website_news:2022200402

អាជ្ញាធរកំពុងឃ្លាំមើលយ៉ាងតឹងរ៉ឹងក្នុងការទប់ស្កាត់ការឆ្លងព្រំដែនខុសច្បាប់

https://www.khmertimeskh.com/ យឹម ស្រីលីន / April 20, 2022

អាជ្ញាធរបានហាមប្រាមពលករមិនឲ្យចេញទៅប្រទេសថៃ ដោយខុសច្បាប់ ហើយចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីតាមចាប់មេខ្យល់ និងអ្នករត់ការ។ ពលរដ្ឋខ្មែររាប់ម៉ឺននាក់ ត្រូវបានគេរំពឹងថា នឹងត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ហើយអាជ្ញាធរបានបង្កើនការយាមកាម ដើម្បីបញ្ឈប់អ្នកឆ្លងដែនខុសច្បាប់ និងតាមចាប់មេខ្យល់ និងអ្នករត់ការដែលដឹកនាំពលករឆ្លងព្រំដែនដោយខុសច្បាប់។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន មានប្រសាសន៍ថា អាជ្ញាធរកម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមភាគីថៃ ដើម្បីទប់ស្កាត់ការការឆ្លងដែនដោយខុសច្បាប់។ លោកថា៖ « ប្រហែល ៧0% នៃពលករដែលត្រឡប់មកពីប្រទេសថៃកាលពីសប្តាហ៍មុន គឺជាពលករខុសច្បាប់ដែលបានទទួលការងារតាមរយៈមេខ្យល់ដែលជាឈ្មួញកណ្តាលដែលមានចរិតបោកប្រាស់ប្រជាពលរដ្ឋ»។ លោកបន្តថា៖ « យើងចង់ចាប់មេខ្យល់។ យើងក៏ចង់ចាប់អ្នករត់ការដែលដឹកនាំពលករខុសច្បាប់ឆ្លងព្រំដែនផងដែរ»។ លោកថា៖«យើងរំពឹងថាការឆ្លងកាត់ទាំងនេះនឹងចាប់ផ្តើម ប្រសិនបើមនុស្សរាប់ពាន់នាក់បានត្រឡប់មក ដើម្បីប្រារព្ធបុណ្យចូលឆ្នាំខ្មែរ ហើយឥឡូវពួកគេចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ»។ លោកបានបន្ថែមថា៖ «បន្ទាយមានជ័យមានច្រកព្រំដែនជាច្រើន ហើយវាងាយស្រួលណាស់ក្នុងការរត់ពន្ធពលករខុសច្បាប់ឆ្លងកាត់។ មេខ្យល់នឹងច្បាស់ជារបបួលកម្មករដោយខុសច្បាប់ ហើយដឹកនាំពួកគេឆ្លងព្រំដែន។ ពួកគេរកលុយបានច្រើនតាមវិធីនេះ»។ លោកបានបន្តថា៖«យើងដាក់ប៉ូលិស និងទាហានបន្ថែមទៀតនៅច្រកឆ្លងកាត់ និងពង្រឹងការល្បាតតាមព្រំដែន។ អាជ្ញាធរនឹងត្រូវចុះល្បាត២៤ម៉ោង ហើយយើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីព្រំដែនថៃ»។

លោក ម៉េង ជ្រួន បានមានប្រសាសន៍ថា៖ « មេខ្យល់ដែលធ្វើការខុសច្បាប់នឹងប្រឈមមុខនឹងច្បាប់នៅពេលចាប់ខ្លួន។ យើងនឹងយកឱកាសនេះ ដើម្បីចាប់ពួកគេ។ ថៃក៏នឹងតាមរកពួកគេ ហើយនឹងចាប់ខ្លួនពួកគេផងដែរ»។ លោកបានបន្ថែមថា ការឆ្លងដែនខុសច្បាប់អាចកាត់បន្ថយបានច្រើន ប្រសិនបើចាប់បានមេខ្យល់។ លោកថា អាជ្ញាធរចង់ឲ្យពលករដែលចង់ទៅធ្វើការនៅប្រទេសថៃ មកចុះឈ្មោះជាមួយក្រុមហ៊ុនថៃ ឬភ្នាក់ងារស្របច្បាប់នៅកម្ពុជា។ លោកបន្តថា នៅពេលដែលពួកគេបានឯកសារ និងការងារត្រឹមត្រូវ ថៅកែថៃរបស់ពួកគេនឹងមកចាំនៅច្រកព្រំដែន ដើម្បីមកទទួលយកពួកគេ និងជួយការឆ្លងកាត់របស់ពួកគេ។ លោកបានបន្ថែមថា និយោជកថៃខ្លះអាចជួលកម្មករបានចន្លោះពី ៥០០ ទៅ ១០០០នាក់។

វិធានការ និងយុទ្ធសាស្ត្រសន្តិសុខស្រដៀងគ្នានេះ ក៏កំពុងត្រូវបានអនុវត្តនៅក្នុងខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យផងដែរ។ មនុស្សរាប់ពាន់នាក់ក៏បានត្រឡប់មកពីប្រទេសថៃវិញតាមព្រំដែនខេត្ត។ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានប៉ាន់ប្រមាណថា ពលករចំណាកស្រុកប្រហែល ២០០០ នាក់បានវិលត្រឡប់មកវិញកាលពីសប្តាហ៍មុន។ លោកថា៖ « យើងកំពុងតាមដានព្រំដែនយ៉ាងជិតស្និទ្ធជាមួយមន្ត្រីថៃ ព្រោះយើងបានប្តេជ្ញាក្នុងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ក្នុងខេត្តរបស់យើង»។ លោកថា អាជ្ញាធរនឹងមិនអនុញ្ញាតឱ្យមានការឆ្លងដែនខុសច្បាប់ ហើយមន្ត្រីប៉ូលិស និងទាហាននឹងសហការជាមួយសមភាគីថៃក្នុងការចាត់វិធានការនេះ។

អភិបាលរងខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ មានប្រសាសន៍ថា មានការបោកប្រាស់របស់មេខ្យល់ក្នុងការល្បួងពលករទៅធ្វើការនៅប្រទេសថៃ ហើយឆ្លងដែនដោយខុសច្បាប់ គឺពួកគេកំពុងឈរជើងនៅតាមព្រំដែន ក៏ដូចជាជ្រើសរើសមនុស្សតាមភូមិដែរ។ លោកបានថ្លែងប្រាប់ឱ្យដឹងថា៖ «ប្រជាជនរបស់យើងកំពុងប្រថុយប្រថានយ៉ាងខ្លាំងក្នុងការឆ្លងដែនខុសច្បាប់សម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេ។ ពួកគេភាគច្រើននឹងក្លាយជាជនរងគ្រោះនៃមេខ្យល់ដែលគ្មានសីលធម៌។ យើងត្រូវតែជួយប្រជាជនយើង ហើយយើងអាចជួយពួកគេបានដោយការលើកទឹកចិត្ត និងជួយពួកគេឱ្យទៅស្របច្បាប់»។ លោកបានបន្ថែមថា៖ «សំខាន់បំផុត យើងត្រូវតែចាប់ក្រុមហ៊ុនមេខ្យល់ និងភ្នាក់ងារការងារខុសច្បាប់របស់ពួកគេ»៕

website_news/2022200402.txt · Last modified: 2022/04/20 11:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki