website_news:2022190702

អង្គការសង់ត្រាល់អប់រំពលរដ្ឋអំពីសិទ្ធិការងារ និងចំណាកស្រុកស្របច្បាប់នៅបន្ទាយមានជ័យ

https://www.rfa.org/khmer/ ដោយ អាស៊ីសេរី 2022.07.17

សកម្មភាពអង្គការសង់ត្រាល់អប់រំផ្សព្វផ្សាយការយល់ដឹងអំពីសិទ្ធិការងារ និងហានិភ័យនៃការធ្វើចំណាកស្រុកដោយខុសច្បាប់ដល់ពលរដ្ឋនៅស្រុកថ្មពួក នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ កក្កដា ២០២២។ មន្ត្រីអង្គការសង់ត្រាល់(CENTRAL)ចុះអប់រំផ្សព្វផ្សាយការយល់ដឹងអំពីសិទ្ធិការងារ និងហានិភ័យនៃការធ្វើចំណាកស្រុកដោយខុសច្បាប់ដល់ពលរដ្ឋនៅស្រុកថ្មពួក នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ កក្កដា ។ ពលរដ្ឋ និងអាជ្ញាធរសារទរចំពោះការអប់រំនេះថា ជារឿងល្អ ដើម្បីកុំឱ្យប្រជាពលរដ្ឋចាញ់បោកមេខ្យល់នាំឆ្លងដែនប្រថុយប្រថានទៅប្រទេសថៃដោយខុសច្បាប់។ ការអប់រំអំពីសុវត្ថិភាព នៃការធ្វើចំណាកស្រុកនេះមានពលរដ្ឋចូលរួមចំនួន ៤១ នាក់ ដែលធ្វើឡើងនៅឃុំគោគរមៀត ស្រុកថ្មពួក នៅពីថ្ងៃទី១៧ ខែកក្កដា ក្នុងនោះក៏មានអាជ្ញាធរមូលដ្ឋានចូលរួមក្នុងកម្មវិធីនេះដែរ។

ពលរដ្ឋរស់នៅឃុំគោករមៀត លោកស្រី ធៀន ថៃ ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃ ១៧កក្កដា ថា ការអប់រំនេះជាការល្អប្រសើរ និងទទួលបានចំណេះដឹងថ្មីៗទាក់ទងនឹងហានិភ័យនៃការធ្វើចំណាកស្រុក និងច្បាប់ការងារមួយចំនួនបន្ថែម ។ លោកស្រីបន្តថា កន្លងមកលោកស្រីមិនយល់អំពីហានិភ័យ នៃការចំណាកស្រុកខុសច្បាប់ ដោយប្រថុយប្រថាននោះទេ ។ លោកស្រីអះអាងថា លោកស្រីក៏ធ្លាប់មានមេខ្យល់នាំឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ដែរ ហើយទទួលបានប្រាក់តិចតួចទៅតាមក្រុមមេខ្យល់អោយ ដោយមិនហ៊ានតវ៉ាជាមួយគេនោះទេ ព្រោះខ្លាចអាជ្ញាធរថៃចាប់ដាក់ពន្ធនាគារ ។ លោកស្រីបញ្ជាក់ថា ក្រោយពីចូលរួមវគ្គផ្សព្វផ្សាយនេះរួច គឺលោកស្រីយល់ច្បាស់ថាកន្លងមក លោកស្រីបានចាញ់បោកក្រុមមេខ្យល់ គេងប្រវ័ញ្ចកម្លាំងពលករ៖ «គាត់បានមកពន្យល់ គាត់ក៏ពន្យល់ល្អ ដើម្បីដាស់តឿនយើង យើងទៅធ្វើការនៅប្រទេសថៃ ។ បើសិនជាគេបោកគេអីគាត់អោយទំនាក់ទំនងតាមលេខទូរស័ព្ទ ហើយបើយើងទៅណាមកណា ក៏ទៅតាមច្បាប់ ឱ្យមានប័ណ្ណឆ្លងព្រំដែន (Border pass) ក្រដាសឆ្លងដែនអីណា ។ ពីមុនខ្ញុំមិនដឹងអីផង បើលោកគ្រូគាត់មកពន្យល់អ៊ីចឹង មានន័យថាមានការយល់ច្រើន ខ្ញុំចង់ឱ្យគាត់មកពន្យល់មកឱ្យបានច្រើនជាងហ្នឹង ។ គាត់មកញឹកកាន់តែល្អ បានយល់ច្រើន បើសម្រាប់កូនចៅទៅណាមកណា យើងក៏មានលេខទូរស័ព្ទ លេខអីទាក់ទងទៅរកពួកគាត់ហ្នឹងណា ។ លោកគ្រូគាត់ដែលឱ្យលេខទូរសព្ទមកហ្នឹងណា»។

ទាក់ទងនឹងបញ្ហានេះនាយករងរដ្ឋបាលស្រុកថ្មពួក លោក ធុង សារ៉េត ប្រាប់វិទ្យុអាស៊ីសេរី ថា លោកសប្បាយចិត្ត និងសហការជាមួយអង្គការសង់ត្រាល់ ក្នុងការផ្សព្វផ្សាយពីសិទ្ធិការងារ និងការចំណាកស្រុកស្របច្បាប់ដល់ពលរដ្ឋក្នុងសហគមន៍ ។ លោកបន្តថា កន្លងមកអាជ្ញាធរស្រុកក៏តែងតែអប់រំពលរដ្ឋក្នុងសហគមន៍ឱ្យយល់ដឹងអំពីការធ្វើចំណាកស្រុកដែរ ប៉ុន្តែលោកក៏ទទួលស្គាល់ថានៅមានចន្លោះប្រហោងខ្លះចំពោះការអនុវត្តការងារមួយចំនួនពីការផ្សព្វផ្សាយ ដោយសារមានអាជ្ញាធរមានការងារមមាញឹកច្រើន ។ លោក ធុង សារ៉េត ឱ្យដឹងថា គិតត្រឹមខែ មិថុនា មានពលរដ្ឋខ្មែរស្រុកថ្មពួក ធ្វើចំណាកស្រុកជាង ១ពាន់៥០០នាក់ (១.៥៤៦ )នាក់ ក្នុងនោះមានស្ត្រី ៧៥០ នាក់ នេះជារបាយការណ៍ឆមាសទី១ ឆ្នាំ២០២២របស់អាជ្ញាធរស្រុក៖ «ក្នុងនាមខ្ញុំជាអាជ្ញាធរ គឺមានវិធានការសម្រាប់ជួយឱ្យអនុវត្តបានទូលំទូលាយតាមបណ្តាភូមិឃុំទី១ គឺទាក់ទង និងការជំរុញដល់អាជ្ញាធរដូចជាឃុំភូមិអី យកចិត្តទុកដាក់បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋតាមរយៈកិច្ចប្រជុំអី ជំរុញឱ្យគាត់ផ្សព្វផ្សាយ ដាក់ក្នុងរបៀបវារៈកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ ក៏ដូចជាក្រុមប្រឹក្សាស្រុក ឱ្យមេភូមិជួយសហការជាមួយខាងអង្គការដៃគូ ក៏ដូចជាជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបន្ថែមទៀត ។ ហើយចំពោះក្នុងនាមខ្ញុំជាអាជ្ញាធរមួយរូបដែរ ខ្ញុំ នឹងកៀរគរ ក៏ដូចជាអំពាវនាវ ស្នើសុំអង្គការដៃគូ ឱ្យជួយគាំទ្រសកម្មភាពឱ្យបានច្រើនបន្ថែមទៀត ។ ក្រៅពីអង្គការសង់ត្រាល់ ក៏យើងនៅតែកៀរគរអង្គការដៃគូផ្សេងៗឱ្យមានការប្រជុំផ្សព្វផ្សាយដែរ»។

ជុំវិញរឿងនេះ អ្នកសម្របសម្រួល(Coordinator) នៅមជ្ឈមណ្ឌល ធនធានពលករ ទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ ខេត្តបន្ទាយមានជ័យ លោក ស៊ាប សីហា ប្រាប់វិទ្យុអាស៊ីសេរីថា អង្គការសង់ត្រាល់បានអប់រំពលរដ្ឋពីសិទ្ធិការងារ និងការធ្វើចំណាកស្រុកដោយស្របច្បាប់ ហើយការអប់រំផ្សព្វផ្សាយ និងបន្តធ្វើនៅស្រុកផ្សេងៗទៀតក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឱ្យពលរដ្ឋយល់ដឹងច្បាស់លាស់ពីសិទ្ធិការងារ និងការចំណាកស្រុកដោយស្របច្បាប់ ជៀសវាងការរំលោភបំពានផ្សេងៗពីថៅកែ និងមេខ្យល់ ក្នុងកំឡុងពេលទៅការងារនៅក្រៅប្រទេស ។ លោកអះអាងថា អ្នកចូលរួមអប់រំភាគច្រើន ជាសាច់ញាតិគ្រួសាររបស់ពលរដ្ឋធ្វើចំណាកស្រុក និងទទួលបានបញ្ហាជាច្រើនពីពលរដ្ឋ ហើយអាជ្ញាធរ ក៏សប្បាយចិត្ត ដោយទទួលបានព័ត៌មានជាច្រើនពីពលរដ្ឋ ។ លោក ស៊ាប សីហា បញ្ជាក់ថា កាលពីខែមិថុនាកន្លងទៅ ក៏បានអប់រំពលរដ្ឋប្រមាណជិត ១ពាន់នាក់ ស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុក ស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកមង្គលបុរីដែរ៖ «ដើម្បីឱ្យប្រជាពលរដ្ឋគាត់សំណាកស្រុកហ្នឹងមានសុវត្ថិភាព ទាំងការធ្វើចំណាកស្រុកពេលដែលគាត់ទៅដល់ប្រទេសគោលដៅហ្នឹង អោយគាត់ស្គាល់អំពីសិទ្ធិរបស់គាត់ ថា ការធ្វើការងារហ្នឹង មិនត្រូវបានរំលោភបំពានពីថៅកែ ហើយមួយវិញទៀតឱ្យគាត់មានប្រាក់សល់អីផ្ញើរមកក្រុមគ្រួសារដែលនៅស្រុកវិញណាបង ។ យើងឃើញថាប្រជាពលរដ្ឋគាត់មានបញ្ហាត្រង់ថា ការចំណាកស្រុកទាំងមានឯកសារក្តី ពុំមានឯកសារក្តីក៏ជាបញ្ហាមួយដែលពេលគាត់ឆ្លងទៅដល់ប្រទេសគោលដៅអ៊ីចឹង គាត់មានបញ្ហារំលោភបំពានពីថៅកែអ៊ីចឹង ។ អង្គការសង់ត្រាល់ហ្នឹង មានកម្មវិធីមួយ គឺចងក្រងក្រុមស្ម័គ្រចិត្តគេហៅថា ស្មា(SMA) ហ្នឹងទៅតាមមូលដ្ឋាន ដើម្បីបញ្ជ្រាបផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ដែលនៅតាមមូលដ្ឋានហ្នឹងឯង»។

អង្គការសង់ត្រាល់អប់រំពលរដ្ឋអំពីចំណេះដឹងសុវត្ថិភាព នៃការធ្វើចំណាកស្រុក និងការពារខ្លួនកុំឱ្យចាញ់បោកមេខ្យល់ និងអំពីក្រុមហ៊ុនដែលបានចុះបញ្ជី(MOU)អនុសារៈយោគយល់គ្នាជាមួយកម្ពុជានិងថៃ រួមទាំងឯកសារស្របច្បាប់ពលរដ្ឋត្រូវមាន ដើម្បីចៀសវាងមានការកេងប្រវ័ញ្ចពីថៅកែ ។ អង្គការសង់ត្រាល់រកឃើញថា ពលរដ្ឋ ជាង២ពាន់នាក់ត្រូវបានចាញ់បោកក្រុមមេខ្យល់ ក្នុងរយៈពេល៦ខែ ដែលនាំទៅធ្វើការនៅក្រៅប្រទេស ពិសេសគឺប្រទេសថៃ ចាប់ពីខែមករា ២០២២ មក៕

website_news/2022190702.txt · Last modified: 2022/07/19 10:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki