website_news:2022200904

នគរបាលចុះបង្ក្រាបទីតាំងប្រព្រឹត្តិអំពើជួញដូរផ្លូវភេទ និងកេងប្រវ័ញ្ចកម្លាំងកុមារ, ចាប់ជនសង្ស័យម្នាក់ និងសង្គ្រោះជនរងគ្រោះ៤នាក់

http://freshnewsasia.com/index.php/en/localnews/257666-2022-09-17-13-32-59.html 2022-09-17 08:32pm

(ភ្នំពេញ)៖ កម្លាំងការិយាល័យប្រឆាំការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបើកកន្លែងប្រព្រឹត្តិអំពើសញ្ចារកម្ម ជួញដូរផ្លូវភេទ និងកេងប្រវ័ញ្ចកម្លាំងកុមារ និងសង្គ្រោះជនរងគ្រោះចំនួន០៤នាក់។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសនេះ បានធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២១:០០នាទី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលដឹកនាំការងារការិយាល័យប្រឆាំការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តចំណារអនុញ្ញាតឱ្យបង្ក្រាបជាក់ស្តែងលេខ ១៩៤ អ.យ.ក ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ របស់អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្ថែមថា ក្នុងប្រតិបត្តិករនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងសង្គ្រោះជនរងគ្រោះចំនួន០៤នាក់ ស្រី (អនីតិជន ០២នាក់) ពាក់ព័ន្ធករណីបើកកន្លែងប្រព្រឹត្តិអំពើសញ្ចារកម្ម យីហោ (សម្រស់ម្លិះ) នៅផ្ទះលេខ35A ផ្លូវលំ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ។

លោកបានបន្តថា ជនសង្ស័យឈ្មោះ សៀវ ប៊ុនជឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងម៉ាស្សា។ វត្ថុតាងដកហូត៖ ស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនួន, ម៉ូតូ ០១គ្រឿង ម៉ាក់ Nex ពណ៌ស ផ្លាកលេខ កំពង់ធំ 1M. 2321។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើកម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

website_news/2022200904.txt · Last modified: 2022/09/20 10:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki