website_news:2022190701

សភាពាណិជ្ជកម្មថៃនិយាយថា ប្រទេសថៃត្រូវការពលករចំណាកស្រុកបន្ថែមទៀត

https://www.information.gov.kh/ AKP ភ្នំពេញថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២

សភាពាណិជ្ជកម្មថៃ (TCC) បានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ពលករចំណាកស្រុកបន្ថែមទៀតក្នុង វិស័យផ្សេងៗ ដើម្បីជួយសេដ្ឋកិច្ចថៃឱ្យងើបឡើងវិញពីជំងឺរាតត្បាត។ អនុប្រធាន TCC លោក ផូច អារ៉ាមវឌ្ឍនានុនត៍ បាននិយាយថា មានតម្រូវការខ្ពស់សម្រាប់ពលករនៅក្នុងវិស័យដែលពឹងផ្អែកទៅលើកម្លាំងពលកម្ម ដូចជាទំនិញកសិកម្ម និងការកែច្នៃម្ហូបអាហារសម្រាប់ការនាំចេញ សំណង់ ទេសចរណ៍ និងសេវាកម្មជាដើម។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា កត្តានានាដូចជាបញ្ហានៅក្នុងប្រទេសដើមរបស់ពលករចំណាកស្រុក និងការប្រកួតប្រជែងសម្រាប់ពលករមកពីប្រទេសផ្សេងៗទៀត កំពុងរារាំងដល់ការជ្រើសរើសពលករ ហើយនេះជាហេតុធ្វើឱ្យការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសថៃមានភាពយឺតយ៉ាវ។ អនុប្រធានរូបនេះបានប៉ាន់ប្រមាណថា ព្រះរាជាណាចក្រមួយនេះនឹងត្រូវការពលករចំណាកស្រុកយ៉ាងហោចណាស់ពី ៣លានទៅ ៤លាននាក់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនដើរទៅមុខ។ យោងតាមលោក ភែរ៉ូច ចុតីកាសាធៀន ប្រធាននាយកដ្ឋានការងារនៃក្រសួងការងារថៃបានឱ្យដឹងថា បច្ចុប្បន្ន ប្រទេសថៃមានពលករចំណាកស្រុកចំនួន ២,៥លាននាក់មកពីប្រទេសឡាវ កម្ពុជា និងមីយ៉ាន់ម៉ា។ ដើម្បីដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្ម គណៈរដ្ឋមន្ត្រីបានអនុម័តផែនការគ្រប់គ្រងការងារ ដែលរួមមានការអនុញ្ញាតឱ្យពលករនិយោជិតដែលមានឯកសារអាចស្នាក់នៅរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥។ ពលករដែលមិនមានឯកសារក៏នឹងត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះ និងធ្វើការរហូតដល់កាលបរិច្ឆេទខាងលើដូចគ្នា។ លោកបាននិយាយបន្ថែមថា ជាមួយនឹងផែនការការងារដែលបានធ្វើឱ្យប្រសើរឡើងនេះ និងការមកដល់នៃពលករកាន់តែច្រើនថែមទៀត ប្រទេសថៃអាចនឹងទទួលបានពលករចំណាកស្រុកប្រមាណជិត ៣លាននាក់នៅត្រឹមដំណាច់ឆ្នាំនេះ៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2022190701.txt · Last modified: 2022/07/19 10:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki