website_news:2022200902

សម្តេច ស ខេង៖ ល្បែងខុសច្បាប់ក្លាយជាមែកធាងនៃការជួញដូរមនុស្សនៅកម្ពុជា

https://btv.com.kh/article/15422 2022/09/19 12:36:26 pm

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា បនល្បែងខុសច្បាប់គឺកំពុងក្លាយជាមហារីកនៅក្នុងសង្គមកម្ពុជា ខណៈដែលល្បែងស៊ីសងនេះហើយ ជាមែកធាងនៃការជួញដូរមនុស្សនៅកម្ពុជា។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់នៃកិច្ចប្រជុំ ស្តីពីករណីបង្រ្កាបបទល្មើសជួញដូរមនុស្ស និងការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់ នាក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់បំផុត ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងបង្រ្កាបបនល្បែងខុសច្បាប់គ្រប់ប្រភេទ ដោយសារការជួញដូរមនុស្ស និងល្បែងអនឡាញខុសច្បាប់ទាំងនេះហើយ ធ្វើឲ្យកម្ពុជាកំពុងមានឈ្មោះមិនសូវល្អលើឆាកអន្តរជាតិ ជាពិសេសក្រោយដែលអាមេរិកបានដាក់កម្ពុជាក្នុងបញ្ជីខ្មៅ ជាប្រទេសទីបី ក្នុងការមិនយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសជូញដូរមនុស្សនេះ។

យ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំពុងខិតយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការពន្លត់ភ្លើងនៃមហារីកសង្គមនេះឲ្យអស់ ហើយប្រសិនបើមិនប្រញ៉ាប់ពន្លត់វាទេ វានឹងរីករាលដាលដល់បទល្មើសផ្សេងៗទៀតនៅក្នុងសង្គមកម្ពុជា រួមទាំងប៉ះពាល់ដល់ការពង្រឹង ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា គោលដៅសង្ស័យច្រើនជាងគេ ចំពោះជួញដូរមនុស្ស និងបនល្បែងខុសច្បាប់តាមអនឡាញនេះ គឺនៅខេត្តព្រះសីហនុ ហើយអាជ្ញាធរចម្រុះបានកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មផងដែរ ដោយបានចាប់ជនល្មើសយកទៅផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន និងបានជួយសង្រ្គោះជនរងគ្រោះឲ្យរួចផុតពីការជួញដូរ និងធ្វើទារុណកម្មបានយ៉ាងច្រើនផងដែរ៕ អត្ថបទ៖ បាន ចក់

website_news/2022200902.txt · Last modified: 2022/09/20 10:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki