website_news:2022180502

ទោះជាបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែតឡើងវិញ តែពលករខ្មែរ នៅតែបន្តចូលមក កម្ពុជា តាមច្រករបៀង ១ថ្ងៃ ជាង ៦០នាក់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ១៧ ខែ ឧសភា ឆ្នាំ ២០២២ ម៉ោង ១៨:៣៦

បន្ទាយមានជ័យ៖ ទោះជាបើកអោយប្រជាពលរដ្ឋចេញ.ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក៏ដោយ ក៏គេឃើញមានពលករខ្មែរ នៅតែបន្តចូលមកកម្ពុជាវិញ តាមច្រករបៀង ក្នុង ១ថ្ងៃ ជាង ៦០នាក់ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

លោកវរៈសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ និងជាក្រុមការងារទទួលពលករខ្មែរត្រឡប់ពីថៃ ចូលមកកម្ពុជា នៅច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ តាមច្រកអូរបីជាន់ស្រុកអូរជ្រៅ ដែលក្រុមការងារទទួលមានចំនួន ៦៣នាក់ (ស្រី ២៥នាក់ និងកុមារ ១១នាក់) ក្នុងនោះ មានអ្នក ដែលមានឯកសារចាក់វ៉ាក់សាំងការពារកូវីដ.១៩ដូសទី២និងទី៣។ រីឯនៅច្រកបឹងត្រកួន ក្នុងស្រុកថ្មពួក បានទទួលពលករខ្មែរ ៥នាក់ ( ស្រី ៤នាក់ ដោយមានកុមារី ២នាក់)។ គួររំលឹកថា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ភាគីថៃ បានបើកច្រកទ្វារឱ្យប្រជាពលរដ្ឋចេញ.ចូលតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលឈមច្រកខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ ការចេញចូលឆ្លងដែនតាមច្រកព្រំដែនប៉ោយប៉ែត អាជ្ញាធរសមត្ថកិច្ច តម្រូវឱ្យប្រជាពលរដ្ឋចេញ.ចូល ត្រូវប្រើប្រាស់ប៉ាស្ព័រ រឺលិខិតឆ្លងដែន (Pass Port) និងប័ណ្ណព្រំដែន (Border Pass)។ ភាគីថៃតម្រូវអោយអ្នកប្រើប្រាស់ប៉ាស្ព័រ រឺលិខិតឆ្លងដែន(Pass Port) ត្រូវទិញ (Thailand Pass)និងកញ្ចប់ធានារ៉ាប់រងចំនួន ១ម៉ឺនដុល្លារ ក្នុងតំលៃ ៥០ដុល្លារ កញ្ចប់ធានារ៉ាប់រងចំនួន ២ម៉ឺនដុល្លារ តំលៃ ៧០ដុល្លារ ដែលមានសុពលភាពចំនួន ១ខែ ហើយអ្នកដែលប្រើប្រាស់ប័ណ្ណព្រំដែន (Border Pass) កាលពីមុនភាគីថៃ តម្រូវអោយស្នាក់នៅក្នុងទឹកដីថៃ រយៈពេល ១សប្តាហ៍ តែពេលនេះ ភាគីថៃតម្រូវបានស្នាក់នៅរយៈពេល ៣ថ្ងៃប៉ុណ្ណោះ។

កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ក្រោយភាគីថៃ បើកឱ្យប្រជាពលរដ្ឋចេញ.ចូលរយៈពេលកន្លះខែ នៅខែឧសភា ឆ្នាំ២០២២នេះ គឺភាគច្រើនប្រជាពលរដ្ឋខ្មែរ ដែលចេញ.ចូលប្រទេសថៃ ដោយប្រើប្រាស់ប័ណ្ណព្រំដែន (Border Pass) និងប៉ាស្ព័រ រឺលិខិតឆ្លងដែន (Pass Port) មានភាគតិច៕ ប៊ុន ធឿន

website_news/2022180502.txt · Last modified: 2022/05/18 10:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki