website_news:2022200702

រយៈពេល ១ ឆ្នាំ គម្រោងកិច្ចការពារកុមារនៃអង្គការទស្សនៈពិភពលោក ផ្តល់ផលឱ្យពលរដ្ឋ និងអ្នកពាក់ព័ន្ធជាង ៣៥ ម៉ឺននាក់

https://www.postkhmer.com/national/ ឡុង គីមម៉ារីតា | Publication date 18 July 2022 | 18:14 ICT

ភ្នំពេញៈ ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅនេះ គម្រោងកិច្ចការពារលើកុមាររបស់អង្គការទស្សនៈពិភពលោក បានផ្តល់ផលទៅកាន់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ៣៥៥ ០០០ នាក់។ មន្ត្រីអង្គការនេះ លើកឡើងថា ស្ថានភាពនៃការប្រើអំពើហិង្សាលើកុមារ ហាក់មានការធ្លាក់ចុះ ប៉ុន្តែក៏នៅតែជាក្តីបារម្ភ ដែលត្រូវរួមគ្នាបន្តទៀត ក្នុងការលុបបំបាត់ និងបញ្ឈប់អំពើហិង្សាលើកុមារកម្ពុជា។ រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអង្គការទស្សនៈពិភពលោក បានអនុវត្តគម្រោងនានា ពាក់ព័ន្ធនឹងកិច្ចការការពារ និងការចូលរួមរបស់កុមារ ជាពិសេសនោះ គឺការបញ្ឈប់អំពើហិង្សាលើកុមារគ្រប់រូបភាព បន្ទាប់ពីតួលេខនៃអំពើហិង្សាលើកុមារ ត្រូវបានរកឃើញថា មានកម្រិតខ្ពស់ ។

លោកស្រី ឈឹម រតនា ប្រធានយុទ្ធនាការគំរូអហិង្សា នៃអង្គការទស្សនៈពិភពលោក ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៨ កក្កដាថា ដោយសារតែតួលេខនៃអំពើហិង្សាលើកុមារ មានកម្រិតខ្ពស់ អង្គការទស្សនៈពិភពលោក បានអនុវត្តគម្រោងនានាជាច្រើន។ ក្នុងនោះយុទ្ធនាការគំរូអហិង្សា អ្នកធ្វើបាន ខ្ញុំធ្វើបាន ក៏ជាផ្នែក១នៃគម្រោងរបស់ខ្លួនផងដែរ ដើម្បី ចូលរួមចំណែកបញ្ចប់អំពើហិង្សាលើកុមារ ជាពិសេសការដាក់ទណ្ឌកម្មលើរាងកាយទាំងនៅសាលារៀន និងនៅផ្ទះ។ លោកស្រីបញ្ជាក់ថា៖ «ដោយសារតែគម្រោងទាំងនេះ [គឺជា] ផ្នែក ១ នៃកិច្ចការពារលើកុមារ និងការចូលរួមរបស់កុមារក្នុងឆ្នាំ ២០២១ កន្លងទៅ កម្មវិធីនេះ បានផ្តល់ផលដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធចំនួន ៣៥៥ ០០០ នាក់ ដែលយើងធ្វើក្នុង ៣៣ ក្រុង-ស្រុក ក្នុងចំណោម ៩ រាជធានី-ខេត្ត។ ក្នុងចំណោមនោះ គឺមានកុមារ ១៥០ ០០០ នាក់ បានទទួលផលពីគម្រោងរបស់យើង»។

បើតាមលោកស្រី ឈឹម រតនា របាយការណ៍អង្កេតថ្នាក់ជាតិឆ្នាំ ២០១៣ ពីអំពើហិង្សាលើកុមារ ដែលបង្ហាញដោយក្រសួងកិច្ចការនារី កុមារជាង ៧៥% ធ្លាប់ទទួលរងទម្រង់ ១ នៃអំពើហិង្សា មុនពួកគេឈានចូលវ័យ ១៨ ឆ្នាំ។ ប៉ុន្តែការសិក្សាថ្មី ១ របស់ក្រសួងសុខាភិបាល ធ្វើឡើងកាលពីឆ្នាំ ២០២១ បានរកឃើញថា អំពើហិង្សាលើកុមារ បានធ្លាក់ចុះ មកត្រឹមរង្វង់ជាង ៦០ ភាគរយ ដែលធ្លាប់ទទួលរងនូវការដាក់ពិន័យបែបហិង្សា មុនពួកគេឈានចូលវ័យ ១៨ វិញ។ លោកស្រី ឈឹម រតនា អះអាងថា បើប្រៀបធៀបនឹងការរកឃើញកាលពីឆ្នាំ ២០១៣ និងការរកឃើញក្នុងពេលបច្ចុប្បន្នឃើញថា ចំនួននៃការប្រើប្រាស់អំពើហិង្សាលើកុមារ គឺមានការថយចុះ។ ប៉ុន្តែលោកស្រីនិយាយថា ការថយចុះ គឺនៅតែស្ថិតក្នុងការព្រួយបារម្ភដដែល ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការរួមគ្នាបន្ថែមទៀត។ លោកស្រីបញ្ជាក់ថា៖ «បើប្រៀបធៀបជាមួយតួលេខរកឃើញទាំងនេះ គឺមានការថយចុះដែរ តែវានៅតិចតួច។ អ៊ិចឹងគឺទាមទារឱ្យមានការងារច្រើនដែលត្រូវធ្វើ និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលុបបំបាត់ការប្រើអំពើហិង្សាលើកុមារ»។

របាយការណ៍អង្កេតថ្នាក់ជាតិឆ្នាំ ២០១៣ ពីអំពើហិង្សាលើកុមាររបស់ក្រសួងកិច្ចការនារីឱ្យដឹងថា ការប្រើប្រាស់អំពើហិង្សាលើកុមារ បានជះផលអវិជ្ជមានដល់កុមារ។ អំពើហិង្សាមានផលប៉ះពាល់អវិជ្ជមានយូរអង្វែង ចំពោះសុខុមាលភាព អាកប្បកិរិយា និងឈានទៅបាត់បង់ធនធានមនុស្ស ដែលប្រកបដោយចំណេះ និងជំនាញ។ របាយការណ៍នោះ បានអះអាងថា ផលប៉ះពាល់ទាំងនេះ រួមមាន រៀនខ្សោយ សុខភាពខ្សោយ មានបញ្ហាក្នុងការរកការងារធ្វើ និងទំនាក់ទំនងក្នុងសង្គម។

ប្រឈមនឹងបញ្ហានេះ លោកស្រី ឈឹម រតនា បញ្ជាក់ថា មានតែការផ្តល់ឱ្យកុមារ នូវបរិយាកាស និងឱកាសទេ ដែលអាចឱ្យពួកគេទទួលបានលទ្ធផលល្អក្នុងជីវិត។ លោកស្រីអំពាវនាវដល់អាណាព្យាបាល ឬឪពុកម្តាយ គ្រូបង្រៀន ផ្លាស់ប្តូរឥរិយាបថ ដោយឈប់ប្រើប្រាស់អំពើហិង្សាជាវិធីសាស្ត្រ ក្នុងការអប់រំកុមារ ហើយងាកមកប្រើប្រាស់ការអប់រំបែបវិជ្ជមានជំនួសវិញ។

លោកស្រី ម៉ាន ចិន្តា អ្នកនាំពាក្យក្រសួងកិច្ចការនារី មិនអាចសុំអត្ថាធិប្បាយបានទេ នាថ្ងៃទី ១៨ កក្កដា ដោយលោកស្រី អះអាងថា កំពុងជាប់រវល់៕

website_news/2022200702.txt · Last modified: 2022/07/20 11:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki