website_news:2022200503

ពលរដ្ឋមួយចំនួននៅបន្ទាយមានជ័យបង្ខំចិត្តចំណាកស្រុកទៅថៃខុសច្បាប់ដោយសារជីវភាពក្រីក្រ

https://www.rfa.org/ 2022.05.19

ប្រជាពលរដ្ឋមួយចំនួននៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បង្ខំចិត្តចំណាកស្រុកទៅប្រទេសថៃដោយខុសច្បាប់ ដោយសារតែជីវភាពក្រីក្រ ក្រោយពីពួកគេមិនមានការងារធ្វើនៅក្នុងស្រុក។ ពលរដ្ឋទាំងនោះស្នើឱ្យរដ្ឋាភិបាលជួយសម្រួលធ្វើលិខិតឆ្លងដែនឱ្យមានភាពងាយស្រួលជាងសព្វថ្ងៃ និងលុបបំបាត់អំពើពុករលួយ។ ពលរដ្ឋទាំងនោះលើកឡើងថា អ្នកដែលធ្វើចំណាកស្រុកភាគច្រើនជាប្រជាពលរដ្ឋនៅស្រុកស្វាយចេកបានបង្ខំចិត្ត ស្វែងរកការងារធ្វើយកលុយមកផ្គត់ផ្គង់ជីវភាព ប៉ុន្តែមានពេលខ្លះត្រូវបានថៅកែថៃបោកប្រាស់កម្លាំងពលកម្ម ដោយធ្វើការមិនបានប្រាក់ឈ្មួល។

លោកស្រី បុណ្ណ ផល្លា រស់នៅភូមិថ្មគោល ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យប្រាប់វិទ្យុអាស៊ីសេរីនៅនៅថ្ងៃទី១៨ ឧសភា ថា អ្នកស្រីបានសម្រេចចិត្តមកធ្វើការនៅប្រទេសថៃទាំងខុសច្បាប់ ដោយសារតែជីវភាពគ្រួសារខ្វះខាត ហើយជំពាក់លុយធានាក៏កាន់តែច្រើន។ អ្នកស្រីបន្តថា កន្លងមកគ្រួសារលោកស្រីបានយកលុយធនាគារដើម្បីធ្វើស្រែចម្ការ ប៉ុន្តែខាតអស់ដើមទុន។ អ្នកស្រីដែលកំពុងរស់នៅប្រទេសថៃបានរៀបរាប់ដោយសម្ដីមួយៗថា ពេលនេះអ្នកស្រីមិនទាន់បានចូលធ្វើការនោះទេ ដោយសារតែសម្រាលកូនទើបតែបាន៤ខែ។ ចំណែកប្ដីអ្នកស្រី ទៅធ្វើការតែម្នាក់ឯង ដើម្បីយកថវិកាមកផ្គត់ផ្គង់ជីវភាព និងបង់ការប្រាក់មីក្រូហិរញ្ញវត្ថុដែលបានខ្ចីគេជាង៣ម៉ឺនបាត ៣ម៉ឺនបាត ឬស្មើជាង៩០០ដុល្លារ។ លោកស្រីអះអាងថា ការដែលលោកស្រីមកធ្វើការដោយខុសច្បាប់គឺពិបាកគ្រប់យ៉ាង ដែលជាញឹកញយត្រូវបានថៅកែថៃបោកប្រាស់កម្លាំងពលកម្ម៖ «ធ្វើនៅទីនេះពិបាក ជួនកាលធ្វើការហើយគេបោក មិនបើកលុយឱ្យ ធ្វើការចោល។ ពេលខ្លះគេស្រណោះយើង គេបើកឱ្យ ជួនកាល គេធ្វើការគេបោកយើងប្រើចោល»។ អ្នកស្រីបន្តថា ការធ្វើដំណើរមកតាមផ្លូវទាំងខុសច្បាប់មកធ្វើការនៅប្រទេសថៃប្រឈមនឹងគ្រោះថ្នាក់ជាច្រើនព្រោះត្រូវនាំកូនធ្វើដំណើរឆ្លងដែនពេលយប់។ អ្នកស្រីបន្ថែមថា អ្នកដែលធ្វើដំណើរទៅប្រទេសថៃជាមួយគ្នានោះ មានជាង៣០នាក់ ដែលមានទាំងស្ដ្រី និងបុរស ភាគច្រើនជាអ្នកដែលមានជីវភាពខ្វះខាត។ អ្នកស្រីបន្តថា ពួកគាត់មិនចង់ទៅធ្វើនៅស្រុកថៃដោយខុសច្បាប់បែបនេះទេ ប៉ុន្តែដោយសារជីវភាពក្រីក្រទើបបង្ខំចិត្តឱ្យពួកគាត់ចាកចេញពីផ្ទះសម្បែង ទៅរកការងារធ្វើនៅស្រុកថៃ។ លោកស្រីស្នើឱ្យរដ្ឋាភិបាលជួយសម្រួលឱ្យប្រជាពលរដ្ឋធ្វើដំណើរឱ្យបានស្រួល និងកុំយកថ្លៃឯកសារឆ្លងដែនផ្សេងៗច្រើនពេក ព្រោះពួកគេមិនមានលទ្ធភាពនោះទេ៖ «គ្នាមកតាមផ្លូវពិបាកណាស់ កាត់ដុបកាត់ព្រៃ កាត់ទឹកកាត់ភក់ ឡើងភ្នំ។ ចង់ឱ្យផ្លូវឡើងមកស្រួលល្អ។ ចង់ដើរផ្លូវស្រួលៗ មកក៏ស្រួល ចុះក៏ស្រួល ឱ្យគ្នារត់លូនចេះពិបាក។ គ្នាមានកូនតូចៗចេះ គ្នាឡើងមកពិបាកណាស់ ចង់តែទៅហើយមិនចង់មកវិញ»។

ស្រដៀងគ្នានេះដែរពលករម្នាក់ទៀត រស់នៅភូមិផ្គាំ ស្រុកស្វាយចេក ដែលកំពុងធ្វើការនៅប្រទេសថៃ អ្នកស្រី គិន សុភា បានលើកឡើងថា ការធ្វើចំណាកស្រុកដោយខុសច្បាប់ ដោយសារនៅកម្ពុជាគ្មានការងារធ្វើ ស្របពេលដែលផលដំណាំដែលពួកគាត់ដាំដុះលក់បានតម្លៃថោក ហើយខាតអស់ដើមទុន៖ «កត្តាទី១ដែលធ្វើឱ្យខ្ញុំធ្វើការចំណាកស្រុកដោយខុសច្បាប់ដោយសារតែមានជីវភាពខ្វះខាត ស្រូវស្រែបានផលតិច ដំឡូងមានការចុះថោក ប្រេងម៉ាស៊ុតឡើងថ្លៃ ជីឡើងថ្លៃ ថ្នាំស្រូវដំណាំអ្វីឡើងថ្លៃទាំងអស់ ធ្វើបានផលតិចទើបខ្ញុំចំណាកស្រុកមកប្រទេសគេ»។

ចំណែកពលរដ្ឋម្នាក់ទៀត គឺ អ្នកស្រី ឈឿន នាង រស់នៅភូមិថ្មី ស្រុកស្វាយចេក លើកឡើងថា បើទោះបីជារដ្ឋាភិបាលបានប្រកាសឱ្យបើកច្រកចូលប្រទេសថៃហើយក៏ដោយ ប៉ុន្តែនៅតែមានប្រជាពលរដ្ឋខ្លះបានឆ្លងដែនទៅរកការងារធ្វើ ដោយខុសច្បាប់ដដែល ដោយសារតែពួកគេធ្វើលិខិតឆ្លងដែន និងឯកសារថ្លៃពេក ដែលធ្វើឱ្យពួកគេកាន់តែលំបាក ខណៈដែលពួកគេកំពុងជំពាក់លុយធនាគារ។ អ្នកស្រីបន្តថា ការធ្វើលិខិតឆ្លងដែនត្រូវចំណាយក្នុងម្នាក់ ជាង១ម៉ឺនបាត ឬស្មើប្រមាណ៣០០ដុល្លារ ទើបអាចធ្វើការបាន៖ «ស្នើឱ្យរដ្ឋាភិបាលគេបើកច្រកចុះឡើងស្រួល។ ព្រោះអីមានប័ណ្ណPassport អ៊ីចឹងបើកឱ្យយើងឡើងមកតម្លៃដូចយើងចុះឡើងបីរយ(បាត)ដូចពីមុខអ៊ីចឹង ឱ្យបើកច្រកឡើងស្រួលចុះស្រួល»។ អ្នកស្រីបន្តថា បើសិនជារដ្ឋាភិបាលមិនសម្រួលពីតម្លៃធ្វើលិខិតឆ្លងដែន និងឯកសារមួយចំនួនឱ្យមានភាពងាយស្រួល និងតម្លៃថោកជាងបច្ចុប្បន្ននេះទេ ពលរដ្ឋនៅតែបន្តខុសច្បាប់ដដែល។ អ្នកស្រីថា ពលរដ្ឋភាគច្រើនដែលធ្វើការនៅប្រទេសថៃ បានលុយមកវិញបង់តែថ្លៃធនាគារ និងលិខិតឆ្លងដែន ខណៈដែលពលរដ្ឋខ្លះត្រូវបានមេខ្យល់បោកយកទម្លាក់ចោលតាមព្រំដែនហើយត្រូវបានអាជ្ញាធរថៃចាប់ខ្លួនក៏មានដែរ។

ជុំវិញរឿងនេះ មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក ឌីថេ ហូយ៉ា បានលើកឡើងថា បញ្ហាចំណាកស្រុកដោយខុសច្បាប់នេះជារឿងមួយដែលរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ខ្ពស់ដោះស្រាយជូនដល់ប្រជាពលរដ្ឋ។ លោកបន្តថា កន្លងមករដ្ឋាភិបាលហាក់មិនសូវយកចិត្តទុកដាក់ដំណោះស្រាយនោះទេ ដែលធ្វើឱ្យពលរដ្ឋនៅតែបន្តឆ្លងដែនដោយខុសច្បាប់។ លោកមើលឃើញថា បញ្ហាចម្បងគឺដោយសារតែពលរដ្ឋមានបញ្ហាជីវភាពខ្វះខាត ខណៈដែលតម្លៃឯកសារផ្សេងៗ និងលិខិតឆ្លងផែនមានតម្លៃខ្ពស់ ហួសពីលទ្ធភាពរបស់ពលរដ្ឋ៖ «យើងសូមអំពាវនាវដល់រដ្ឋាភិបាលគិតគូរធ្វើយ៉ាងណាបង្កើតយន្តការឱ្យសមស្របណាមួយដើម្បីឱ្យពលរដ្ឋយើងទទួលបានឯកសារស្របច្បាប់ដោយអាចធ្វើនៅក្នុងមូលដ្ឋានខេត្ត ឬស្រុកអីជាដើម។ ទី២ តម្លៃវាពាក់ព័ន្ធនឹងតម្លៃការធ្វើឯកសារក៏មិនត្រូវថ្លៃហួសហេតុពេក ហួសពីលទ្ធភាពដែលគាត់ធ្វើកើត…»។

របាយការណ៍ក្រសួងការងារ ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរទៅធ្វើការ ស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃ មានប្រមាណ ១លាន១សែននាក់ ប៉ុន្តែ របាយការណ៍របស់អង្គការសង់ត្រាល់ បានឱ្យដឹងថា មានពលករខ្មែរធ្វើការងារស្របច្បាប់ និងខុសច្បាប់ មានជិត២លាននាក់ ធ្វើការនៅប្រទេសថៃ៕

website_news/2022200503.txt · Last modified: 2022/05/20 10:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki