website_news:2022190703

ពលករខ្មែរប្រមាណ៤០នាក់នៅតែមិនទាន់ទទួលបានប្រាក់ខែ ពីថៅកែថៃ

https://www.rfa.org/khmer/ ដោយ ជាតិ ចំណាន 2022.07.16

ពលករខ្មែរធ្វើការជាកម្មករសំណង់ប្រមាណ៤០នាក់ រស់នៅក្នុងការដ្ឋានសំណង់មួយនៅទីក្រុងបាងកក (Bangkok) ប្រទេសថៃ ត្អូញត្អែរថា ពួកគាត់មិនមានអាហារហូបចុក និងលុយចាយប្រចាំថ្ងៃទេ ព្រោះថៅកែមិនបានបើកប្រាក់ខែឲ្យពួកគាត់៤៣ថ្ងៃមកហើយ។ ពួកគាត់ទទូចដល់ស្ថានទូតខ្មែរ និងអង្គការសប្បុរសនានា ជួយផ្ដល់ជាស្បៀងអាហារតិចតួច និងជួយអន្តរាគមន៍ឲ្យថៅកែបើកប្រាក់ខែឲ្យពួកគាត់។ ពលករ ពលការិនីប្រមាណ៤០នាក់ ដែលធ្វើការសំណង់នៅប្រទេសថៃ កំពុងបន្តទន្ទឹងរង់ចាំប្រាក់ឈ្នួលពីថៅកែជាងមួយខែមកហើយ ប៉ុន្តែថៅកែ ចេះតែសន្យាពីមួយអាទិត្យហើយ មួយអាទិត្យទៀត។ ពលករទាំងអស់ថ្ងូរថា ស្ថានភាពពួកគាត់លំបាកជាង ១ខែហើយ គឺមិនមានម្ហូបអាហារបរិភោគ ប្រាក់ចំណាយផ្សេងៗ ពេលខ្លះឈឺមិនហ៊ានទៅមន្ទីរពេទ្យ ព្រោះគ្មានលុយបង់ថ្លៃព្យាបាល។

ពលការិនីធ្វើការសំណង់នៅទីក្រុងបាងកកលោកស្រី ញឹម សារម្យ រស់នៅប្រទេសថៃ ៥ឆ្នាំ មកពីស្រុកសង្កែ ខេត្តបាត់ដំបង ប្រាប់វិទ្យុអាស៊ីសេរីនៅរសៀលថ្ងៃទី១៦ ខែកក្កដាថា ពលករទាំងអស់នៅការដ្ឋានសំណង់ខណ្ឌចតុចក្រនេះ ដេកចាំឲ្យថៅកែបើកប្រាក់ខែឲ្យ ។ លោកស្រីបន្តថា ថៅកែសន្យានឹងសងថ្លៃពលកម្មឲ្យទាំងអស់ និងស្នើសុំឲ្យពួកគាត់ទៅធ្វើការសិន តែលោកស្រីបានបដិសេធព្រោះគ្មានលុយទិញអង្ករ ម្ហូប ចំណី គ្មានកម្លាំងធ្វើការទេ។ លោកស្រីស្នើដល់ស្ថានទូតខ្មែរសូមចុះជួយដល់ពលករទាំងអស់ ដោយជួយចរចាជាមួយថៅកែ ដើម្បីបើកប្រាក់ឈ្នួលដល់កម្មករសំណង់ទាំងអស់ផង៖ «ចាស! គេថាឲ្យ ឲ្យ ប៉ុន្តែដល់ខ្ញុំមកបីថ្ងៃទទឹកភ្លៀង ទទឹកអីមកទៅ ដល់ពេលមកអត់ ដល់អត់មកអត់ ដល់ពេលគេថាហោចាំមើលថ្ងៃនេះថ្ងៃនោះទៀត។ បើថាឲ្យមិនបានពេញក៏ហីចុះ ក្នុងរយៈពេលជាង១ខែហ្នឹងណា៎ បានត្រឹមតែថ្លៃម្ហូបតិចតួចកូនង៉ាន(កូនឈ្នួល)គ្នាក៏អស់ចិត្តដែរ យកទៅសង ថ្លៃកាប់ខាវគេ ថ្លៃម្ហូបគេ រួចហើយចាំទៅណាទៅណីទៀត ថាចាំមើលមើល ។ កំណត់ដូចពាក្យគេនិយាយ។កុំឲ្យថាយើង គេនិយាយអីចឹងហើយ យើងជឿនេះជឿនោះមកខ្លាចគេខឹងយើងអីចេះទៀត ព្រោះធម្មតាខ្មែរវា ដូចថាវាត្រូវគេធ្វើបាបគេជិះជាន់អីចឹង បើមិនថានិយាយទៅ នៅលើតែគេថា នៅលើតែមាត់គេ»។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការស្រាយបំភ្លឺជុំវិញរឿងនេះពីមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃលោក ផៃ លន បានទេនៅល្ងាចថ្ងៃទី១៦ខែកក្កដា ដោយទូរស័ព្ទហៅចូលជាច្រើនដងតែពុំមានអ្នកទទួល។ ជុំវិញរឿងនេះ មន្ត្រីគម្រោងនៃអង្គការសង់ត្រាល់(Central) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន លើកឡើងថា បញ្ហាដែលពលករចេះតែចួបគឺរឿងដែលថៅកែច្រើនតែយកប្រៀប និងកេងចំណេញលើកម្លាំងពលកម្មរបស់ពលករនោះ ដោយសារពួកថៅកែទាំងនោះមើលឃើញថាពួកគាត់មិនមានឯកសារស្របច្បាប់ដើម្បីធ្វើការ ។ ម្យ៉ាងទៀតនៅពេលដែលពលករទៅធ្វើការឲ្យ ថៅកែមិនបាននិយាយរឿងលក្ខខណ្ឌប្រាក់ឈ្នួលឲ្យបានច្បាស់។ លោកបញ្ជាក់ថា ទោះក្នុងករណីណាក៏ដោយភាគច្រើនអ្នកដែលរងគ្រោះគឺពលករខ្មែរ ។ លោកផ្ដាំដល់ពលករទាំងអស់មុននឹងមកធ្វើការ ត្រូវសិក្សាឈ្វេងយល់ឲ្យបានច្បាស់នូវច្បាប់ការងារ និងអំពាវនាវដល់ស្ថានទូតខ្មែរ សុំចុះពិនិត្យ និងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលករឲ្យបានទាន់ពេល៖ «មិនបើកប្រាក់ខែឲ្យ ពន្យារថាហ៊ឹះ បើកខែប៉ុណ្ណេះៗអីចឹងណា ព្រោះអីខ្ញុំឃើញ ករណីខ្លះវាអីចឹងណា៎ ។ ករណីខ្លះពន្យារ ពន្យារ មិនចង់បើកឲ្យគ្នាទេថា អឺ! ចាំថ្ងៃនេះ ចាំថ្ងៃនោះអីចឹងណា៎ វាឃើញច្រើនអីចឹង ហើយមួយរយៈនេះឃើញបងប្អូនពលករហ្នឹងគាត់ ខលមកទំនាក់ទំនងតាមខ្ញុំដែរ តែដល់ពេលខ្ញុំនិយាយជាមួយទៅ គាត់សន្យាថាអឺ! ចាំមើលថ្ងៃនេះ ចាំមើលថ្ងៃនោះអីចឹងណា៎ វាអត់ច្បាស់លាស់ត្រង់ណាអីចឹងណា៎ ជាពិសេសគឺពលករសំណង់រ៉ាប់ម៉ៅហ្នឹងឯង»។

ពលករសំណង់តែងតែរស់នៅជាក្រុមៗមានគ្នាប្រមាណពី៤០នាក់ទៅ៥០នាក់ ហើយពួកគាត់តែងបោះតង់នៅក្បែរការដ្ឋានដែលពួកគាត់ធ្វើការនោះ។ ស្ថានភាពដែលពលកររស់នៅគឺជាខ្ទមប្រក់ពីស័ង្កសី និងជញ្ជាំងបិទបាំងដោយតង់កៅស៊ូ ។ ពលករសំណង់ថា កន្លែងស្នាក់នៅរបស់ពួកគាត់គឺរស់នៅតែបែបនេះរហូតមក បន្ទាប់ពីផ្លាស់ពីកន្លែងមួយទៅកន្លែងមួយទៀត ក្រោយពីសំណង់បានសង់រួចរាល់។ ពេលមានភ្លៀងម្ដងៗ ទឹកដក់ប៉ប៉ិចប៉ប៉ាច់ និងមានមូសច្រើន តែពួកគាត់ចេះតែទ្រាំ ស៊ូធ្វើការដោយមិនត្អូញត្អែរ ដើម្បីរកអង្ករច្រកឆ្នាំង រកលុយផ្ញើឲ្យកូនរៀន និងម្ដាយឪពុកនៅផ្ទះ។ របាយការណ៍អង្គការសង់ត្រាល់ថា សព្វថ្ងៃមានពលករខ្មែររស់នៅ និងធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់មានប្រមាណជាងពីរលាននាក់៕

website_news/2022190703.txt · Last modified: 2022/07/19 10:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki