website_news:2022191202

ឃាត់ប្រជាពលរដ្ឋខ្មែរ១៧នាក់ ព្យាយាមលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ

https://kohsantepheapdaily.com.kh/article/1652240.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ១៥ ខែ ធ្នូ ឆ្នាំ ២០២២ ម៉ោង ២០:៣៨

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលវរការពារព្រំដែនគោក៨១៥ និងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបេង បានឃាត់ប្រជាពលរដ្ឋខ្មែរចំនួន១៧នាក់ និងកុមារ០៥នាក់ នាំយកមកអប់រំ ខណៈពួកគេព្យាយាមលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ កាលពីវេលាម៉ោង០៥និង១៥នាទីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ។ កម្លាំងប៉ុស្តិ៍ចំបក់ ដឹកនាំដោយលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរនគរបាលការពារព្រំដែនគោកលេខ៨១៥ បានចាត់តាំងលោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរងទទួលទិសប៉ុស្តិ៍ចំបក់ និងលោកវរសេនីយ៍ត្រី ប៊ុន គុណ នាយប៉ុស្តិ៍ចំបក់ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង បានទប់ស្កាត់ប្រជាពលរដ្ឋចំនួន១៧នាក់ (ស្រី០៩នាក់) បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅចំណុចផ្ទះ ដែលម្ចាស់ទុកចោល មួយកន្លែងក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សួង សៅ បានអោដឹងថា ពលរដ្ឋខ្មែរទាំងនេះ ត្រូវបានស្ទាក់ឃាត់យកមកសួរនាំ និងអប់រំ ខណៈពួកគាត់ត្រូវបានមេខ្យល់ យកមកបោះបង់ចោលនៅក្បែរព្រំដែន និងពួកគាត់បានព្យាយាមឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ ។ ប្រជាពលរដ្ឋទាំងនោះមកពីខេត្តចំនួន០៤ គឺ ៖ ១-បន្ទាយមានជ័យ ២-ឧត្តរមានជ័យ ៣-ខេត្តបាត់ដំបង និង៤-ខេត្តកំពង់ធំ ។ លោកមេបញ្ជាការបានបញ្ជាក់ថា ឆ្លងតាមការសួរនាំ ពួកគាត់ជិះរថយន្តឈ្នួល មកចុះនៅចំណុចផ្លូវចូលច្រកបឹងបេង រួចធ្វើដំណើរទៅឈប់សម្រាកក្នុងផ្ទះមួយកន្លែង (ដែលម្ចាស់ទុកចោល) ចម្ងាយប្រហែល១០០ម៉ែត្រ ពីផ្លូវជាតិ បំណងឆ្លងទៅប្រទេសថៃ (ស៊ីឈ្នួលកាប់អំពៅ) ។ បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការនគរបាលស្រុកម៉ាឡៃ ដើម្បីមានវិការបន្ត ៕

website_news/2022191202.txt · Last modified: 2022/12/19 09:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki