website_news:2022191002

កុមារីត្រូវបានគេរំលោភតាំងពីអាយុ ៩ ឆ្នាំ សុំការផ្ដល់យុត្តិធម៌ពីតុលាការខេត្តកំពង់ធំ

https://www.kampucheathmey.com/security/397635 ថ្ងៃអង្គារ ១៨ តុលា ២០២២ដោយ deth leng

កុមារី ស.ភ រស់នៅភូមិទួលគ្រើស ឃុំទួលគ្រើស ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ទទូចដល់ស្ថាប័ន អយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ចំពោះករណីជនសង្ស័យឈ្មោះ ញ៉ូត ញាន ហៅ យក្ស អាយុ៣៤ ឆ្នាំ ត្រូវជាបងថ្លៃ បានធ្វើសកម្មភាពរំលោភ និងគំរាមកំហែងសម្លាប់។ ជនរងគ្រោះឈ្មោះ ស.ភ ភេទស្រី ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ថា ជនសង្ស័យឈ្មោះ ញ៉ូត ញាន បានចាប់រំលោខ្លួនដំបូងនៅអាយុ ៩ឆ្នាំ នៅឆ្នាំ២០១៩ ក្នុងពេលដែលជនសង្ស័យខាងលើទៅលើកត្រីនៅអូរក្បែរផ្ទះ ហៅខ្លួនឲ្យកាន់ធុងសម្រាប់ដាក់ត្រីឲ្យ ក្រោយពីលើកត្រីរួចរាល់ឈ្មោះ ញ៉ូត ញានបានចាប់ផ្តើមធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច និងគំរាមសម្លាប់ចោលបើហ៊ានប្រាប់ទៅទៅណាផ្សេងទៀត។ ដោយមានសេចក្តីខ្លាចកុមារី ស.ភ រស់នៅជាមួយអ៊ុំ ទ្រាំលាក់រឿងនេះរហូត ក្នុងសភាពភ័យខ្លាច មិនឲ្យអ្នកផ្សេងដឹងនោះទេ។ រហូតដល់ឆ្នាំ២០២២ ឈ្មោះ ញ៉ូត ញាន ហៅ យក្ស បានប៉ុនប៉ងរំលោភ ចំនួន៣ ដង រហូតបានសម្រេច។

កុមារី ស.ភ ប្រាប់អ្នកសារព័ត៌មានបន្ថែមថា លើកទី១ នៅខែសីហា ឆ្នាំ២០២២ ឈ្មោះ ញ៉ូត ញាន បានប៉ុនប៉ងចាប់រំលោភខ្លួន នៅពេលដែលខ្លួនកំពុងបេះជីនៅក្រោយផ្ទះពេលកំពុងបេះ ស្រាប់តែឈ្មោះ ញ៉ូត ញាន បានចាប់អោបពីក្រោយ ហើយខ្លួនបានរើបំរាស់ ស្របពេលមានអ្នកភូមិដើរមកផងនោះឈ្មោះ ញ៉ូត ញាន បានប្រលែង។

លើកទី២ នៅម៉ោងប្រហែ ៨ យប់ ក្នុងខែសីហា ដដែល នៅពេលដែលកំពុងឲ្យបាយឆ្កែ ម្តងទៀត ប៉ុន្តែត្រូវបានអ៊ុំស្រី ដែលខ្លួនរស់នៅជាមួយជាមួយចុះពីលើផ្ទះមក ធ្វើឲ្យជនសង្ស័យ រត់ចេញទៅវិញ។ ដោយសារមានភាពខ្មាស់អៀន ការគំរាមកំហែង និងជាប់សាច់ញាត (បងថ្លៃជីដូនមួយ) ខ្លួនមិនទាន់ហ៊ានប្រាប់ទៅអ៊ុំស្រីរបស់ខ្លួននោះទេ ព្រោះខ្លាចអ៊ុំស្រីមិនជឿផង និងខ្លួនគ្មានម្តាយជាទីពឹងរស់នៅជាមួយផង ក៏ប្រឹងលាក់ទុកបន្តទៀត។ រហូតដល់ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២២ ឈ្មោះ ញ៉ូត ញាន បានធ្វើការចាប់រំលោភ នៅក្នុងតូបកាត់សម្លៀកបំពាក់របស់បងស្រីជូនដូនមួយ ដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យរហូតបានសម្រេច។

លោកស្រី ចឹង ហៀង ម្តាយចិញ្ចឹម (អ៊ុំស្រីបង្កើត) បញ្ជាក់ថា កុមារីនេះលោកស្រីបានចិញ្ចឹមតាំងពីអាយុ ៤ឆ្នាំមកម្លេះ គឺក្រោយពេលដែលម្តាយឪពុកបង្កើតបានផ្ញើរ និងចំណាកស្រុកនៅប្រទេសថៃ ព្រោះជីវភាពក្រលំបាក បើគិតទៅគាត់ស្រឡាញ់ និងចាត់ទុកជាកូនបង្កើតរបស់ខ្លួនទៅហើយ។ លោកស្រីបន្តថា ក្នុងកន្លងមកប្រហែលពីរ ឬបីខែមុនកើតហេតុជនរងគ្រោះតែងតែ សម្តែងនូវការមិនពេញចិត្តនៅពេលឃើញមុខ ឬហូបបាយជាមួយជនសង្ស័យ ប៉ុន្តែលោកស្រីតែងតែប្រាប់ទៅក្មួយស្រីថា កុំធ្វើដូច្នេះ ព្រោះជាបងប្អូននឹងគ្នា។ មិនតែប៉ុណ្ណោះ ពេលខ្លះក្មួយស្រីដែលជាជនរងគ្រោះ ជេរជនសង្ស័យ អាក្រក់ស្តាប់ លោកស្រីក៏តែងតែណែនាំជាមិនឲ្យនិយាយស្តីពាក្យមិនសមរម្យដាក់បងនោះឡើយ។ លោកស្រីបន្ថែមថា លោកស្រីមិនដែលបានចាប់អារម្មណ៍ និងសង្ស័យនោះទេ ព្រោះប្រពន្ធរបស់ ញ៉ូត ញាត គឺក្មួយស្រីបង្កើតរបស់លោកស្រីមានមុខរបរជាគ្រូបង្រៀន រស់នៅផ្ទះទល់មុខគ្នា ឆ្លងកាត់ទៅមក ដូចផ្ទះតែមួយ ហើយឈ្មោះ ញ៉ូត ញាត មានមុខរបរជាងជួសជុល គោយន្ត ទ្រាក់ទ័រ មិនសូវចេះផឹកស៊ីនោះទេ។

លោកស្រីបន្ថែមថា លោកស្រីបានដឹងដំណឹងនេះ ពីសិស្សសាលាដែលត្រូវជាមិនមិត្តភ័ក្តក្មួយស្រី មកលួចប្រាប់ព្រោះ ក្មួយលោកស្រី ប្រាប់មិត្តភ័ក្តឲ្យជួយ។ ក្រោយពីដំណឹងនេះ លោកស្រីបានផ្តឹងប៉ុស្តិ៍នគរបាលដើម្បីស្វែងរកយុត្តិធម៌ ការពារជនសង្ស័យធ្វើបាបបន្តទៀត។ ចាប់តាំងពីជនសង្ស័យត្រូវបានឃាត់ខ្លួនមកក្មួយស្រីបានទៅរៀនធម្មតា និងហាក់ដូចជាមានអាការៈល្អប្រសើរជាងមុន។ លោកស្រី ចឹក ហៀ ស្នើរទទួចដល់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំផ្តល់យុត្តិធម៌ដល់ក្មួយស្រីកំសត់ ដាក់ទោសជនសង្ស័យទៅតាមច្បាប់ដោយសុក្រឹត្របំផុត។

បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តុះអាសន្ន និងក្រោមការស៊ើបសួរពីអយ្យការអមសាលាដំបូងខេត្តកំពង់ធំជាងមួយខែគិតចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២ មកម្ល៉េះ៕ អត្ថបទ៖ ឈាង មករា

website_news/2022191002.txt · Last modified: 2022/10/19 09:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki