱ្យគិតគូបញ្ហានេះឡើងវិញ ដើម្បីលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ។ អង្គការសង្គមស៊ីវិល និងពលរដ្ឋចាត់ទុកអំពីបៀតបៀនលើស្ត្រីដែលកំពុងផ្ទុះឡើងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរថា បានប៉ះពាល់ដល់តម្លៃស្ត្រី និងទំនៀមទំលាប់ប្រពៃណីខ្មែរ ជាពិសេសជាទង្វើផ្ទុយពីច្បាប់។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា ថ្លែងថា ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ បុគ្គលខិលខូចមួយចំនួនឆ្លៀតឱកាសប្រព្រឹត្តអំពើអសីលធម៌លើស្ត្រី និងក្មេងស្រី ដែលនាំឱ្យប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពួកគាត់ ជាពិសេសករណីជាការរំលោភបំពានសិទ្ធិ និងច្បាប់។ លោកបន្តបញ្ហាទាំងនេះកើតឡើងដោយសាររដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធហាក់ខ្វះការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងចាត់វិធានការម៉ឺងម៉ាត់ទាក់ទងអំពើខុសឆ្គងទាំងនោះ ៖ «អ្នកខ្លះគាត់មានចេតនាមិនល្អធ្វើអំពើអ្វីដែលហួសទៅនឹងទំនៀមទំលាប់ប្រពៃណីយើង អាហ្នឹងមិនមែនជាការប្រើប្រាស់សិទ្ធិក្នុងការគោរពប្រពៃណីទំនៀមទំលាប់ទេ មានន័យអាហ្នឹងជាការឆ្លៀតយកឱកាសក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីនេះ ជារឿងមួយបង្កឱ្យមានបញ្ហា និងរំលោភលើគោលការណ៍សិទ្ធិមនុស្សទៅវិញបាទ»។

ស្រដៀងគ្នានេះ អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក លើកឡើងថា ល្បែងប៉ាតម្សៅ និងការជះទឹក អំឡុងបុណ្យចូលឆ្នាំខ្មែរ បាននាំឱ្យស្ត្រីមួយចំនួនងាយរងគ្រោះពីការបៀតបៀនលើរាងកាយពីសំណាក់ជនខិលខូច។ លោកបន្តថា និន្នាការបែបនេះ ភាគច្រើនកើតលើយុវតី ខណៈអាជ្ញាធរហាក់មិនអើពើ និងណែនាំ អប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយនោះទេ។ លោកអំពាវនាវដល់រដ្ឋាភិបាលត្រូវចាត់វិធានទប់ស្កាត់ការអំពើបៀតបៀនលើស្ត្រីគ្រប់ទម្រង់ទាំងអស់ ដើម្បីថែរក្សាទំនៀមទំលាប់ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ៖ «អំពើអសីលធម៌នឹងប្រែក្លាយជាអំពើមួយដែលយុវជនទូទៅនិយមប្រើ នេះមិនមែនជាផលល្អសម្រាប់សង្គមកម្ពុជានោះទេ ពោលគឺធ្វើឱ្យប៉ះពាល់ខ្លាំងទៅដល់ការរីកចម្រើនវប្បធម៌ខ្មែរទាំងនៅលើឆាកជាតិ និងអន្តរជាតិ»។

ពលរដ្ឋមួយរូបរស់នៅស្រុកស្ទោង ខេត្តកំពង់ធំ កញ្ញា សុម៉ាលី ប្រាប់វិទ្យុអាស៊ីសេរីថា ការបាញ់ទឹក ប៉ាតម្សៅតែងតែកើតឡើងលើអ្នកដំណើរតាមដងផ្លូវក្នុងពេលបុណ្យចូលឆ្នាំខ្មែរ តែគ្មានអាជ្ញាធរណាទប់ស្កាត់ឡើយ។ កញ្ញាឱ្យដឹងថា ឆ្នាំនេះក្រុមក្មេងស្ទាវមួយក្រុមបានឃាត់កញ្ញាដោយបាញ់ទឹក និងប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ខណៈយុវតីមួយចំនួនត្រូវក្រុមបុរសចោមរោម និងលូកលាន់ ។ កញ្ញាចាត់ទុកទង្វើបៀតបៀនលើស្ត្រីបែបនេះ គឺជាអំពើរំលោភបំពានសិទ្ធិស្ត្រី ដែលមិនអាចទទួលយកបានឡើយ៖ «តាមពិតការបាញ់ទឹក និងការប៉ាតម្សៅមានយូរហើយ ក៏ប៉ុន្តែមិនទាក់ទងនឹងល្បែងប្រជាប្រិយខ្មែរទេ តែឥឡូវខ្ញុំជួបផ្ទាល់ខ្លួនឯង ហើយពួកគាត់បង្ហាញអាកប្បកិរិយាអត់គប្បី ចំពោះខ្ញុំទទួលយកអត់បានទេ ព្រោះវាឈ្លើយហើយម្យ៉ាងទៀតវាក៏អត់ល្អដែរ»។

វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ម៉ាន ចិន្តា ដើម្បីបកស្រាយរឿងនេះបាននៅឡើយទេ នៅថ្ងៃ១៥ ខែមេសា ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកទទួល។

ករណីបៀតបៀនលើស្ត្រី និងក្មេងស្រីពីសំណាក់ជនខិលខូចនេះ តែងកើតមានជាហូរហែនៅក្នុងកាសបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែរដ្ឋាភិបាល លោក ហ៊ុន សែន ហាក់មិនបានអើពើដោះស្រាយបញ្ហានេះឡើយ។ រដ្ឋាភិបាលមិនបានចេញវិធានការជាក់លាក់ណាមួយ ដើម្បីការពារ ឬទប់ស្កាត់អំពើបៀតបៀនលើស្ត្រីទាំងនោះទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាលហាក់បើកដៃទូលំទូលាយក្នុងការលេងល្បែងទាំងនោះដោយសេរី ដែលបង្កលក្ខណៈងាយស្រួលដល់ជនខិលខូច។ ម្យ៉ាងវិញទៀត ជនរងគ្រោះដោយការបៀតបៀនទាំងនេះក៏ទំនងជាពិបាកប្ដឹង ឬស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលផងដែរ ហើយពេលខ្លះពួកគាត់អាចនឹងរងការស្ដីបន្ទោសថែមទៀត។

ពលរដ្ឋរស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប លោកស្រី ឈុន ថុន ថ្លែងថា ដើមឡើយរាល់ពិធីបុណ្យចូលឆ្នាំពលរដ្ឋខ្មែរម្តងៗ ពលរដ្ឋខ្មែរនាំគ្នាលេងល្បែងប្រជាប្រិយ ដូចជាចោលឈូង បោះអង្គញ់ ទាញព្រ័ត្រជាដើម ហើយពួកគាត់តែងតែគោរព និងឱ្យតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ ប៉ុន្តែលោកស្រីសោកស្តាយរដូវកាលបុណ្យឆ្នាំថ្មីបច្ចុប្បន្ន យុវជនបែរជានាំគ្នាលេងប៉ាតម្សៅ និងគប់ទឹក ដែលធ្វើឱ្យអ្នកដំណើររងគ្រោះថ្នាក់ ហើយស្ត្រីមួយចំនួនត្រូវរងគ្រោះដោយសារបុរសកេងចំណេញក្នុងឱកាសនេះទៀតផង៖ «អត់ចង់ឱ្យលេងជ្រុលជ្រួសលើស្ត្រី ឬក្មេងៗ ដែលគ្នាកំពុងដើរលេងដោយមិនសមរម្យ វាខាតបង់ ព្រោះស្ត្រីត្រូវការពារកិត្តិយសរបស់គ្នា ប៉ុន្តែបុរសខ្លះមិនគិតការពារស្ត្រីទេ គិតឃើញចាប់យកតែម្តង វាធ្វើឱ្យខុសប្រពៃណីខ្មែរហើយហ្នឹងឯង»។

ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិលេងល្បែងកំសាន្តទាំងនោះក៏ពិតមែន ប៉ុន្តែពួកគេត្រូវគោរពសិទ្ធ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីដែរ។ លោកមើលឃើញថា ស្ត្រីងាយរងការរំលោភបំពានចេញពីទម្រង់ល្បែងកំសាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ ដោយសារការធ្លាក់ចុះក្រមសីលធម៌សង្គម និងខ្វះការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ។ លោកបន្ថែមថា ប្រសិនបើអាជ្ញាធរមិនទប់ស្កាត់បញ្ហាឱ្យទាន់ពេលវេលានោះទេ ស្ត្រីនឹងទទួលនឹងទទួលរងគ្រោះបន្ថែមទៀត៖ «ទៅជារឿងបៀតបៀន ទៅជារឿងអីទៅអាហ្នឹងវាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីវិញ ចំណុចទាំងអស់ហ្នឹងហើយដែលអាជ្ញាធរគួរតែមានការអប់រំធ្វើយ៉ាងមិចកុំការលេងហ្នឹងក្លាយជាការប៉ះពាល់ដល់ប្រពៃណីជាតិ ប៉ះពាល់ទៅដល់ការបៀតបៀនធ្វើឱ្យមានគ្រោះថ្នាក់ទៅដល់ប្រជាពលរដ្ឋ»។

website_news/2022180401.txt · Last modified: 2022/04/18 10:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki