website_news:2022190805

ហ្វីលីពីនស្នើឱ្យកម្ពុជាជួយសង្គ្រោះជនជាតិខ្លួនពីអំពើជួញដូរបោកបញ្ឆោតនៅខេត្តកោះកុង

https://khmer.voanews.com/ 18 សីហា 2022ហាន ណូយ

ភ្នំពេញ៖ ស្ថានទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋរបស់ខ្លួន ចំនួនបួននាក់ ដែលស្ថានទូតអះអាងថា ត្រូវបានបង្ខំឱ្យធ្វើការជាអ្នកបោកបញ្ឆោតតាមបច្ចេកវិទ្យា (Scammer) នៅក្នុងកាស៊ីណូឡុងបេ (Long Bay) ក្នុងតំបន់តារាសាគរ នៃស្រុកគិរីសាគរ ក្នុងខេត្តកោះកុង។ នេះបើយោងតាមលិខិតមួយច្បាប់របស់ស្ថានទូតហ្វីលីពីន ដែលបានចុះថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ ដែលវីអូអេទទួលបាន កាលពីថ្ងៃពុធ។

បើតាមលិខិតដដែលនោះ ប្រជាពលរដ្ឋហ្វីលីពីនចំនួនបួននាក់ ត្រូវបានឆបោក ហើយពួកគេមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីបរិវេណអគារ ដែលពួកគេធ្វើការឡើយ ប្រសិនបើពួកគេមិនមានលុយបង់។ លិខិតបន្តថា ទីតាំងរបស់ក្រុមហ៊ុន ស្ថិតនៅជាន់ទី ៤ បន្ទប់លេខ ៥០៨ នៅក្នុងអគារមួយ ដែលមិនស្គាល់ឈ្មោះ ក្នុងកាស៊ីណូឡុងបេ នៅតំបន់កម្សាន្តតារាសាគរ ក្នុងស្រុកគិរីសាគរ នៃខេត្តកោះកុង។ លិខិតបញ្ជាក់ក្នុងន័យដើមថា៖ «ស្ថានទូតស្នើឱ្យស្នងការនគរបាលជាតិ ជួយសម្របសម្រួលនៅក្នុងការសង្គ្រោះប្រជាពលរដ្ឋហ្វីលីពីនចំនួនបួននាក់ ពីកន្លែងការងារនៅក្នុងក្រុមហ៊ុនចិន ដោយឱ្យប្រគល់នូវលិខិតឆ្លងដែន ប្រាក់បៀវត្សរ៍ និងបញ្ជូនពួកគេទៅកាន់ទីកន្លែងដែលមានសុវត្ថិភាព»។ លិខិតសុំអន្តរាគមន៍របស់ស្ថានទូតហ្វីលីពីនប្រចាំនៅកម្ពុជា ត្រូវបានបញ្ជូនទៅសមត្ថកិច្ចខេត្តកោះកុង ហើយសមត្ថកិច្ចបញ្ជាក់ថា ខ្លួនទទួលបានលិខិតស្នើសុំអន្តរាគមន៍នេះ កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២។ នេះបើតាមលិខិតរបស់នគរបាលខេត្តកោះកុង ដែលវីអូអេទទួលបាន។

លោក ស សារ៉ាត អ្នកនាំពាក្យស្នងការនគរបាលខេត្តកោះកុង ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា លោកទើបតែទទួលបានលិខិតសុំអន្តរាគមន៍ កាលពីថ្ងៃពុធ ហើយក្រុមជំនាញបានកំពុងស៊ើបអង្កេតទៅលើបញ្ហានេះ។ លោកថ្លែងថា៖ «យើងឲ្យចាត់ចែងទៅខាងជំនាញ ហើយជំនាញបានចាត់ចែងចុះស្រាវជ្រាវបន្ត ដើម្បីរកជនរងគ្រោះ ដែលបានរាយការណ៍មកហ្នឹង។ ហើយលទ្ធផលនៃការស្រាវជ្រាវបានយ៉ាងណា គឺយើងអត់ទាន់បានព័ត៌មានមកវិញទេ ព្រោះយើងទើបទទួលបានថ្ងៃទី ១៧ ម្សិលមិញ ហើយឥឡូវបាននិងកំពុងធ្វើការងារហ្នឹងហើយ»។

វីអូអេ មិនអាចសុំការអត្ថាធិប្បាយពីស្ថានទូតហ្វីលីពីនប្រចាំនៅកម្ពុជា តាមសារអ៊ីមែលបាននៅឡើយទេ នាថ្ងៃព្រហស្បតិ៍នេះ។ នៅពេលទាក់ទងតាមលេខទូរស័ព្ទរបស់ក្រុមហ៊ុនឡុងបេ ជនជាតិចិនម្នាក់បានលើកទូរសព្ទ ហើយឲ្យជួបជនជាតិខ្មែរ ដែលជាអ្នកបកប្រែ។ ជនជាតិខ្មែររូបនោះបានស្នើឲ្យវីអូអេផ្ញើសារតាមអ៊ីមែលវិញ តាមការបង្គាប់របស់ជនជាតិចិន។ កាលពីពេលកន្លងទៅ ក៏មានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ ដែលបានបង្ហាញថា ជនបរទេស ដែលភាគច្រើនជាជនជាតិថៃ ត្រូវបានជួយសង្គ្រោះពីតំបន់ឡុងបេ នៅតារាសាគរផងដែរ។

លោក ថោង ច័ន្ទដារ៉ា អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្ស នៃសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកោះកុង ប្រាប់វីអូអេថា អាជ្ញាធរហាក់មិនសូវមានសិទ្ធិចូលទៅពិនិត្យនៅក្នុងតំបន់តារាសាគរ និងតំបន់អភិវឌ្ឍន៍ផ្សេងៗទៀត ដែលមានអគារខ្ពស់ៗ និងកាស៊ីណូឡើយ ដោយសារពួកគេមានខ្សែអ្នកធំ។ ដូច្នេះហើយរឿងរ៉ាវដែលកើតឡើងនៅខាងក្នុងអគារ កម្រត្រូវបានសាធារណជនដឹងណាស់ លុះត្រាណាមានការបែកធ្លាយ តាមរយៈការសុំអន្តរាគន៍ពីសាមីខ្លួនផ្ទាល់ ឬក៏ក្រុមគ្រួសារ។ មន្រ្តីសិទ្ធិមនុស្សរូបនេះជំរុញឱ្យអាជ្ញាធរពង្រឹងការអនុវត្តច្បាប់ និងតួនាទីរបស់ខ្លួនឡើងវិញ ដើម្បីបញ្ចៀសនូវបញ្ហាកើតឡើង។ លោកថ្លែងថា៖ «កាស៊ីណូ តំបន់ក្លឹបកម្សាន្តអី អាជ្ញាធរគួរតែមានសិទ្ធិនៅក្នុងការត្រួតពិនិត្យ ឬមួយតាមដាននូវសកម្មភាពមិនប្រក្រតីទាំងឡាយ និងបទល្មើសដែលមិនស្របច្បាប់»។

កាលពីពេលកន្លងទៅ មានសេចក្តីរាយការណ៍ថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធើណិត ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស ធ្វើការនៅតាមអគារខ្ពស់ៗនានានៅក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេ មិនឲ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។ កាលពីដើមខែសីហា ឆ្នាំ ២០២២ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ដែលមកចូលរួមកិច្ចប្រជុំអាស៊ានក្នុងប្រទេសកម្ពុជា បានជួបជាមួយអគ្គស្នងការនគរបាលជាតិកម្ពុជា ដោយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបញ្ហាការបោកប្រាស់កេងប្រវ័ញ្ចតាមប្រព័ន្ធអ៊ីនធើណិត ឬហៅថា Scam និងការជួញដូរមនុស្ស ខណៈមានសេចក្តីរាយការណ៍ថា ជនជាតិឥណ្ឌូណេស៊ីក៏បានក្លាយជាជនរងគ្រោះលើទឹកដីកម្ពុជា។ គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកបានចេញរបាយការណ៍ប្រចាំឆ្នាំអំពីការជួញដូរមនុស្សនៅលើពិភពលោក កាលពីខែកក្កដា ឆ្នាំ ២០២២។ របាយការណ៍នោះបានបង្ហាញថា កម្ពុជាបានធ្លាក់ចំណាត់ថ្នាក់ពីកម្រិតពីរ (Tier 2) មកកម្រិតបី (Tier 3) ដែលជាចំណាត់ថ្នាក់ទាបបំផុតមួយ និងមានន័យថា រដ្ឋាភិបាលកម្ពុជាមិនបានខិតខំធ្វើអ្វីជាដុំកំភួន ដើម្បីកែលម្អ ហើយមិនបានបំពេញតាមបទដ្ឋានអប្បបរមា ដូចដែលបានកំណត់។ របាយការណ៍នេះក៏បានលើកឡើងអំពីការកេងប្រវ័ញ្ចតាមប្រព័ន្ធអ៊ីនធឺណិត ឬហៅថា Scam ផងដែរ៕

website_news/2022190805.txt · Last modified: 2022/08/19 11:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki