website_news:2022191001

ពលករមួយចំនួនធ្វើការនៅប្រទេសថៃ កំពុងព្រួយបារម្ភ ក្រោយពេលអាជ្ញាធរថៃ រឹតបន្តឹងច្បាប់ការងារ

https://www.postkhmer.com/national/2022-10-18-0803-242385.html ឡាយ សាមាន and ជា សុខនី | Publication date 18 October 2022 | 08:03 ICT

ភ្នំពេញៈ ពលករមួយចំនួន ដែលធ្វើការនៅប្រទេសថៃ កំពុងមានការព្រួយបារម្ភ ក្រោយពេលអាជ្ញាធរថៃ បានរឹតបន្តឹងច្បាប់ការងារ ដោយសារក្រុមហ៊ុនខ្លះ បានបញ្ជូនពលករទៅធ្វើការនៅថៃ ដោយមិនមានឯកសារត្រឹមត្រូវ។ នេះបើតាមមន្ត្រីសង្គមស៊ីវិលធ្វើការពាក់ព័ន្ធពលករប្រចាំប្រទេសថៃ។

មន្ត្រីផ្នែកអន្តោប្រវេសន៍ប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ លោក លឹង សុផុន ប្រាប់នាថ្ងៃទី ១៧ តុលា ថា តាមការសង្កេត ឃើញថា ច្បាប់ការងារប្រទេសថៃ ប្រសិនបើពលករខ្មែរ ដែលពួកគាត់ចូលមកធ្វើការក្នុងប្រទេសថៃ តាមរយៈប្រព័ន្ធ MoU និងប្រព័ន្ធច្បាប់ការងារត្រឹមត្រូវ គឺពលករទាំងនោះនឹងមិនមានការព្រួយបារម្ភឡើយ។ ប៉ុន្តែពលករខ្មែរមួយចំនួនមកប្រទេសថៃដោយមិនមានឯកសារគ្រប់គ្រាន់ ដោយសារចំណាយលើការធ្វើឯកសារវាមានតម្លៃថ្លៃ។ នៅឯស្រុក ពួកគាត់ក៏មិនមានការងារធ្វើ ទើបមកធ្វើការតាមបណ្ដាខេត្ត ដែលនៅជាប់ព្រំដែនខ្មែរ-ថៃ ហើយប្រសិនជាប៉ូលិស ឫអាជ្ញាធរត្រួតពិនិត្យឃើញថា មិនមានឯកសារគ្រប់គ្រាន់ ពលករទាំងនោះក៏ត្រូវផាកពិន័យ។

លោក លឹង សុផុន ថ្លែងថា៖ «ដូច្នេះពលករដែលមិនមានឯកសារគ្រប់គ្រាន់នៅថៃ រស់នៅប្រឈមច្រើន ក្នុងបញ្ហាផ្សេងៗ ពីព្រោះថា រដ្ឋាភិបាលថៃបានបន្តឹង និងពិនិត្យច្រើននៅតំបន់កន្លែងរស់នៅរបស់ពួកគាត់ ហើយពួកគាត់ក៏ជួបផលវិបាក ក្នុងការស្វែងរកការងារធ្វើ។ ជាពិសេស ការបំផ្លាស់ទីពីកន្លែង ១ ទៅកន្លែង ១ ទៀត មានភាពលំបាក ដោយកន្លែងខ្លះ ប៉ូលិសថៃ គឺគេមិនលើកលែងឡើយ ដោយធ្វើតាមច្បាប់»។ លោកបន្តថា មានក្រុមហ៊ុនមួយចំនួន ដែលមិនគោរពតាមច្បាប់ការងារបានបញ្ជូនពលករខ្មែរមកប្រទេសថៃ ដោយមិនមានឯកសារត្រឹមត្រូវ និងបានសន្យាថា នឹងរកការងារជូនពួកគាត់។ ប៉ុន្តែបែរជាយកលុយពីពលកររួច ក៏ទុកពលករទាំងនោះចោលក្នុងប្រទេសថៃ ដែលជាហេតុធ្វើឱ្យពលករទាំងនោះខាតទាំងលុយ និងខាតទាំងពេលវេលា។ លោក សុផុន បន្ថែមថា៖ «សម្រាប់ពលករដែលប្រឈមមកធ្វើការនៅថៃ រដ្ឋាភិបាលគួរតែពិចារណា មានវិធានការណាមួយឱ្យបានច្បាស់ ដើម្បីជួយឱ្យប្រជាពលរដ្ឋយើង កុំឱ្យគាត់ចំណាកស្រុក ដោយមិនមានសុវត្ថិភាពអ៊ីចឹង។ ម្យ៉ាងវិញទៀត ពលករនៅថៃក៏ច្រើនដែរ ខ្ញុំចង់ឱ្យមានការអប់រំបងប្អូនពលករ។ ជាពិសេសមានវិធានការអប់រំក្រុមហ៊ុនមួយចំនួនដែលគាត់បានបញ្ជូនពលករមកបរទេសហ្នឹង គឺគាត់ត្រូវតែគោរពតាមច្បាប់ការងារឱ្យបានត្រឹមត្រូវ ពីព្រោះកន្លងមកពលករដែលមកដោយក្រុមហ៊ុន ពួកគាត់មិនមានឯកសារ វីសាត្រឹមត្រូវ»។ លោកបន្ថែមថា លោកចង់ឃើញរាជរដ្ឋាភិបាលប្រទេសកម្ពុជា និងរាជរដ្ឋាភិបាលប្រទេសថៃ មានការរួមគ្នាពង្រឹងវិធានការឱ្យបានច្បាស់លាស់ ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្សេងៗរបស់ពលករ។ ជាពិសេស សុំឱ្យរាជរដ្ឋាភិបាល ជួយសម្រួលការធ្វើឯកសារស្របច្បាប់របស់ពលករ ព្រោះពលករថា ការធ្វើឯកសារនេះ ត្រូវចំណាយថវិកាច្រើន ហើយមានតម្លៃថ្លៃណាស់។

អ្នកស្រី ជា សម្ផស្ស មានតួនាទីជាភ្នាក់ងារជ្រើសរើសបុគ្គលិកនៃក្រុមហ៊ុន ១៦៨ មេនផៅវ័រ សឹបផ្លាយ ដែលជាក្រុមហ៊ុនបញ្ជូនពលករទៅធ្វើការងារទៅក្រៅប្រទេសស្របច្បាប់ និយាយនាថ្ងៃទី ១៧ តុលាថា ជាធម្មតា ក្រុមហ៊ុនប្រកបអាជីវកម្មដែលបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ តែងតែប៉ះពាល់ដល់ពលករ។ លោកស្រីស្នើសមត្ថកិច្ចចាត់វិធានការចំពោះបញ្ហានេះ។ ទោះយ៉ាងណា អ្នកស្រីបញ្ជាក់ថា សម្រាប់ក្រុមហ៊ុនរបស់ខ្លួនមានអាជ្ញាប័ណ្ណត្រឹមត្រូវ បង្កើតឡើងតាំងពីឆ្នាំ ២០១៣ ហើយតែងតែបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់។ អ្នកស្រីឱ្យដឹងថា៖ «សម្រាប់ពលករទៅថៃ មុននឹងទៅ ពុំមានការហ្វឹកហាត់ដូចទៅជប៉ុននោះទេ គ្រាន់តែភ្ជាប់លិខិតឆ្លងដែន និងធ្វើវីសា។ ប៉ុន្តែពលករត្រូវចំណាយអស់៥៥០ដុល្លារ សម្រាប់ធ្វើឯកសារ និងសេវាផ្សេងៗឱ្យស្របតាមច្បាប់»។ អ្នកស្រីបន្ថែម ក្រុមហ៊ុនរបស់ខ្លួនតែងបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ ក្នុង ១ វគ្គម្តង ដោយវគ្គខ្លះមាន ៣ ទៅ ៤ ខែ។ អ្នកស្រីប្រាប់ថា៖ «បញ្ជូនពលករទៅម្តងៗ តាមវគ្គ។ វគ្គខ្លះ ១០ ទៅ ៥០ នាក់ មានផ្នែកវេចខ្ចប់សាច់មាន់ អេឡិចត្រូនិក រោងចក្រត្រីខ កាត់ដេរ។ ក្នុង១ខែ ពលករទទួលបានប្រាក់ខែគោលដំបូងចន្លោះពី ៤៥០ ទៅ ៥០០ ដុល្លារ»។

ភ្នំពេញប៉ុស្តិ៍មិនទាន់អាចសុំអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បាននៅឡើយទេ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង កាលពីខែឧសភា បានអំពាវនាវដល់ពលរដ្ឋកម្ពុជាកុំឱ្យជឿលើការញុះញង់ ឬការផ្សព្វផ្សាយរបស់ជនខិលខូចមួយចំនួនទាក់ទងនឹងការបញ្ជូនទៅធ្វើការងារនៅក្រៅប្រទេស ដោយលោកបានអះអាងថា បច្ចុប្បន្ន កម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាលទៅធ្វើការនៅបរទេសឡើយ។

យោងតាមរបាយការណ៍របស់ក្រសួងការងារ ពលករកម្ពុជាដែលកំពុងធ្វើការនៅបរទេស មានជាង ១ លាន ៣ សែននាក់។ ក្នុងនោះ ១ លាន ២ សែននាក់ ធ្វើការនៅប្រទេសថៃ ជាង ៤ ម៉ឺន ៥ ពាន់នាក់ នៅប្រទេសកូរ៉េខាងត្បូង ២ ម៉ឺន ៣ ពាន់នាក់នៅម៉ាឡេស៊ី ១ ម៉ឺន ១ ពាន់នាក់នៅប្រទេសជប៉ុន ជាង ៨០០ នាក់នៅសិង្ហបុរី ២០០ នាក់នៅហុងកុង និង ៤៣ នាក់ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕

website_news/2022191001.txt · Last modified: 2022/10/19 09:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki