website_news:2022181103

ក្រសួងសង្គមកិច្ច និងដៃគូបើកយុទ្ធនាការ “គ្រួសាររឹងមាំ” ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ

https://postkhmer.com/national/2022-11-16-1602-243564.html ឡាយ សាមាន | Publication date 16 November 2022 | 16:02 ICT

ព្រះសីហនុៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយអង្គការដៃគូបានប្រកាសបើកយុទ្ធនាការ “គ្រួសាររឹងមាំ” នៅក្នុងខេត្តព្រះសីហនុដើម្បីលើកកម្ពស់ការយល់ដឹង និងឈានដល់ការលុបបំបាត់រាល់ទម្រង់អំពើហិង្សាលើកុមារ ។ យុទ្ធនាការ “គ្រួសាររឹងមាំ” ត្រូវបានប្រកាសឡើងនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយមានការចូលរួមពីលោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុ-ប្រធានអចិន្រៃ្តយ៍នៃគណៈកម្មការដឹកនាំការអនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងមន្ត្រីអង្គការដៃគូជាច្រើនរូបទៀត។ យុទ្ធនាការនេះ ជាការបោះជំហានទៅមុខដ៏វិជ្ជមានមួយផ្សេងទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីបញ្ចប់រាល់ទម្រង់នៃអំពើហិង្សាលើកុមារ។

លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លៃងថា យុទ្ធនាការ «គ្រួសាររឹងមាំ» ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់។ លោកស្រីថា៖ «យុទ្ធនាការនេះ មានគោលបំណងបង្កើនការយល់ដឹង និងបង្ការទប់ស្កាត់ និងឆ្លើយតបលើគ្រប់ទម្រង់នៃអំពើហិង្សាលើកុមារឱ្យបានគ្រប់រូបភាព ដោយមានការចូលរួមសហការ និងឧបត្ថម្ភពីអង្គការដៃគូ មានដូចជា អង្គការយូនីសេហ្វ និង USAID»។

លោក ភី ណូ ប្រធាននាយកដ្ឋានសុខុមាលភាពកុមារនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា កន្លងមក យុទ្ធនាការ គ្រួសាររឹងមាំ ត្រូវបានដាក់ឱ្យអនុវត្តតាមបណ្តាខេត្តមួយចំនួន ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់អំពើហិង្សាលើកុមារ ។ លោកថា៖ «យើងមិនមែនធ្វើតែនៅខេត្តព្រះសីហនុទេ យើងអនុវត្តជាច្រើនខេត្តរួចមកហើយ និងបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយជាហូរហែមកដែរ»។លោកបានបញ្ជាក់ថា យុទ្ធនាការនេះ ក៏បាននិងកំពុងចាប់ផ្តើមផ្សព្វផ្សាយបន្តនៅតាមបណ្តារាជធានី-ខេត្តគោលដៅចំនួន ៦ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល បាត់ដំបង ខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តព្រះសីហនុ ព្រមទាំងនឹងបន្តទៅខេត្តមួយចំនួនទៀតជាបន្តបន្ទាប់។

តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វបានឱ្យដឹងថា យុទ្ធនាការគ្រួសាររឹងមាំ មានគោលបំណងដោះស្រាយនូវបញ្ហាសង្គម និងវប្បធម៌ ដែលធ្វើឱ្យមានអំពើហិង្សាលើកុមារ និងធ្វើឱ្យមានជំនឿថា មណ្ឌលថែទាំជាទីកន្លែងដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កុមារ។ អង្គការយូនីសេហ្វ ឱ្យដឹងថា អំពើហិង្សាគឺជាកង្វល់ដ៏ធំមួយ ដែលមានកុមារជាងពាក់កណ្តាលនៅក្នុងប្រទេស ធ្លាប់ទទួលរងអំពើហិង្សាយ៉ាងហោចណាស់ក៏មានមួយទម្រង់ផងដែរ មុនពេលពួកគេអាយុ ១៨ ឆ្នាំ។ យូនីសេហ្វបន្តថា «អំពើហិង្សាលើកុមារអាចជះឥទ្ធិពលអវិជ្ជមានយូរអង្វែងដល់សុខុមាលភាពកុមារក្នុងទិដ្ឋភាពផ្សេងៗទាក់ទងនឹងអាកប្បកិរិយា ផ្លូវចិត្ត និងរាងកាយនៅក្នុងវ័យជំទង់និងនៅពេលពេញវ័យ»។

លោកស្រី គ្រីស្ទៀន ម៉ុនឌ័រតេ នាយិកាយូនីសេហ្វប្រចាំកម្ពុជា ធ្លាប់បានថ្លែងថា៖ “យើងត្រូវធ្វើយុទ្ធនាការនេះឱ្យទៅដល់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ គ្រប់សាលារៀន គ្រប់សហគមន៍ គ្រប់បណ្តាញផ្សព្វផ្សាយ ព័ត៌មាន។ អំពើហិង្សាប៉ះពាល់គ្រប់គ្នា យុទ្ធនាការនេះជាឱកាសដើម្បីកៀរគរប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យនិយាយថាទេចំពោះអំពើហិង្សា និងថែរក្សាបរិស្ថានឱ្យមានសុវត្ថិភាព និងសុខភាពល្អសម្រាប់កូនៗនិងក្រុមគ្រួសាររបស់ពួកគេ”។

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ដើម្បីបញ្ចប់អំពើហិង្សាលើកុមារតាមរយៈការប្រកាសចូលជាសមាជិកទី២៦ នៃប្រទេសជាដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ដែលជាផ្នែកមួយនៃចលនាសកលដែលកំពុងបន្តអនុវត្ត ដើម្បីបញ្ចប់អំពើហិង្សាលើកុមារកាលពីចុងឆ្នាំ ២០១៩។ ក្នុងនោះកម្ពុជាបានពង្រឹងការយកចិត្តទុកដាក់ក្នុងការអនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារដែលក្នុងនោះយុទ្ធនាការ“គ្រួសាររឹងមាំ” គឺជាសកម្មភាពអាទិភាពចម្បងមួយ។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសបើកយុទ្ធនាការ “គ្រួសាររឹងមាំ” ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់នៅកម្ពុជានៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ ដែលជាយុទ្ធនាការផ្សព្វផ្សាយថ្នាក់ជាតិលើកដំបូង៕

website_news/2022181103.txt · Last modified: 2022/11/18 09:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki