website_news:2022200701

រដ្ឋាភិបាលបើកយុទ្ធនាការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ

https://www.khmertimeskh.com/ ទិត្យ គង់នៅ July 19, 2022

រដ្ឋាភិបាលបានកំណត់គោលដៅលុបបំបាត់ពលកម្មកុមារនៅកម្ពុជាជាអាទិភាព ហើយបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ទប់ស្កាត់សមាហរណកម្មកុមារក្នុងវិស័យសិប្បកម្ម ផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម។ លោក ច័ន្ទ សុខុមចិន្តា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាបបាននិយាយកាលពីម្សិលមិញថា ការប្រើប្រាស់កុមារក្នុងឧស្សាហកម្មមួយចំនួននៅតែមាន ខណៈកុមារមួយចំនួនបានទៅជួយឪពុកម្តាយ ដើម្បីធ្វើឲ្យជីវភាពគ្រួសារធូរស្បើយ។ លោកបន្តថា៖ «ពលកម្មកុមារនៅខេត្តសៀមរាបមានការថយចុះ ប៉ុន្តែខ្ញុំសង្កេតឃើញថាការងារផលិតឥដ្ឋមួយចំនួនហាក់មិនបានដឹងថាកុមារកំពុងធ្វើការឲ្យក្រុមហ៊ុនរបស់ពួកគេទេ ខណៈកុមារជាច្រើនរួមដំណើរជាមួយឪពុកម្ដាយទៅធ្វើការដើម្បីជួយពួកគេ»។ លោកថានៅខេត្តសៀមរាប កុមារកំពុងជួបគ្រោះថ្នាក់ពេលទៅធ្វើការ ឬជួយការងារឪពុកម្ដាយ។ លោកបន្ថែមថានៅទូទាំងខេត្តសៀមរាប មានកន្លែងផលិតឥដ្ឋជាង ៩០ កន្លែងដែលកំពុងដំណើរការ និងផ្គត់ផ្គង់ឥដ្ឋនៅលើទីផ្សារ ដោយសារបច្ចុប្បន្នតម្រូវការឥដ្ឋក្នុងខេត្តមានកម្រិតខ្ពស់។ លោកនិយាយថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការនៅថ្ងៃទី១៤ ខែកក្កដា ដើម្បីទប់ស្កាត់ និងបញ្ឈប់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្ម ផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្មទូទាំងប្រទេសកម្ពុជា។

លោក យី គឹមថាន អនុប្រធានប្រចាំប្រទេសរបស់អង្គការ Plan International Cambodia បានយល់ស្របថាការប្រើប្រាស់ពលកម្មកុមារក្នុងកម្ពុជានៅតែមាន ហើយកុមារមួយចំនួនបានទៅធ្វើការជាមួយឪពុកម្តាយរបស់ពួកគេ។ លោកក៏បានបញ្ជាក់ដែរថា ប្រសិនបើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគម្រោងលុបបំបាត់ពលកម្មកុមារ ក្រសួងគួរតែកែប្រែច្បាប់ ដើម្បីកុំឲ្យកុមារធ្វើការនៅឧស្សហកម្មផលិតឥដ្ឋទៀត។លោកបន្តថា៖ «ខ្ញុំគិតថា មធ្យោបាយដ៏ល្អបំផុតក្នុងការបញ្ឈប់ម្ចាស់សិប្បកម្មឥដ្ឋពីការប្រើប្រាស់ពលកម្មកុមារ គឺក្រសួងត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹង ដោយចាប់ខ្លួនម្ចាស់ក្រុមហ៊ានដែលប្រើប្រាស់ពលកម្មកុមារ និងដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុននោះ»។

លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិយាយកាលពីសប្តាហ៍មុនថា យុទ្ធនាការទប់ស្កាត់ពលកម្មកុមារក្នុងវិស័យសិប្បកម្ម ផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម មានគោលបំណងបីគឺ ទី១ ផ្តល់ការណែនាំដល់មន្ត្រីអធិការកិច្ចការងារ និងសមត្ថកិច្ចពាក់ព័ន្ធដែលទទួលសិទ្ធជា នគរបាលយុត្តិធម៌ ធ្វើអន្តរាគមន៍ក្នុងការដកហូត ទប់ស្កាត់ សមាហរណកម្មកុមាររងគ្រោះ និងកុមារ ងាយរងគ្រោះនៅ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម។ ទីពីរបង្កើនការយល់ដឹង និងលើកកម្ពស់យុទ្ធនាការប្រឆាំងពលកម្មកុមារ ការលាតត្រដាងអំពីមូលហេតុ និងផលប៉ះពាល់នៃពលកម្មកុមារ គោលនយោបាយ និងបទដ្ឋានគតិយុត្ត និងវិធានការ នានា ដើម្បីប្រឆាំងពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម។ ជាចុងក្រោយ ផ្តល់ប្រតិភូកម្មដល់ផ្នែកអធិការកិច្ចការងារ យន្តការទប់ស្កាត់ បង្រ្កាបបទល្មើស និងប្រព័ន្ធត្រួតពិនិត្យ តាមដានពលកម្មកុមារនៅកន្លែងរបស់កុមារ (សិប្បកម្មផលិតឥដ្ឋ) នៅសាលារៀន និង នៅតាមសហគមន៍ដែលកុមារ និងក្រុមគ្រួសាររបស់ពួកគេរស់នៅ ជូនស្ថាប័នថ្នាក់ក្រោមជាតិបន្តអនុវត្ត។

នៅដើមខែកក្កដា ឆ្នាំ២០២១ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្ស(TIP) ដែលបានបញ្ជាក់ថា នៅកម្ពុជាមានប្រជាជនជាង ១០,០០០ នាក់ រួមទាំងកុមារជិត ៤,០០០ នាក់ដែលកំពុងធ្វើការក្នុងឧស្សាហកម្មផលិតឥដ្ឋនៅទូទាំងប្រទេស៕

website_news/2022200701.txt · Last modified: 2022/07/20 11:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki