website_news:2022191005

កម្ពុជាធ្វើព្យុហយាត្រាលើកទី ១ ដើម្បីឆ្ពោះទៅបញ្ចប់អំពើជួញដូរមនុស្ស

https://www.postkhmer.com/national/2022-10-18-1554-242422.html មុំ គន្ធា | Publication date 18 October 2022 | 15:54 ICT

សៀមរាបៈ ពិធីដង្ហែព្យុហយាត្រាក្រោមប្រធានបទ «ឆ្ពោះទៅមុខដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស» ត្រូវបានរៀបចំធ្វើឡើងជាលើកទី ១ ក្នុងប្រទេសកម្ពុជាក្នុងគោលដៅ ដើម្បីបង្ហាញពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការពាក់ព័ន្ធ និងប្រជាពលរដ្ឋចម្រុះជាតិសាសន៍ក្នុងការរួមសហការគ្នាឆ្ពោះទៅមុខ ដើម្បីបញ្ចប់អំពើជួញដូរមនុស្ស។ ពិធីនេះត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុននៅខេត្តសៀមរាប ដែលរៀបចំឡើងដោយអង្គការមូលនិធិអេ២១កម្ពុជា (A21Cambodia) សហការជាមួយលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប។

កញ្ញា គ្រីស្ទីន ស្កាហ្វ នាយិកាអង្គការមូលនិធិអេ២១កម្ពុជា បានឱ្យដឹងថា អង្គការមូលនិធិអេ២១ គឺជាស្ថា ប័នអន្តរជាតិមួយ ដែលតែងប្តេជ្ញាចិត្តក្នុងការលុបបំបាត់អំពើជួញដូរមនុស្សតាមរយៈការលើកកម្ពស់ការយល់ដឹង កិច្ចសហការជួយសង្គ្រោះ និងការផ្តល់សេវាថែទាំបន្ទាប់ ជូនដល់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស។ កម្មវិធីឆ្ពោះទៅមុខ ដើម្បីបញ្ចប់អំពើជួញដូរមនុស្សគឺជាកម្មវិធីលើកកម្ពស់ការយល់ដឹងជាសកលមួយដែលមូលនិធិអេ២១តែងធ្វើឡើងនៅតាមមូលដ្ឋាន ដើម្បីប្រយុទ្ធប្រឆាំង និងលុបបំបាត់អំពើជួញដូរមនុស្សជាសកល។ កញ្ញា បានថ្លែងថា៖ «សម្រាប់ប្រទេសកម្ពុជា នេះជាលើកទី១ហើយដែលបានរៀបចំកម្មវិធីនេះ ដោយមានកិច្ចសហការពីគណៈកម្មាធិការជាតិ និងគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ នាងខ្ញុំពិតជាមានចិត្តរំភើបរីករាយណាស់ដែលបានប្រារព្ធកម្មវិធីនេះ ដើម្បីលើកកម្ពស់ការយល់ដឹងនេះនៅក្នុងប្រទេសកម្ពុជា»។

កម្មវិធីដង្ហែព្យុហយាត្រានេះមានអ្នកចូលរួមសរុបប្រមាណ ៦០០ នាក់ ដោយសារវាជាកម្មវិធីលើកកម្ពស់ការយល់ដឹងដ៏ធំបំផុតប្រចាំឆ្នាំមួយរបស់មូលនិធិអេ២១ ដើម្បីផ្សព្វផ្សាយសារអប់រំ សារទប់ស្កាត់ស្តីពីអំពើជួញដូរមនុស្សទៅដល់សាធារណជន និងដើម្បីចូលរួមជាមួយរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរតាមមូលដ្ឋានក្នុងការលុបបំបាត់ទាសភាពសម័យទំនើប ឬអំពើជួញដូរមនុស្ស។ មនុស្សប្រមាណជា ៦០០ នាក់នេះ បានបង្ហាញវត្តមាន និងបានចូលរួមដើរបង្ហាញសារយល់ដឹងពីការទប់ស្កាត់ទៅដល់មនុស្សរាប់ពាន់នាក់ដទៃទៀតដែលបានឃើញនូវយុទ្ធនាការដើរនេះ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពិធីដង្ហែព្យុហយាត្រា«ឆ្ពោះទៅមុខ ដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស» មិនមានធ្វើនៅតាមបណ្តាខេត្តណាផ្សេងទៀតនោះទេ។ លោកស្រីបានបញ្ជាក់ថា វាជាគម្រោងមួយរបស់អង្គការមូលនិធិអេ២១កម្ពុជា ធ្វើនៅតាមបណ្តាប្រទេសដែលអេ២១នេះ មានទំនាក់ទំនងជាមួយ ហើយអេ២១នេះ ក៏បានសហការជាមួយ គ.ជ.ប.ជ ផងដែរ។ លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា៖ «យើងធ្វើដើម្បីបង្ហាញនូវឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយយើងចង់ឱ្យប្រជាពលរដ្ឋមានការចាប់អារម្មណ៍ថា តើយើងធ្វើអី? និងធ្វើដើម្បីអ្វី? ខ្ញុំគិតថា វាជារឿងល្អសម្រាប់ការដាស់ស្មារតីរបស់ប្រជាពលរដ្ឋយើង ប៉ុន្តែកម្ពុជាយើងបានធ្វើកម្មវិធីច្រើនទាក់ទងនឹងយុទ្ធនាការនេះ ដូចជា អន្តរសាសនា,ទិវាជាតិ១២ធ្នូប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងមានកម្មវិធីតូចៗជាច្រើនទៀត»។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប.ជ កាលពីថ្ងៃទី៧ ខែតុលា កន្លងមកនេះ បានឱ្យដឹងថា ក្នុងរយៈពេល ៥១ ថ្ងៃនេះ ដោយគិតចាប់ពីថ្ងៃទី ១៨ ខែសីហា ដល់ថ្ងៃទី ៤ ខែតុលា សមត្ថកិច្ចបានស្រាវជ្រាវលើបណ្តឹងដែលអះអាងថា ជាករណីរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ៤២០ ករណី។ គ.ជ.ប.ជ ថា សមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបបញ្ជាក់ដោយបានរកឃើញ ២២៩ ករណី មានការពាក់ព័ន្ធនឹងបទល្មើសផ្សេងៗពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ក្នុងនោះ ១១៨ នាក់ ដែលមាន៥សញ្ជាតិជាជនរងគ្រោះនៃបទល្មើស ដូចជា ការបង្ខាំងជំរិតទារប្រាក់ ការធ្វើទារុណកម្ម អំពើជួញដូរមនុស្ស សញ្ចារកម្ម ល្បែងអនឡាញខុសច្បាប់ ជាដើម។ប្រភពដដែលបន្តថា ទន្ទឹមនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ និងជនបរទេសចំនួន ៦៧ នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

website_news/2022191005.txt · Last modified: 2022/10/19 09:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki