website_news:2022180703

ឥណ្ឌូនេស៊ីផ្អាកបញ្ជូនពលរដ្ឋធ្វើការក្រៅប្រទេស ខណៈម៉ាឡេស៊ីខ្វះខាតពលករជាង១លាននាក់

https://kohsantepheapdaily.com.kh/ ១៤ ខែ កក្កដា ឆ្នាំ ២០២២ ម៉ោង ១០:២២

ឥណ្ឌូនេស៊ី ៖ ឥណ្ឌូនេស៊ីបានប្រកាសនៅថ្ងៃពុធ ទី ១៣ កក្កដា ម្សិលមិញនេះថា ខ្លួនបានផ្អាកបណ្តោះអាសន្ននូវការបញ្ជូលពលរដ្ឋទៅធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី រួមមានទាំងប្រជាពលរដ្ឋរាប់ពាន់នាក់ដែលត្រូវបានជ្រើសរើសឲ្យធ្វើការក្នុងវិស័យចម្ការ ដោយសារតែមានការរំលោ.ភកិច្ចព្រមព្រៀងជ្រើសរើសពលករដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរ។ ការផ្អាករបស់ឥណ្ឌូនេស៊ីជាបញ្ហាសម្រាប់ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសផលិតប្រេងដូងធំបំផុតទី ២ក្នុងពិភពលោក និងជាប្រទេសដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ម៉ាឡេស៊ីកំពុងប្រឈមនឹងការខ្វះខាតពលករប្រហែល ១,២លាននាក់ដែលអាចរារាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំម៉ាឡេស៊ីលោក Hermono បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ដូច្នេះថា ការផ្អាកបណ្តោះអាសន្ននោះកើតឡើង ក្រោយពេលអាជ្ញាធរអន្តោប្រវេសន៍ម៉ាឡេស៊ីបន្តប្រើប្រាស់ប្រព័ន្ធជ្រើសរើសពលករតាមអនឡាញ ដែលជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទជួញដូរ និងពលកម្មដោយបង្ខំ។ ការបន្តរបស់ប្រព័ន្ធនោះរំលោ.ភលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលចុះហត្ថលេខារវាងម៉ាឡេស៊ី និងឥណ្ឌូនេស៊ីនៅក្នុងខែមេសាដែលមានគោលបំណងពង្រឹងការការពារពលករធ្វើការតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ថា ម៉ាឡេស៊ីពឹងផ្អែកទៅលើពលករបរទេសរាប់លាននាក់ ដែលភាគច្រើនមកពីប្រទេសឥណ្ឌូនេស៊ី បង់ក្លាដេស និងនេប៉ាល់ ដើម្បីធ្វើការក្នុងរោងចក្រ និងចម្ការដែលអ្នកស្រុកម៉ាឡេស៊ីមិនធ្វើ។ ប្រភព៖ Reuters

website_news/2022180703.txt · Last modified: 2022/07/18 15:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki