website_news:2022180704

មានការពិគ្រោះយោបល់តាមទូរស័ព្ទជាង ៧០០ ជំនួប ពីអំពើហិង្សាក្នុងគ្រួសារ ការបំពានផ្លូវកាយ និងផ្លូវភេទកុមារ ចាប់ពីខែមករាដល់ខែកក្កដា

https://www.postkhmer.com/ អោម ប៊ុនធឿន | Publication date 13 July 2022 | 18:16 ICT

ភ្នំពេញៈ មន្ត្រីអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា បានពិគ្រោះយោបល់ពីបញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានលើផ្លូវកាយ និងផ្លូវភេទកុមារ តាមទូរស័ព្ទបានជាង ៧០០ ជំនួប ចាប់ពីដើមឆ្នាំ ២០២២ មកដល់ខែកក្កដា ឆ្នាំដដែលនេះ ក្នុងនោះមាន ១៥ ករណី ត្រូវបានរាយការណ៍ឱ្យជួយអន្តរាគមន៍បន្ទាន់ទៅសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន។ នេះបើតាមអ្នកស្រី ធន ស្រីពៅ ប្រធានផ្នែកពិគ្រោះយោបល់នៃបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា។ អ្នកស្រី ធន ស្រីពៅ ឱ្យដឹងនៅថ្ងៃទី ១៣ កក្កដាថា អ្នកដែលទូរស័ព្ទទៅជជែកជាមួយមន្ត្រីផ្នែកពិគ្រោះយោបល់នៃបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ភាគច្រើនជាក្មេងស្រីដែលមានភាពក្លាហាន អាយុចាប់ពី ៨-១៨ ឆ្នាំ និងស្ត្រីដែលរងអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្លូវភេទ ព្រមទាំងហិង្សាផ្លូវចិត្តផ្សេងៗក្នុងចន្លោះអាយុពី ១៨-២៥ ឆ្នាំ។ អ្នកស្រីថ្លែងថា៖ «អ្វីដែលពួកគាត់បានខលមកហ្នឹង ភាគច្រើនយើងទទួលបានជាកុមារ។ គាត់ទទួលរងអំពើហិង្សាលើផ្លូវកាយ និងរងនូវអំពើរំលោភបំពានផ្លូវភេទ ហ្នឹងយើងនិយាយពីកុមារ។ ដោយឡែក បើសិនយើងក្រឡេកទៅមើលមនុស្សធំពេញវ័យ គឺភាគច្រើនគាត់រងនូវអំពើហិង្សាក្នុងគ្រួសារ និងផ្លូវកាយដូចគ្នា»។ អ្នកស្រី ធន ស្រីពៅ បានឱ្យដឹងថា ក្នុងជំនួបតាមទូរស័ព្ទជាង ៧០០ នោះ ក្រុមការងារបានពិគ្រោះយោបល់ ពង្រឹងភាពក្លាហាន លើកទឹកចិត្ត និងពង្រឹងអំណាចរបស់គាត់ ឱ្យពួកគាត់មានភាពក្លាហាន ហ៊ានទៅរាយការណ៍ដោយខ្លួនឯង។ ចំណែក ១៥ ករណីនោះ គឺពួកគាត់មិនមានភាពក្លាហាន និងត្រូវការជំនួយភ្លាមៗ ដែលទាមទារឱ្យក្រុមការងារជួយបញ្ជូនព័ត៌មានទៅមន្ត្រីមានសមត្ថកិច្ចដើម្បីចុះទៅដោះស្រាយ។

បើតាមអ្នកស្រី ករណីទាំងអស់ដែលទទួលបាន គឺមន្ត្រីនៃបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា បានធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូដើម្បីផ្តល់សេវាគាំទ្រទៅតាមតម្រូវការរបស់ពួកគាត់។ អាជ្ញាធរមូលដ្ឋានបានចូលរួមយ៉ាងសកម្ម ក្នុងការជួយអន្តរាគមន៍ដោះស្រាយបញ្ហាអំពើហិង្សាលើស្ត្រីនិងក្មេងស្រី ដែលធ្វើឱ្យការឆ្លើយតបបានកាន់តែទាន់ពេលវេលា និងមានប្រសិទ្ធភាព ហើយជនរងគ្រោះមានសុវត្ថិភាព។ អ្នកស្រីប្រាប់ថាបច្ចុប្បន្ន អ្នកជួបបញ្ហាហិង្សាដូចដែលបានលើកឡើងនេះមានភាពក្លាហានច្រើនក្នុងការលើកអំពីបញ្ហារបស់ខ្លួនឯងទៅជជែកដោយផ្ទាល់ជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត។ ប៉ុន្តែមួយចំនួន នៅតែមានភាពភ័យខ្លាចក្នុងការទៅរកអាជ្ញាធរមានសមត្ថកិច្ចដោយផ្ទាល់ ពិសេសស្ត្រី និងក្មេងស្រី។ ពេលជួបបញ្ហាអំពើហិង្សាផ្លូវភេទ និងហិង្សាផ្លូវចិត្ត គឺពួកគាត់អាចត្រូវការភាពក្លាហានរាប់រយរាប់ពាន់ដង ដើម្បីយករឿងរ៉ាវទាំងអស់នោះរាយការណ៍ទៅកាន់សមត្ថកិច្ច។

អ្នកស្រីធន ស្រីពៅ បានលើកទឹកចិត្តដល់អ្នកដែលរងអំពើហិង្សាគ្រប់រូបភាព អាចទាក់ទងមកបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ដែលមានលេខពិសេស គឺ ១២៨០ ដែលអាចទូរស័ព្ទ និងផ្ញើសារជាអក្សរក៏បានដោយឥតគិតថ្លៃ និងរក្សាការសម្ងាត់ជូន ដោយ សេវាបម្រើជូន ២៤ ម៉ោងរៀងរាល់ថ្ងៃ។ ក្រៅពីទូរស័ព្ទ ក៏មានហ្វេសប៊ុកផ្លូវការ ឈ្មោះថា Child Helpline Cambodia និង វេបសាយ http://childhelpline.org.kh/ ដែលអាចផ្ញើសារជាអក្សរ និងសំឡេងខ្លីៗ ដើម្បីស្វែងរកការពិគ្រោះយោបល់ ឬរាយការណ៍ពីអំពើហិង្សា ការរំលោភបំពានផ្សេងៗ និងបញ្ហាផ្លូវចិត្តមួយចំនួនផងដែរ។ អ្នកស្រីបញ្ជាក់ថា៖ «សូមឱ្យមានភាពក្លាហាន ហើយឈប់នៅស្ងៀម កុំលាក់បញ្ហាទាំងអស់ហ្នឹងទុក។ សូមគិតថា មានបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាមួយដែលចាំស្តាប់និងជួយគាំទ្រពួកគាត់»។

លោកស្រីសម្បត្តិ សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ថ្លែងនៅថ្ងៃទី ១៣ កក្កដា ថា ការរាយការណ៍តាមរយៈបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ១២៨០ ឬការរាយការណ៍តាមប្រព័ន្ធអនឡាញ ក្នុងកិច្ចការពារកុមារមានភាពល្អប្រសើរជាងមុន ដែលបង្ហាញពីការរីកចម្រើននៃកិច្ចការពារកុមារនៅកម្ពុជា។ លោកស្រីថ្លែងថ្លា៖ «ពីមុនមក នៅពេលមានករណីអំពើហិង្សាអីកើតឡើង មានន័យថា យើងរក្សាទុកទិន្នន័យហ្នឹង យើងអត់សូវមានការរាយការណ៍ទេ។ ប៉ុន្តែឥឡូវនេះ យើងចាប់ផ្តើមមានការរាយការណ៍។ ទោះបីករណីនៃការរាយការណ៍មានការកើនឡើងបន្តិច ប៉ុន្តែបានបង្ហាញអំពី ការយល់ដឹងរបស់ពលរដ្ឋ ជាពិសេស គឺកុមារតែម្តង ដែលគាត់ស្គាល់ច្បាស់ពីប្រព័ន្ធរាយការណ៍ អាចជួយសង្គ្រោះគាត់បាន»។

លោក សឿង ថែម នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែកក្កដាថា តាមការសង្កេតជាក់ស្តែងក្នុងមូលដ្ឋានរបស់លោក ករណីរាយការណ៍អំពីអំពើហិង្សាក្នុងគ្រួសារនៅតែមាន ប៉ុន្តែមិនច្រើនទេ។ ក្នុង ១ ខែមានយ៉ាងច្រើន ១ ទៅ ២ ករណីប៉ុណ្ណោះ ហើយការរាយការណ៍នោះ ជួនកាលប្រជាពលរដ្ឋរាយការណ៍តាមទូរស័ព្ទ និងពេលខ្លះមកប្តឹងដល់ប៉ុស្តិ៍រដ្ឋបាលតែម្តង។ ដោយឡែក ករណីអំពើហិង្សាលើកុមារ និងស្ត្រី ពាក់ព័ន្ធការរំលោភបំពានផ្លូវភេទ គឺកម្រមានណាស់។ លោកបញ្ជាក់ថា៖ «ពេលគាត់រាយការណ៍មកយើងភ្លាម ជាក់ស្តែង គឺយើងចុះទៅដល់កន្លែងកើតហេតុតែម្តង ព្រោះរឿងរ៉ាវអត់មានអីធំទេ គ្រាន់តែវាយតប់គ្នាបន្តិចបន្តួច។ អ៊ីចឹងទៅ ឈ្លោះប្រកែកគ្នា ក៏យើងត្រូវតែទៅដែរ យើងធ្វើការអប់រំណែនាំគាត់ ធ្វើកិច្ចសន្យាអីទៅ គាត់រាងចាលបានយូរៗដែរ»៕

website_news/2022180704.txt · Last modified: 2022/07/18 15:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki