website_news:2022190101

អាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែររាប់រយនាក់ត្រឡប់ទៅកម្ពុជាតាមព្រំដែនខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ

https://www.rfa.org/khmer/ ដោយ សន ចាន់រដ្ឋា2022-01-17

អាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរជាង៣០០នាក់ ត្រឡប់ទៅកម្ពុជាវិញតាមច្រករបៀងព្រំដែនក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៧ ខែមករា។ ពលករអះអាងថា នៅពេលចូលមកដល់កម្ពុជា អាជ្ញាធរខ្មែរតម្រូវឱ្យពួកគាត់បង់ប្រាក់ម្នាក់ ៥០០ បាត ថ្លៃឡានដឹកពលករពីថៃមកកម្ពុជា។ អាជ្ញាធរថៃបានបញ្ជូនពលករចំនួន ២៣០ នាក់ក្នុងនោះ ៤៩ នាក់ប្រគល់ឱ្យអាជ្ញាធរកម្ពុជាតាមច្រកអូរអន្លក់ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែមករា។ ទំព័រហ្វេសប៊ុកប៉ូលិសការពារព្រំដែនវរៈ៨១៩ ប្រចាំនៅស្រុកកំរៀងចុះផ្សាយនៅថ្ងៃទី១៧ ខែមករាថា មានពលករ ១៨៦ នាក់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បាន២ដូស ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតវិញ ចំណែកពលករ ៤៤ នាក់ទៀត ដែលមិនបានចាក់វ៉ាក់សាំង គឺអាជ្ញាធរបានបញ្ជូនទៅធ្វើចត្តាឡឺស័កនៅគីឡូលេខ ៩ ស្រុកសំពៅលូន។

ចំណែកនៅខេត្តបន្ទាយមានជ័យឯណោះវិញ អាជ្ញាធរថៃក៏បានបញ្ជូនពលករខ្មែរចំនួន ៩៤ នាក់ត្រឡប់ទៅកម្ពុជាតាមច្រករបៀងព្រំដែនអូរបីជាន់ ស្រុកអូរជ្រៅដែរ។ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកការពារព្រំដែនលោក អ៊ុំ សុផល ប្រាប់វិទ្យុអាស៊ីសេរីថា ពលករទាំងនោះឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ហើយត្រូវបានប៉ូលិសថៃចាប់ខ្លួននៅតំបន់ទីក្រុងបាងកកនិងនៅខេត្តជាប់ព្រំដែនកម្ពុជា។ លោកបញ្ជាក់ថា ក្នុងចំណោមពលករជាង ៩០ នាក់នោះ ពលករមួយចំនួនត្រូវបានបញ្ជូនទៅធ្វើចត្តាឡឺស័កនៅក្រុងប៉ោយប៉ែត និងមួយចំនួនទៀត ដែលចាក់វ៉ាក់សាំងបាន២ដូសរួច ត្រូវបានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅស្រុកកំណើតវិញនៅព្រឹកថ្ងៃដដែល៖ «ខ្ញុំបានទទួលពលករមកហើយខ្ញុំបានបញ្ជូនទៅអាជ្ញាធរហើយចប់ហើយ។ បាទអត់មាន ឱ្យគាត់ធ្វើកិច្ចសន្យាឈប់ឱ្យឆ្លងដែនខុសច្បាប់ទៀត កុំឱ្យគាត់ចាញ់បោកមេខ្យល់។ ពួកគាត់ខ្វះការងារធ្វើក្នុងស្រុក តែប្រជាពលរដ្ឋយើងពិបាកដែរគាត់ចេះតែឆ្លងដែនទៅអីចឹង»។

ជាមួយគ្នានេះ អ្នករត់តាក់ស៊ី (Taxi) ដឹកពលករនៅតំបន់ព្រំដែនជាប់ប្រទេសថៃម្នាក់សុំមិនបញ្ចេញឈ្មោះឱ្យដឹងថា ពលករមួយចំនួនបានរអ៊ូរទាំក្នុងពេលធ្វើដំណើរនៅលើឡានរបស់លោកថា នៅពេលមកដល់កម្ពុជាអាជ្ញាធរខ្មែរបានយកប្រាក់ពីពួកគាត់ម្នាក់ ៥០០ បាត ឬ ប្រមាណ ១៦ ដុល្លារ ក្រោមលេសថា យកបង់ថ្លៃឡានរបស់សមត្ថកិច្ចថៃដែលបានដឹកពួកគេមកដល់កម្ពុជា។ លើសពីទៅទៀតនេះ អាជ្ញាធរខ្មែរបង្ខំឱ្យពួកគេទិញទឹកអាល់កុលលាងដៃម្នាក់មួយ១ដបតូច តម្លៃ១០០បាតឬ ប្រមាណ ៣ ដុល្លារ ដោយខុសពីទីផ្សារក្នុងស្រុកដែលមានតម្លៃត្រឹមតែ ២ពាន់រៀល ប៉ុណ្ណោះ៖ «បើអ្នកណាទៅយកបងប្អូនអីចឹងគេអត់ទាន់ឱ្យចេញទេ អង្គុយចាំស្កែន ទាល់តែឡានដាក់វេនអីចេញអស់បានឱ្យឡានបងប្អូនដឹកពលករចេញបាន។ ខាងឡានគេរាប់មនុស្សម្នាក់យក៥ពាន់រៀល ប៉ុន្តែអ្នករត់តាក់ស៊ីអ្នកចេញទេ។ ខ្ញុំអាណិតអាសូរដូចថា វាមើលទៅស្រងេះស្រងោចណាស់ ដូចយើងខ្មែរដូចគ្នាមិនគួរធ្វើបាបគ្នាទេ»។ ទាក់ទងនឹងបញ្ហានេះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ សុផល ថ្លែងថា លោកមិនបានពាក់ព័ន្ធនឹងការយកប្រាក់និងលក់ទំនិញឱ្យពលករថ្លៃខុសពីទីផ្សារនោះឡើយ។

ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា យល់ថា ការដែលអាជ្ញាធរធ្វើបែបនេះជាការជំរឹតធ្វើបាបពលរដ្ឋក្រីក្រ ដែលកំពុងលំបាកវេទនា។ មន្ត្រីសង្គមស៊ីវិលរូបនេះស្នើឱ្យរដ្ឋាភិបាលចាត់វិធានការ ទៅលើមន្ត្រីខិលខូចទាំងនោះឱ្យបានធ្ងន់ធ្ងរតាមច្បាប់ ដើម្បីកុំឱ្យពួកគេចេះតែឆ្លៀតឱកាសកេងចំណេញលើគំនរទុក្ខរបស់ពលរដ្ឋបន្តទៀត៖ «ម្ដងមុនគឺមានការបញ្ជូនហើយឱ្យដេកនៅននៀលក្រាញនៅតាមព្រំដែន ដើម្បីធ្វើចត្តាឡឺស័ក។ ប៉ុន្តែម្ដងនេះយើងគិតថា កុំឱ្យធ្វើទៅតាមអារម្មណ៍ម្ដងម្កាលអីចឹង គួរតែរៀបចំគណៈកម្មការ ដើម្បីពិនិត្យមើលថា បើបញ្ជូនត្រឡប់មកស្រុកវិញថា តើពួកគាត់មានរោគឬអត់? តើត្រូវជួយពួកគាត់នៅកន្លែងណាអីកន្លែងណា ឱ្យសមរម្យដើម្បីកុំឱ្យអស់លុយអស់កាក់អីចឹង។ គាត់នៅក្នុងស្រុកអត់មានលុយកាក់ហើយត្រូវបានគេចាប់បញ្ជូនហើយ បែរទៅគិតលុយពីគាត់ទៀតអាហ្នឹងវា ជាទម្ងន់មួយទុក្ខត្រួតលើទុក្ខដល់ពលករហើយ»។ អាជ្ញាធរកម្ពុជានិងថៃ បានបិទច្រកទ្វាព្រំដែនដែនប្រទេសទាំងពីរចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះមិនទាន់បើកដំណើរការវិញនៅឡើយទេ។

កាលពីថ្ងៃទី២០ ខែធ្នូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានប្រកាសថា ចាប់តាំងពីអាជ្ញាធរថៃបិទច្រកទ្វាព្រំដែនមកដល់ថ្ងៃទី១៩ ខែធ្នូ មានពលករខ្មែរប្រមាណ ២សែន ៦ម៉ឺននាក់ (២៦០.០០០) ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ។ ក្នុងនោះមានពលករមួយចំនួនបានត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញជាបន្តបន្ទាប់។ ក្នុងនោះពលករភាគច្រើនឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់តាមច្រករបៀងព្រំដែនក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ៕

website_news/2022190101.txt · Last modified: 2022/01/19 09:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki