website_news:2022190804

សម្ដេច ស ខេង លើកទឹកចិត្តឱ្យមានការ គាំទ្របន្ថែមទៀតពីអង់គ្លេស លើការងារប្រយុទ្ធប្រឆាំង បទល្មើសបច្ចេកវិទ្យា

https://dap-news.com/ ByKD102Posted on August 19, 2022

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគាំទ្រ និងបន្តលើកទឹកចិត្តឲ្យមានការគាំទ្របន្ថែមទៀត ពីចក្រភពអង់គ្លេស ជាពិសេសលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា។ នាឱកាសអនុញ្ញាតឱ្យលោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស ចូលជួបជម្រាបលា នាថ្ងៃទី១៨ សីហា សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ លោកស្រី ចំពោះការគាំទ្រ ក៏ដូចជាកិច្ចសហប្រតិបត្តិការនានា លើវិស័យពាក់ព័ន្ធជាមួយនឹងក្រសួងមហាផ្ទៃកម្ពុជា ជាពិសេសលើការងារ បណ្តុះបណ្តាលធនធានមនុស្ស ក្នុងកងកម្លាំងនគរបាលជាតិ។ សម្ដេច បានចាត់ទុកថា នេះជាកិច្ចការមួយដ៏មានសារៈសំខាន់ ខណៈក្រសួងមហាផ្ទៃកំពុងតែខិតខំ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនគរបាលជាតិ ជាមន្ត្រីបម្រើសេវាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ សម្ដេច បានបញ្ជាក់ថា “ពិតជាគាំទ្រ និងបន្តលើកទឹកចិត្តឲ្យមានការគាំទ្របន្ថែមទៀត ពីចក្រភពអង់គ្លេស ជាពិសេសលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលក៏ជាកិច្ចការមានសារៈសំខាន់ ខណៈធនធានមនុស្សលើវិស័យនេះរបស់កងកម្លាំងនគរបាលកម្ពុជា នៅមានកម្រិតនៅឡើយ”។ សម្ដេច បន្ថែមថា ការលើកកម្ពស់គុណភាពធនធានមនុស្សក្នុងវិស័យនគរបាលជាតិ ក៏ជាការរួមចំណែកដ៏សំខាន់មួយ ក្នុងការចូលរួមទប់ស្កាត់បទល្មើស ឆ្លងដែនគ្រប់ប្រភេទ ដែលកិច្ចការនេះក៏ជាកិច្ចការសំខាន់ និងមិនអាចប្រទេសណាមួយធ្វើតែម្នាក់ឯងបាននោះទេ គឺពិតជាទាមទារឱ្យមាននូវកិច្ចសហប្រតិបត្តិការជាមួយ បណ្ដាប្រទេសនានានៅក្នុងតំបន់ និងសកលលោក។

លោកស្រី Tina Redshaw បានថ្លែងអំណរដល់អង្គភាពពាក់ព័ន្ធចំណុះឱ្យក្រសួងមហាផ្ទៃ ដែលតែងផ្ដល់នូវកិច្ចសហការគាំទ្រដល់ពលរដ្ឋអង់គ្លេស ដែលជួបប្រទះការលំបាកផ្សេងៗនៅកម្ពុជា ជាពិសេសពាក់ពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ និងការជួយសម្រួលឱ្យផ្នែកកុងស៊ុលរបស់ស្ថានទូតអង់គ្លេសបានជួបប្រាស្រ័យ ជាមួយជនជាតិអង់គ្លេសដែលជាប់ឃុំនៅតាម បណ្ដាពន្ធនាគាររបស់កម្ពុជា។ លោកស្រី ក៏យកឱកាសនេះជម្រាបជូន សម្ដេចក្រឡាហោម ផងដែរអំពីវេទិកាអន្តរភាគីនានា ក៏ដូចជាកម្មវិធីមួយចំនួនទៀតដែលបានផ្តល់នូវការជួយគាំទ្រដល់ការអភិវឌ្ឍលើវិស័យធនធានមនុស្សរបស់កម្ពុជា ជាពិសេសពាក់ព័ន្ធទៅនឹងការលើកកម្ពស់ធនធានមនុស្សក្នុង វិស័យនគរបាលជាតិដែលកម្មវិធី ក៏ដូចជាវេទិកាទាំងនោះ មានការគាំទ្រពីចក្រភពអង់គ្លេស៕

website_news/2022190804.txt · Last modified: 2022/08/19 11:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki