website_news:2022180705

ក្រសួងការងារ ផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មឥដ្ឋ

https://www.kampucheathmey.com/ ថ្ងៃសុក្រ ១៥ កក្កដា ២០២២ដោយ deth leng

លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ បានចូលរួមបើកយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យ កសិឧស្សាហកម្ម នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកស្រី ស៊ើង សរសុចិត្តា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការលុបបំបាត់ពលកម្មកុមារ ជាការងារអាទិភាព ក្នុងនោះក្រសួងការងារបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្តោតលើអាទិភាពចំនួន ៥ រួមមាន៖ ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ការអភិវឌ្ឍន៍ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍន៍មុខរបរ និងការងារ ការអភិវឌ្ឍន៍របបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ និងការពង្រឹងអភិបាលកិច្ចល្អ ដោយសំដៅធ្វើឱ្យប្រសើរឡើងនូវការធានាលក្ខខណ្ឌការងារ បង្កើនឱកាសការងារ បង្កើតបរិយាកាសការងារ ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និង ពង្រឹងការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យសមស្របទៅតាមតម្រូវការទីផ្សារការងារ រួមទាំងការទទួលបាននូវអត្ថប្រយោជន៍ពី កិច្ចគាំពារសង្គមប្រកបដោយសមភាព និងដោយគ្មានការរើសអើង ដើម្បីចូលរួមចំណែកដល់ការកាត់បន្ថយ ភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជាតិប្រកបដោយចីរភាព។ លោកស្រីបានសង្កត់ធ្ងន់ផងដែរថា ដើម្បីចូលរួមទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងការងារដោយបង្ខំក្រសួងបានកំណត់នូវចង្កោម សកម្មភាព អាទិភាពដូចជាខាងការកសាងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ ស្តីពីការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃ ពលកម្មកុមារ និងការងារដោយបង្ខំ និងការពង្រឹងយន្តការប្រឆាំងពលកម្មកុមារនិងការងារដោយបង្ខំជាពិសេសលើវិស័យមុខរបរ និងភូមិសាស្ត្រដែលមានហានិភ័យខ្ពស់៕

website_news/2022180705.txt · Last modified: 2022/07/18 15:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki