website_news:2022180702

ស្ថានទូតរំលឹកពលរដ្ឋចិននៅកម្ពុជានៅឲ្យឆ្ងាយពីក្រុមលេងល្បែងស៊ីសងតាមអ៊ីនធឺណិត

https://www.khmertimeskh.com/ Khmer Times July 14, 2022

ស្ថានទូតចិនប្រចាំកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃពុធនៅលើគេហទំព័ររបស់ខ្លួន ដោយក្រើនរំលឹកពលរដ្ឋចិនក្នុងប្រទេសនេះនៅឱ្យឆ្ងាយពីក្រុមលេងល្បែងស៊ីសងតាមអ៊ីនធឺណិត។ កាលពីពេលថ្មីៗនេះ ពលរដ្ឋចិនមួយចំនួនត្រូវបានជាប់ឃុំឃាំងដោយខុសច្បាប់ដើម្បីជាថ្នូរនឹងការលោះប្រាក់ បន្ទាប់ពីត្រូវបានក្រុមឆបោកទាក់ទាញអោយមកប្រទេសកម្ពុជា ដោយជឿលើការផ្សាយពាណិជ្ជកម្មមិនពិតដោយសន្យាផ្តល់ “ប្រាក់ខែខ្ពស់”។ ដោយសារការឆ្លើយតបភ្លាមៗពីក្រុមគ្រួសារជនរងគ្រោះ និងការសម្របសម្រួលជាមួយស្ថានទូតចិនប្រចាំកម្ពុជា នាយកដ្ឋានអនុវត្តច្បាប់ក្នុងប្រទេសចិន និងកម្ពុជាបានចាត់វិធានការយ៉ាងឆាប់រហ័ស និងជួយសង្គ្រោះជនរងគ្រោះដោយជោគជ័យ។ ស្ថានទូតចិនប្រចាំកម្ពុជាបានក្រើនរំឭកជាថ្មីម្តងទៀតដល់ពលរដ្ឋចិនឲ្យមកកម្ពុជាដោយស្របច្បាប់និងចៀសវាងការចាញ់បោកដែលសន្យាថានឹងបានប្រាក់ច្រើនក្នុងរយៈដ៏ខ្លី។ ស្ថានទូតក៏បានក្រើនរំលឹកពលរដ្ឋចិន ឱ្យរាយការណ៍ទៅប៉ូលីសចិន និងកម្ពុជាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើពួកគេស្ថិតក្នុងគ្រោះថ្នាក់ ឬសេរីភាពផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានរឹតត្បិត។ នៅពេលរាយការណ៍ ឬធ្វើការហៅទូរស័ព្ទបន្ទាន់ ស្ថានទូតបានបញ្ជាក់ថា វាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការសង្គ្រោះទាន់ពេលវេលាអាចត្រូវបានរៀបចំឡើង។

អាជ្ញាធរចិនបាននឹងកំពុងចាប់ដៃជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងការអនុវត្តច្បាប់រួមគ្នា និងការបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្ម ដូចជាការឆបោកតាមអ៊ីនធឺណិតឆ្លងដែន និងការលេងល្បែងស៊ីសងតាមអ៊ីនធឺណិតខុសច្បាប់អស់រយៈពេលជាច្រើនឆ្នាំ។ ដោយសារតែការបង្រ្កាបលើការក្លែងបន្លំ ល្បែងតាមអនឡាញ និងសកម្មភាពខុសច្បាប់ផ្សេងទៀតនៅក្នុងប្រទេសចិន ឧក្រិដ្ឋជនជាច្រើនបានងាកទៅរកបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលមានច្បាប់ធូរលុង។ រដ្ឋាភិបាលចិនតែងតែទទូចលើសារៈសំខាន់ក្នុងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសក្នុងតំបន់ នៅពេលដែលក្រុមហ៊ុនចិន ឬបុគ្គលចេញទៅរកស៊ី ឬធ្វើការនៅបរទេស។ ប្រទេសចិនមិនគាំទ្រអាជីវកម្មខុសច្បាប់ធ្វើឡើងដោយក្រុមហ៊ុន ឬបុគ្គលនៅបរទេសនោះទេ។ ក្រៅពីប្រទេសកម្ពុជា ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលចិន ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអ៊ីនធឺណិតនៅក្រៅប្រទេស។ Global Times

website_news/2022180702.txt · Last modified: 2022/07/18 15:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki