website_news:2022190903

ប្រេសិតវៀតណាមប្រចាំកម្ពុជានិយាយថា មានការស្វែងរកជំនួយទាំងថ្ងៃទាំងយប់ពីមនុស្សដែលលក់ទៅធ្វើជាទាសករ

https://www.khmertimeskh.com/501151709//?p=1151709 September 16, 2022

ចំនួនមនុស្សយ៉ាងច្រើនដែលធ្វើដំណើរពីប្រទេសវៀតណាមមកខេត្តព្រះសីហនុ ប្រទេសកម្ពុជា ហើយត្រូវបានធ្លាក់ទៅក្នុងទាសភាពសម័យទំនើប គឺជាបញ្ហាប្រឈមដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ចាប់តាំងពីដើមឆ្នាំនេះ ស្ថានកុងស៊ុលវៀតណាមប្រចាំក្រុងព្រះសីហនុ បានសហការជាមួយអាជ្ញាធរកម្ពុជា ធ្វើការស្វែងរក៥០-៦០ដង និងជួយសង្គ្រោះមនុស្សជាង៦០០នាក់ ពីពលកម្មដោយបង្ខំ។ ចាប់តាំងពីឆ្នាំមុន ជនជាតិវៀត ណាមជាង ៨០០ នាក់ ត្រូវបានគេជួយសង្គ្រោះពីខេត្តព្រះសីហនុ។ ប៉ុន្តែអគ្គកុងស៊ុលលោក Vu Ngoc Ly បាននិយាយថា ចំនួនពិតប្រាកដនៃជនរងគ្រោះវៀតណាមដែលធ្វើការអោយក្រុមឆបោកនៅកម្ពុជាគឺធំជាងនេះ ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះប្រឈមនឹងបញ្ហាជាច្រើន។ លោកបានបន្តថា បញ្ហាធំបំផុតនោះគឺចំនួនប្រជាជន វៀតណាមយ៉ាងច្រើនបានមកកម្ពុជា ដែលបណ្តាលឱ្យមានជនរងគ្រោះជាច្រើន ហើយជារៀងរាល់ថ្ងៃស្ថានកុងស៊ុលទទួលបានសំណើជាច្រើនដើម្បីជួយសង្គ្រោះ។ “ការហៅទូរសព្ទថ្មីៗមានទាំងយប់ទាំងថ្ងៃឥតឈប់ឈរ យើងមិនហ៊ានបិទទូរសព្ទរបស់យើងទេ”។

លោកនិយាយថា កាលពីខែមេសា ស្ថានកុងស៊ុលបានទទួលការសុំជំនួយពីជនជាតិវៀតណាមមួយចំនួនដែលនិយាយថាពួកគេត្រូវបានគេឃុំខ្លួនជាកម្មករដោយបង្ខំ។ ស្ថានកុងស៊ុលបានសហការជាមួយប៉ូលីសមូលដ្ឋាន និងបានជួយសង្គ្រោះពលករចំនួន ២៧០ នាក់ដែលជាប់នៅក្នុងកន្លែងពួកគេធ្វើការ។ ពួកគេទាំងអស់សុទ្ធតែជាជនជាតិវៀតណាម ប៉ុន្តែមានតែប្រហែល ៥០ នាក់ប៉ុណ្ណោះដែលមានឯកសារ ហើយអ្នកនៅសេសសល់បានធ្វើដំណើរមកកម្ពុជាដោយខុសច្បាប់។ លោកនិយាយថា អ្នកទាំងអស់បានវិលត្រឡប់ទៅប្រទេសវៀតណាមវិញដោយសុវត្ថិភាព។ បញ្ហាមួយទៀតដែលក្រុមអ្នកជួយសង្គ្រោះប្រឈមនោះគឺថា ព័ត៌មានដែលផ្ញើទៅស្ថានកុងស៊ុល ជារឿយៗមិនមានភាពលម្អិត និងពិបាកក្នុងការផ្ទៀងផ្ទាត់។ “សារជាច្រើនមានតែឈ្មោះ និងអាយុ រួមជាមួយនឹងរូបភាពអត្តសញ្ញាណប័ណ្ណ សមាជិកគ្រួសារគ្រាន់តែដឹងថាពួកគេបានធ្វើដំណើរមកប្រទេសកម្ពុជា ឬកំពុងរស់នៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែមិនដឹងថាពួកគេនៅឯណាពិតប្រាកដនោះទេ។ “អ្នកខ្លះផ្ញើទិន្នន័យ GPS ប៉ុន្តែបង្ហាញតែតំបន់ដែលមានអគារមួយចំនួនប៉ុណ្ណោះ យើងមិនដឹងច្បាស់ថាពួកគេស្ថិតនៅអគារណានោះទេ។”លោកបានបន្ថែមថា ប៉ូលីសកម្ពុជាត្រូវការព័ត៌មានច្បាស់លាស់ ដូចជាលេខបន្ទប់ ជាន់ និងអាស័យដ្ឋាន មុនពេលពួកគេបញ្ជូនមន្ត្រី ហើយពួកគេត្រូវធ្វើការងារច្រើន ដោយសារត្រូវដោះស្រាយច្រើនករណីក្នុងពេលតែមួយ។ លោកបន្តថា ពលករខុសច្បាប់កាន់តែច្រើនឡើងៗពីប្រទេសវៀតណាមមកកម្ពុជាហើយចំនួនក៏កើនឡើងយ៉ាងឆាប់រហ័ស។ “រាល់ពេលដែលយើងយកមនុស្សម្នាក់ចេញ ពីរឬបីនាក់ទៀតបានចូល”។

បញ្ហាជនជាតិវៀតណាមលក់ទៅធ្វើជាទាសករនៅតំបន់នានាដូចជាខេត្តព្រះសីហនុ បានកើនឡើងតាំងពីចុងឆ្នាំមុន នៅពេលដែលវិធានការរឹតបន្តឹងកូវីត-១៩ នៅក្នុងប្រទេសទាំងពីរត្រូវបានបន្ធូរបន្ថយ។ ក្រុមឆបោកបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីទាក់ទាញជនជាតិវៀតណាម ដោយសន្យាផ្តល់ការងារងាយស្រួលនិងប្រាក់ខែខ្ពស់។ ជាធម្មតាជនរងគ្រោះគឺជាមនុស្សដែលមានអាយុពី ២០-៣០ ឆ្នាំ ពេលខ្លះក៏មានក្មេងអាយុពី ១៤-១៥ ឆ្នាំ។ លោក Ly បាននិយាយថា ស្ទើរតែគ្រប់គ្នាដែលមកកម្ពុជាដោយខុសច្បាប់នៅទីបំផុតក្លាយជាជនរងគ្រោះនៃការបង្ខំឲ្យធ្វើការងារ។ នៅពេលដែលពួកគេមកដល់ប្រទេសកម្ពុជា ពួកគេត្រូវបានឱ្យចុះហត្ថលេខាលើកិច្ចសន្យាជាភាសាខ្មែរ អង់គ្លេស ឬចិន ហើយពួកគេភាគច្រើនចុះហត្ថលេខាដោយមិនដឹងខ្លឹមសារច្បាស់លាស់។

យោងតាមការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម កន្លែងការងារដោយបង្ខំភាគច្រើនត្រូវបានក្លែងបន្លំជាអាជីវកម្មអនឡាញ ឬកាស៊ីណូ។ ជនរងគ្រោះដឹងថា “ការងារក្នុងក្តីស្រមៃ” របស់ពួកគេ មិនមែនជាអ្វីដែលពួកគេធ្លាប់គិតនោះទេ ហើយត្រូវបានបង្ខំឱ្យធ្វើការជាមួយនឹងប្រាក់កម្រៃទាប និងទទួលរងនូវការផាកពិន័យចំពោះការបំពានកិច្ចសន្យា។ លោក Ly បានពន្យល់ថា “ថៅកែផ្តល់កូតាឱ្យពួកគេ ដូចជាត្រូវរកលុយអោយបានប៉ុន្មានដើម្បីបោកប្រាស់មនុស្សក្នុងមួយថ្ងៃ ឬចំនួនជនជាតិវៀតណាមប៉ុន្មាននាក់ដែលត្រូវល្បូងអោយមកកម្ពុជា។“ប្រសិនបើកូតាមិនត្រូវបានបំពេញទេ ថៅកែធ្វើឱ្យពួកគេធ្វើការ ១៦-១៧ ម៉ោងក្នុងមួយថ្ងៃ កាត់ប្រាក់ខែ ឬលក់ពួកគេឱ្យអ្នកដទៃទៀត”។មានករណីជាច្រើនដែលជនរងគ្រោះត្រូវបានគេវាយដំនិងបញ្ជាឲ្យសងសំណងចំពោះការបំពានកិច្ចសន្យា។

ស្ថានកុងស៊ុលនិយាយថាចំនួនប្រាក់លោះដើម្បីយកជនរងគ្រោះចេញបានកើនឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះពីប្រហែល១,០០០ដុល្លារក្នុងឆ្នាំ២០២០-២០២១ ដល់២,០០០-៥,០០០ដុល្លារចាប់តាំងពីចុងឆ្នាំមុន។

មានករណីមួយចំនួនទារសំណងរហូតដល់២០.០០០ដុល្លារ។មនុស្សមួយចំនួនហៅក្រុមគ្រួសាររបស់ពួកគេឱ្យស្វែងរកជំនួយ ថែមទាំងគំរាមធ្វើអត្តឃាត ខណៈដែលពួកគេ “ប្រហែលជាស្លាប់ផងដែរ” ជាជាងរស់នៅដោយទទួលបានការធ្វើបាប។ គ្រួសារជាច្រើនលក់អ្វីៗទាំងអស់ដែលពួកគេមាន ឬខ្ចីប្រាក់ដើម្បីបង់ថ្លៃលោះ។ គ្រួសារដែលមិនអាចរកប្រាក់បានស្វែងរកជំនួយពីអាជ្ញាធរវៀតណាម និងកម្ពុជា។

លោក Ly និយាយថា វិធានការសំខាន់មួយដើម្បីបញ្ឈប់បញ្ហានេះ គឺការអប់រំប្រជាជនអំពីការសន្យាដោយ “ការងារងាយស្រួលនិងប្រាក់ខែខ្ពស់”នៅបរទេស ជាពិសេសអ្នកដែលរស់នៅជិតព្រំដែនជាមួយប្រទេសដទៃទៀត។

ស្ថានកុងស៊ុលបានបន្តថា ការអប់រំគួរតែធ្វើឡើងនៅក្នុងគ្រួសារ និងនៅសាលារៀន ហើយត្រូវផ្តោតលើយុវជន និងអ្នកដែលខ្វះលទ្ធភាពទទួលបានព័ត៌មាន។ លោកបានបន្ថែមថា៖ “ចំនួនអ្នកជួយសង្គ្រោះ ហាក់បីដូចជាតិចជាងចំនួនជាក់ស្តែងទៅទៀត។ ប៉ុន្តែខ្ញុំជឿថា ក្នុងរយៈពេលមួយ ឬពីរឆ្នាំទៀត នឹងមិនមានបញ្ហាបែបនេះទេ នៅក្នុងខេត្តព្រះសីហនុ”។ លោកបានចង្អុលបង្ហាញពីយុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មរបស់អាជ្ញាធរកម្ពុជា ដើម្បីបញ្ឈប់ការជួញដូរមនុស្ស និងទាសភាពសម័យទំនើប។ VNExpress

website_news/2022190903.txt · Last modified: 2022/09/19 10:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki