website_news:2022190901

សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៧ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ

http://freshnewsasia.com/index.php/en/localnews/257536-2022-09-16-09-39-15.html 2022-09-16 04:39pm

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញធ្វើជាសហដឹកនាំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៧ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់នាយឧត្ដមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ។ ក្រោយបញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរបានចេញសេចក្ដីប្រកាសព័ត៌មានរួម ឲ្យដឹងថា កិច្ចប្រជុំបានដំណើរការក្នុងបរិយាកាសមិត្តភាព សាមគ្គីភាព ភាតរភាព និងយោគយល់គ្នាទៅវិញទៅមក។ ភាគីទាំងពីរទទួលស្គាល់នូវសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងមានឆន្ទៈក្នុងការរក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។ កិច្ចប្រជុំបានផ្តល់តម្លៃខ្ពស់ ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ចំនួន១៨ចំណុច។

*ទី១៖ កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការឆ្លងកាត់ព្រំដែន៖ ភាគីទាំងពីរបានឯកភាពគ្នាបន្តអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចនៅតាមតំបន់ព្រំដែនដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្តីពីការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។

*ទី២៖ កិច្ចសហប្រតិបត្តិការគ្រប់គ្រងការឆ្លងកាត់ព្រំដែន អំំឡុងពេលឆ្លងរាលដាលជំងឺកូវីដ-១៩៖ ភាគីទាំងពីរលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ បង្កើនការសម្របសម្រួលឲ្យស៊ីសង្វាក់គ្នានូវបែបបទនីតិវិធី និងវិធានការឆ្លងកាត់ព្រំដែន រួមមាន វិធានការសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងដទៃទៀត សំដៅជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន និងបើកដំណើរការឡើងវិញ នូវច្រកទ្វារព្រំដែនផ្សេងទៀតដែលមិនទាន់បានបើកដំណើរការនៅឡើយ។

*ទី៣៖ កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគនៅតាមព្រំដែន៖ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការជំរុញ និងសម្របសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន រវាងខេត្តបន្ទាយមានជ័យ-ខេត្តស្រះកែវ និងខេត្តកោះកុង-ខេត្តត្រាត។ បន្ថែមលើនេះ ភាគីទាំងពីរ ឯកភាពសហការ និងសម្របសម្រួលសកម្មភាពជំនួញ និងពាណិជ្ជកម្មនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីជំរុញចីរភាព និងវិបុលភាពរបស់ប្រជាជនរស់នៅតាមខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។

*ទី៤៖ កិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ចូន៖ ភាគីទាំងពីរគាំទ្រដល់ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ ពិចារណាឡើងវិញលើកិច្ចចរចាលើកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវគោករវាងកម្ពុជា និងថៃ ដើម្បីជំរុញការតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសទាំងពីរ។ *ទី៥៖ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មក្នុងតំបន់ព្រំដែន៖ ភាគីទាំងពីរលើកទឹកចិត្តឲ្យខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ សម្របសម្រួលដល់ការធ្វើជំនួញផលិតផលកសិកម្មឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន។ ភាគីទាំងពីរបានព្រមព្រៀងបន្តធ្វើសហប្រតិបត្តិការ លើការងារអនាម័យ និងភូត្តគាមអនាម័យ ការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺសត្វ និងរុក្ខជាតិ សហការលើការកសាងសមត្ថភាព ការផ្លាស់ប្ដូរលើព័ត៌មាន និងការស្រាវជ្រាវ និងអភិវឌ្ឍន៍។

*ទី៦៖ កិច្ចសហប្រតិបត្តិការឧស្សាហកម្ម៖ ភាគីទាំងពីរឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម ដើម្បីផ្ដល់ការគាំទ្រដល់វិនិយោគិនប្រទេសទាំងពីរ ធ្វើការបណ្តាក់ទុនបើកដំណើរ ការរោងចក្រនៅក្នុងខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ និងលើកទឹកចិត្តឲ្យមានការផ្លាស់ប្ដូរទស្សនកិច្ច រវាងមន្ត្រី និងអ្នកជំនាញក្នុងវិស័យឧស្សាហកម្ម ដើម្បីចែករំលែកឧត្តមានុវត្ត និងចំណេះធ្វើ។

*ទី៧៖ កិច្ចសហប្រតិបត្តិការលើវិស័យការងារ៖ ភាគីទាំងពីរបានឯកភាពគ្នាគាំទ្រដល់ក្រសួង ស្ថាប័ន និងមន្ត្រីពាក់ព័ន្ធនៃប្រទេសទាំងពីរ សហការសម្របសម្រួលឲ្យពលករ នៃប្រទេសទាំងពីរប្រើប្រាស់ប័ណ្ណ ព្រំដែនសម្រាប់ធ្វើការងារប្រចាំថ្ងៃ និងប្រចាំរដូវនៅតាមតំបន់ព្រំដែន។

*ទី៨៖ កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងច្រកទ្វារព្រំដែន៖ ភាគីទាំងពីរបានស្វាគមន៍ ការបើកដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (ខេត្តបាត់ដំបង)-បានខៅឌីន (ខេត្តស្រះកែវ) នៅក្នុងឆ្នាំ២០១៨ និងស្វាគមន៍ការបិទបញ្ចប់ការងារសាងសង់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន នៅក្នុងឆ្នាំ២០១៩។

ភាគីទាំងពីរក៏បានលើកទឹកចិត្តឲ្យស្ថាប័នពាក់ព័ន្ធ សហការឲ្យបានជិតស្និទ្ធដើម្បីឈានទៅបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ)- បានណងអៀន (ខេត្តស្រះកែវ) ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

បន្ថែមលើនេះ ភាគីទាំងពីរឯកភាពសហការពន្លឿនការដំឡើង និងការបើកដំណើរការច្រកទ្វារព្រំដែននៅសេសសល់ចំនួនបីទៀតជាច្រកទ្វារព្រំដែនអន្តរជាតិ មានដូចជា៖ ១៖ ច្រកទ្វារព្រំដែន អានសេះ (ខេត្តព្រះវិហារ)-អានម៉ា (ខេត្តឧប៊ុនរាជធានី), ២៖ ច្រកទ្វារព្រំដែនថ្មដា (ខេត្តពោធិ៍សាត់)-បានថាសែន (ខេត្តត្រាត) និង៣៖ ច្រកទ្វារព្រំដែនជប់គគីរ (ខេត្តឧត្តរមានជ័យ)-សាយតាតូ (ខេត្តបុរីរ៉ាំ)។ ភាគីទាំងពីរក៏បានយល់ព្រមពិនិត្យលទ្ធភាព ក្នុងការដំឡើងកម្រិតច្រកទ្វារព្រំដែនឆករកា (ខេត្តបាត់ដំបង)-បានម៉ាក់មួង (ខេត្តត្រាត) ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។ ជាងនេះទៅទៀត ភាគីទាំងពីរបានលើកទឹកចិត្តអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ឲ្យធ្វើការវាស់វែងលម្អិតនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ និងភូមិណនម៉ាក់មួន ខេត្តស្រះកែវ ដើម្បីបង្កើតច្រកទ្វារតំបន់ព្រំដែនថ្មីមួយទៀត។ បន្ថែមលើនេះ ភាគីទាំងពីរឯកភាពថា មិនបិទច្រកទ្វារព្រំដែនជាឯកតោភាគីឡើយ។ ការបិទច្រកទ្វារព្រំដែនណាមួយ គប្បីធ្វើឡើងដោយមានហេតុផលច្បាស់លាស់ និងតាមការចាំបាច់ និងដោយមានការព្រមព្រៀងពីអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ។

*ទី៩៖ កិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈ និងការអភិវឌ្ឍសហគមន៍៖ ភាគីទាំងពីរឯកភាពជំរុញឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ឬរៀបចំសិក្ខាសាលា ឬសន្និសីទផ្សេងៗ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ព្រមទាំងវឌ្ឍនភាពលើការងារសេវាសុខាភិបាល។

*ទី១០៖ កិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយ៖ ភាគីទាំងពីរឯកភាពពិនិត្យលទ្ធភាពបង្កើតអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការផ្ដល់ជំនួយបន្ទាន់ និងការឆ្លើយតបគ្រោះមហន្តរាយ។

*ទី១១៖ កិច្ចសហប្រតិបត្តិការកាប់ឈើខុសច្បាប់៖ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ ខេត្ត និងកងកម្លាំងមានសមត្ថកិច្ចតាមបណ្តាខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ក្នុងការអប់រំណែនាំប្រជាពលរដ្ឋមិនឲ្យចាញ់ការអូសទាញ ទៅកាប់ឈើខុសច្បាប់តាមតំបន់ព្រំដែន និងក្នុងការអនុវត្ត វិធានការទប់ស្កាត់ និងបង្ក្រាបការកាប់ឈើខុសច្បាប់បានទាន់ពេលវេលា។

*ទី១២៖ កិច្ចសហប្រតិបត្តិការថែរក្សាបរិស្ថានព្រំដែន៖ ភាគីទាំងពីរបានឯកភាពចាត់ឲ្យខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីថែរក្សាបរិស្ថាន រួមបញ្ចូលការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ នៅតាមបណ្ដោយព្រំដែន។

*ទី១៣៖ កិច្ចសហប្រតិបត្តិការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែន៖ ភាគីទាំងពីរវាយតម្លៃខ្ពស់ ចំពោះកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ដែលបានខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសអំពើភេរវកម្ម ការជួញដូរគ្រឿងញៀនដោយខុសច្បាប់ ការជួញ ដូរមនុស្ស និងការរត់ពន្ធមនុស្ស ការជួញដូរអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះ។ បន្ថែមលើនេះ ភាគីទាំងពីរ គាំទ្រការកសាងភូមិសគ្មានគ្រឿងញៀន និងពង្រឹងដំណើរការ នៃការិយាល័យទំនាក់ទំនងព្រំដែន (BLO) និងផែនការសកម្មភាពពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបការជួញ ដូរគ្រឿងញៀន នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

*ទី១៤៖ កិច្ចសហប្រតិបត្តិការបោសសម្អាតមីន៖ ភាគីទាំងពីរឯកភាពបន្តសហការការងារ ដើម្បីសម្របសម្រួលប្រតិបត្តិការដោះមីន ដោយមនុស្សធម៌នៅតំបន់តាមបណ្ដោយព្រំដែន ក្នុងគោលបំណងបំពេញកាត្វកិច្ច ស្របតាមតាមមាត្រា៥ នៃអនុសញ្ញាស្ដីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។

*ទី១៥៖ កិច្ចសហប្រតិបត្តិការទេសចរណ៍៖ ភាគីទាំងពីរឯកភាពលើការអភិវឌ្ឍផ្លូវទេសចរណ៍រួម ក្រោមមូលបទ «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ» និងគាំទ្រលើការអភិវឌ្ឍការតភ្ជាប់ទេសចរណ៍ រវាងខេត្តឆ្នេរសមុទ្រកម្ពុជា និងខេត្តភាគខាងកើតប្រទេសថៃ។

*ទី១៦៖ កិច្ចសហប្រតិបត្តិការខេត្ត/ក្រុងសម្ព័ន្ធមេត្រី៖ លើកទឹកចិត្តឲ្យមានសកម្មភាពរួមគ្នា ដើម្បីជំរុញភាពជាដៃគូទីក្រុងសម្ព័ន្ធមេត្រី ឲ្យកាន់តែប្រសើរឡើង និងប្រកបដោយចីរភាព។ ក្នុងនាមជាអ្នកជិតខាងល្អ ភាគីទាំងពីរឯកភាព ធ្វើការរួមគ្នាពង្រឹងការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារ និងថែរក្សា សម្បត្តិវប្បធម៌ និងធ្វើការឲ្យកាន់តែជិតស្និទ្ធ ដើម្បីលើកកម្ពស់ការយល់ដឹងសាធារណៈ ការយោគយល់ ទៅវិញទៅមក និងការគោរពទៅវិញទៅមកនៃវប្បធម៌ និងអត្តសញ្ញាណជាតិនីមួយៗ។

*ទី១៧៖ យន្តការកិច្ចសហប្រតិបត្តិការថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន៖ ភាគីទាំងពីរលើកទឹកចិត្ត អភិបាលខេត្តជាប់ព្រំដែន និងថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុង ស្រុកជាប់ព្រំដែន នៃប្រទេសទាំងពីរ ឲ្យសហការរៀបចំកិច្ចប្រជុំជាប្រចាំ ដោយប្តូរវេនគ្នាជាម្ចាស់ផ្ទះ ទៅតាមការព្រមព្រៀងគ្នារវាងអភិបាលខេត្ត ជាប់ព្រំដែននៃប្រទេសទាំងពីរ។

*ទី១៨៖ កិច្ចការផ្សេងៗ៖ ភាគីទាំងពីសម្ដែងនូវក្តីសោមន្សរីករាយចំពោះខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២០ ដែលបានរៀបចំព្រឹត្តិការណ៍ អបអរសាទរជាច្រើនពេញមួយឆ្នាំ។

កិច្ចប្រជុំលើកទឹកចិត្តឲ្យមានសកម្មភាព ឬព្រឹត្តការណ៍បន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នៅចុងបញ្ចប់នៃសេចក្ដីព័ត៌មានរួមស្ដីពីកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៧ ភាគីកម្ពុជាបានបញ្ជាក់ពីយល់ព្រមទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨ ដោយកាលបរិច្ឆេទ ពេលវេលា និងទីកន្លែងរៀបចំកិច្ចប្រជុំលើកទី៨ នឹងត្រូវពិភាក្សាគ្នាតាមផ្លូវទូត៕

website_news/2022190901.txt · Last modified: 2022/09/19 10:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki