website_news:2022190401

ភាពមន្ទិលសង្ស័យជុំវិញផែនការការងាររបស់ថៃក្នុងការនាំពលករ ក្នុងនោះមានចំនួន ៣៩៣៣៣ នាក់ពីកម្ពុជា

https://www.khmertimeskh.com/ Khmer Times 19/04/2022

ខណៈពេលដែលប្រជាជនថៃប្រហែល ៦០០,០០០នាក់ នៅតែគ្មានការងារធ្វើ រដ្ឋាភិបាលបានអនុម័តផែនការ ដើម្បីនាំយកពលករចំណាកស្រុកបន្ថែមប្រហែល ១៧០,០០០ នាក់ តាមការស្នើសុំដោយអាជីវកម្មដែលចង់បានកម្លាំងនៅពេលពួកគេចាប់ផ្តើមប្រតិបត្តិការឡើងវិញ។ កម្ពុជា និងឡាវ មានសមត្ថភាពបញ្ជូនពលករប្រមាណ ៦០០០នាក់ ទៅប្រទេសថៃ ក្រោមអនុស្សរណៈយោគយល់គ្នា ស្តីពីប្រតិបត្តិការការងារ ខណៈមីយ៉ាន់ម៉ា នៅតែមិនអាចធ្វើដូច្នេះបាន ដោយសារបញ្ហាផ្ទៃក្នុងរបស់ខ្លួន។

លោក Pairoj Chotikasathien អគ្គនាយក នៃនាយកដ្ឋានការងារបាននិយាយថា ថ្មីៗនេះប្រទេសថៃបានចុះហត្ថលេខាលើអនុស្សរណៈ ដើម្បីនាំយកពលករចំណាកស្រុកចំនួន ១១៧,០២៩ នាក់បន្ថែមទៀតពីប្រទេសមីយ៉ាន់ម៉ា ៣៨,៩៣៣ នាក់ ពីប្រទេសកម្ពុជា និង ១១,៩៩៩ នាក់ មកពីប្រទេសឡាវ។ អ្នកខ្លះបានសួរថាហេតុអ្វីបានជាមិនអោយជនជាតិថៃដែលអត់ការងារធ្វើ ចូលធ្វើការងារទាំងនេះមុននឹងនាំចូលពលករចំណាកស្រុកបន្ថែម ខណៈដែលអ្នកផ្សេងទៀតមើលឃើញថាការលើកឡើងបែបនេះមិនសមហេតុផលទេ ដោយអះអាងថាជនជាតិថៃមិនធ្វើការងារដោយប្រើកំលាំងនោះទេ។

លោក Yongyuth Chalamwong នាយកផ្នែកស្រាវជ្រាវការងារនៅមូលនិធិវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃ (TDRI) បាននិយាយថា លោកជឿជាក់ថាអ្នកស្វែងរកការងារធ្វើជនជាតិថៃប្រហែល ៦០០,០០០ នាក់នឹងអាចបំពេញកន្លែងការងារទាំងនេះបាន។ សាស្ត្រាចារ្យ Yongyuth បាននិយាយថា ពាក់កណ្តាលនៃអ្នកទាំងនេះ គឺជាកម្មករគ្មានជំនាញ ចំណែកពាក់កណ្តាលទៀតជានិស្សិតបញ្ចប់បរិញ្ញាបត្រ ដែលអ្នកខ្លះត្រូវបានអោយធ្វើសម្រាប់អ្នកដែលមានការអប់រំតិចតូច។ លោកបាននិយាយថា ស្ថានភាពអត់ការងារធ្វើនៅក្នុងប្រទេសថៃកំពុងមានការព្រួយបារម្ភ ជាពិសេសសម្រាប់និស្សិតទើបបញ្ចប់ការសិក្សាដែលមានអាយុពី ១៥-២៤ ឆ្នាំ ដែលពិបាកក្នុងការស្វែងរកការងារធ្វើនៅក្នុងទីផ្សារការងារដែលកំពុងធ្លាក់ចុះ។ លោកបានបន្តថា បើប្រៀបធៀបទៅនឹងអ្នកដែលមានបទពិសោធន៍ ជាធម្មតាវាពិតជាពិបាកសម្រាប់និស្សិតទើបបញ្ចប់ការសិក្សាក្នុងការស្វែងរកការងារធ្វើសូម្បីតែក្នុងស្ថានភាពការងារធម្មតាក៏ដោយ។ លោកបានបន្តថា អ្វីដែលជាងនេះទៅទៀត ផែនការនាំពលករចំណាកស្រុកកាន់តែច្រើន ជាពិសេសមកពីប្រទេសមីយ៉ាន់ម៉ា មិនអាចអនុវត្តបានភ្លាមៗទេ ដោយសារភាពចលាចលនយោបាយក្នុងប្រទេស។

លោកថា ប្រតិបត្តិករអាជីវកម្ម ដូចជាអ្នកនៅក្នុងឧស្សាហកម្មផ្លែឈើ គួរតែពិចារណាជួលកម្មករថៃបន្ថែមទៀត ជាជាងពឹងផ្អែកលើជនចំណាកស្រុកដែលពួកគេធ្លាប់ជួលមុនការរាតត្បាតជំងឺកូវីដ។ ពួកគេក៏អាចនឹងឃើញកម្មករដែលមានឆន្ទៈក្នុងការទទួលការងារច្រើនជាងការរំពឹងទុករបស់ពួកគេ។ លោកបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ និយោជកទាំងនេះប្រហែលជាត្រូវកែលម្អស្តង់ដារសុវត្ថិភាពការងារដោយការទទួលយកបច្ចេកវិទ្យាកសិកម្មថ្មី ដើម្បីទាក់ទាញកម្មករថៃឱ្យមកធ្វើការឱ្យពួកគេ។ លោកបានបន្តថា កម្មកររោងចក្រក្រោមកិច្ចសន្យាជាច្រើនដែលត្រូវបានបញ្ឈប់កាលពីពេលថ្មីៗនេះ នៅខេត្តរ៉ាក់យ៉ងប្រហែលជាចង់ធ្វើការងាររើសផ្លែឈើក្នុងខេត្ត ប្រសិនបើពួកគេត្រូវបានជួល។ លោកបាននិយាយថា ការកែលម្អស្ថានភាពគ្មានការងារធ្វើមិនមែនជាទំនួលខុសត្រូវតែមួយគត់របស់ក្រសួងការងារនោះទេ ប៉ុន្តែក៏ជាបន្ទុករបស់ភាគីជាច្រើនទៀត រួមទាំងប្រតិបត្តិករអាជីវកម្មផងដែរ។

លោកបន្តថា ទន្ទឹមនឹងនេះ ពលករថៃគួរតែលើកកម្ពស់ក្រមសីលធម៌ការងាររបស់ខ្លួន និងព្យាយាមស្មោះត្រង់ជាមួយនិយោជកកាន់តែខ្លាំង។ លោកជឿជាក់ថា មនុស្សគ្រប់រូបមានការងារសមរម្យសម្រាប់ពួកគេ ប៉ុន្តែបញ្ហាគឺកម្មករជាច្រើននៅតែមិនអាចទទួលបានព័ត៌មានស្តីពីឱកាសការងារដែលអាចសាកសមនឹងពួកគេ។

ទន្ទឹមនឹងនោះ លោក Poj Aramwattananont អនុប្រធានសភាពាណិជ្ជកម្មថៃបាននិយាយថា អាជីវកម្មនៅទូទាំងវិស័យជាច្រើនឥឡូវនេះមានបុគ្គលិកតិច។ លោកបន្តថា សម្រាប់សំណង់មួយត្រូវការកម្មករជិត ១០ ម៉ឺននាក់បន្ថែមទៀត ជាពិសេសសម្រាប់គម្រោងដែលមានសម្បទានពីរដ្ឋាភិបាល។ លោកបានបន្តថា អាជីវកម្មទាំងអស់នេះកំពុងស្នើសុំឱ្យរដ្ឋាភិបាលនាំយកពលករចំណាកស្រុកកាន់តែច្រើន ជាពិសេសជនជាតិមីយ៉ាន់ម៉ាដែលមានតម្រូវការរហូតដល់ ៨០% នៃតម្រូវការនៅក្នុងទីផ្សារការងារនៅទីនេះ។ ចំពោះគំនិតជំនួសពលករចំណាកស្រុកជាមួយជនជាតិថៃដែលគ្មានការងារធ្វើនោះ លោក Poj បាននិយាយថាវាទំនងជាមិនជោគជ័យទេព្រោះមានមនុស្សមិនច្រើននាក់ដែលមានឆន្ទៈធ្វើការងារប្រើកំលាំងខ្ពស់ ដែលកម្មករចំណាកស្រុកកំពុងធ្វើនោះទេ។ លោកបាននិយាយថា ជាច្រើនឆ្នាំកន្លងមក ពលករថៃភាគច្រើនដែលធ្វើការងារប្រភេទនេះ ដូចជាការងារសំណង់ គឺជាមនុស្សដែលមកពីភាគឦសាននៃទីក្រុងបាងកក និងខេត្តជុំវិញ។ លោកបានបន្តថា ឥឡូវនេះ មានមនុស្សតិចណាស់មកពីតំបន់នេះដែលធ្វើការងារទាំងនេះ។ លោកបានបន្តថា៖ «ប្រជាជនថៃភាគច្រើនមាននិន្នាការស្វែងរកការងារដែលមិនសូវប្រើកំលាំង។ “មនុស្សជំនាន់ថ្មីដែលមានអាយុពី ១៨-៣០ ឆ្នាំ មានទំនោរទៅខាងអាជីវកម្មអនឡាញ ដែលរកប្រាក់បានកាន់តែច្រើន។”

លោក Chalee Loysoong ប្រធានគណៈកម្មាធិការសាមគ្គីភាពការងារថៃ បាននិយាយថា និយោជកដែលជួលកម្មករថៃ និងពលករចំណាកស្រុកមុនជំងឺរាតត្បាត គួរពិចារណាជួលជនជាតិថៃបន្ថែមទៀត ដើម្បីជំនួសពលករចំណាកស្រុកដែលចាកចេញពីប្រទេសថៃ ហើយមិនអាចវិលត្រឡប់មកវិញបាន។ លោកបាននិយាយថា មានពលករចំណាកស្រុកជាង ២.១ លាននាក់ត្រូវបានអនុញ្ញាតឱ្យធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ។ លោកបានបន្តថា ដោយសារខិតខំរក្សាកម្មករទាំងនេះ រដ្ឋាភិបាលបានសម្រេចអនុញ្ញាតបន្ថែមទៀតឱ្យពួកគេមានប័ណ្ណការងារ និងបន្តទិដ្ឋាការដោយមិនចាំបាច់វិលត្រឡប់ទៅប្រទេសកំណើតវិញជាមុនឡើយ ព្រោះពួកគេត្រូវធ្វើក្នុងស្ថានភាពធម្មតា៕ ប្រភពៈ Bangkokpost

website_news/2022190401.txt · Last modified: 2022/04/19 12:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki