website_news:2022200401

អាជ្ញាធរខេត្តបន្តរឹតបន្តឹងការពារតាមព្រំដែនកម្ពុជា-ថៃ បារម្ភក្រែងពលករលួចឆ្លងដែនខុសច្បាប់

https://www.postkhmer.com/ ឡាយ សាមាន | Publication date 19 April 2022 | 10:55 ICT

ឧត្តរមានជ័យ/បន្ទាយមានជ័យ/ពោធិ៍សាត់ៈ អាជ្ញាធរនៅជាប់ព្រំដែនកម្ពុជា-ថៃ បន្តរឹតបន្តឹង និងដាក់កម្លាំងការពារនៅតាមព្រំដែន ដោយបារម្ភពីពលករលួចឆ្លងដែនខុសច្បាប់ ខណៈចំនួនពលករត្រឡប់ពីប្រទេសថៃចូលស្រុកវិញ មានការថយចុះផងដែរ ក្រោយពីបញ្ចប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ លោក ផល លឹម ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១៨ មេសាថា មុនចូលឆ្នាំខ្មែរ ពលករជាច្រើនបានសម្រុកវិលចូលស្រុក ដើម្បីជួបជុំគ្រួសារ និងដើរកម្សាន្ត ហើយពលករខ្លះមិនទាន់ត្រឡប់ទៅធ្វើការនៅថៃនោះទេ។ លោកបញ្ជាក់ថា៖ «ព្រោះពលករខ្លះគាត់នៅដើរលេងសប្បាយ វត្តខ្លះគេនៅលេង ១ អាទិត្យទៀតឯណោះ»។ ទោះយ៉ាងណា លោកបានឱ្យដឹងថា ទោះបីនៅខេត្តឧត្តរមានជ័យ មិនសូវមានពលករលួចឆ្លងដែនទៅថៃក្តី ប៉ុន្តែអាជ្ញាធរខេត្តបន្តដាក់កម្លាំងនៅតាមគោលដៅ ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ក្រោយចូលឆ្នាំខ្មែរ។ លោកថ្លែងថា៖ «ខេត្តឧត្តរមានជ័យមិនសូវមានពលករឆ្លងដែនខុសច្បាប់ទៅថៃទេ ព្រោះដីវាខ្ពស់ ប៉ុន្តែបើមកពីថៃវិញវាទាប។ អ៊ីចឹងភាគច្រើនគាត់ឆ្លងដែនខុសច្បាប់តាមច្រកខេត្តបន្ទាយមានជ័យ បើគាត់ចុះពីថៃបាន។ តែបើឡើងទៅថៃវិញ អត់បានទេ ព្រោះវាខ្ពស់ ហើយអាជ្ញាធរខេត្តនៅបន្តដាក់កម្លាំងនៅតាមព្រំដែន និងតាមគោលដៅ មិនមានដកកម្លាំងនោះទេ»។

លោក ផល លឹម ឱ្យដឹងដែរថា ក្រោយចូលឆ្នាំខ្មែរ ពលករត្រឡប់ពីថៃវិញមានការថយចុះខ្លាំង។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ពលករវិលចូលស្រុកក្នុង ១ ថ្ងៃនៅសល់ តែខ្ទង់ ៦០ ទៅ ៨០ នាក់ទេ។ មុនចូលឆ្នាំខ្មែរ ដោយគិតពីដើមខែមេសាមក ពលករវិលចូលស្រុកក្នុង ១ ថ្ងៃ ៥០០ ទៅ ១ ពាន់នាក់។ បើតាមរបាយការណ៍ខេត្តឧត្តរមានជ័យចំនួនពលករចំណាកស្រុកមកពីប្រទេសថៃ តាមច្រកអន្តរជាតិខេត្តឧត្តរមានជ័យ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរគិតពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសានេះ មាន ៣៦៤ នាក់។

លោក លាង ទិត្យដ្ឋាន អ្នកនាំពាក្យសាលាខេត្តពោធិ៍សាត់បានថ្លែងនាថ្ងៃទី ១៨ មេសាថា បច្ចុប្បន្ន ពលករឆ្លងតាមព្រំដែនអន្តរជាតិថ្មដាមានចំនួនតិច ដោយសារបញ្ហាកូវីដ ១៩ ខណៈច្រកព្រំដែនមួយនេះ បើកសម្រាប់តែការដឹកទំនិញប៉ុណ្ណោះ។ ប៉ុន្តែលោកថា ក្រោយចូលឆ្នាំខ្មែរ អាជ្ញាធរខេត្តក៏បានរឹតបន្តឹងនៅតាមច្រកព្រំដែនផងដែរ។ លោកថ្លែងថា៖ «នៅពោធិ៍សាត់ អត់មាន ច្រករបៀងទេ ហើយសម្រាប់កម្លាំងនៅតាមព្រំដែន យើងនៅបន្តដាក់ជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់»។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន ថ្លែងថា អាជ្ញាធរខេត្តមិនបានបន្ធូរបន្ថយកម្លាំងនៅតាមព្រំដែននោះទេ ទោះបីមុនចូលឆ្នាំ និងក្រោយចូលឆ្នាំក៏ដោយ មានតែបង្កើនការប្រុងប្រយ័ត្ន ក្នុងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ លោកថា៖ «ចំពោះបញ្ហាទុច្ចរិត ដែលរកស៊ីជួញដូរមនុស្ស ឬហៅថាមេខ្យល់នោះ ក្នុងនាមអាជ្ញាធរខេត្ត បានចេញបញ្ជាទប់ស្កាត់យ៉ាងតឹងរ៉ឹងបំផុតចំពោះបុគ្គលដែលបានប្រព្រឹត្តនាំមនុស្សឆ្លងដែនខុសច្បាប់ យើងបានអនុវត្តដែរ»។

ពាក់ព័ន្ធការឆ្លងដែនខុសច្បាប់នេះ នគរបាលស្រុកសំពៅលូន ខេត្តបាត់ដំបង បានឃាត់ខ្លួន និងបញ្ជូនសំណុំរឿងមេខ្យល់ម្នាក់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ករណីនាំពលករលួចឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់។ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឱ្យដឹងថា ជនសង្ស័យដែលជាមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី ១៤ មេសា នៅក្រុមទី ៧ ភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន នៅវេលាម៉ោង ៥ និង ៣០ នាទីព្រឹក។ ប្រភពបន្តថា ការឃាត់ខ្លួននេះ បន្ទាប់ពីកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ កម្លាំងកងយោធលខេមរភូមិន្ទវរៈលេខ ១ និងកម្លាំងវរសេនាតូចលេខ ៥៣៣ ប្រចាំការតាមមាត់អូរព្រំដែនកម្ពុជា-ថៃ បានចុះបង្ក្រាបករណីការនាំចេញដោយមិនស្របច្បាប់សម្រាប់ការនាំឆ្លងដែន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ ឈ្មោះ សោម បូរិទ្ធ ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅ ភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ចំណែកពលករ ២ នាក់ទៀតត្រូវជាប្តី-ប្រពន្ធ ឈ្មោះ ប៊ុន សុភាព ភេទប្រុស អាយុ ៤៣ ឆ្នាំ និងឈ្មោះ លូត ឡឹង ភេទស្រី អាយុ ៤២ ឆ្នាំមានទីលំនៅភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុកមោងឫស្សី ខេត្តបាត់ដំបង បម្រុងចូលទៅក្នុងប្រទេសថៃ ដោយយកប្រាក់ថ្លៃនាំផ្លូវក្នុងម្នាក់ៗចំនួន ៥ ៥០០ បាត (ប្រាក់ថៃ)។ បច្ចុប្បន្ន ពលករទាំង ២ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព និងឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ។ រីឯជនសង្ស័យជាមេខ្យល់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕

website_news/2022200401.txt · Last modified: 2022/04/20 10:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki