website_news:2022200905

ជនជាតិវៀតណាមជាង៥០នាក់រត់ចេញពីកាស៊ីណូក្នុងខេត្តស្វាយរៀងស្វែងរកការជួយសង្រ្គោះ

https://www.rfi.fr/km//20220918-?ref=tgi ចុះផ្សាយនៅថ្ងៃ៖ 18/09/2022 - 08:57ដោយ៖ជួប នរក្សា

យ៉ាងហោចណាស់ មានជនជាតិវៀតណាមជាង៥០នាក់ បាននាំគ្នារត់ចេញពីកាស៊ីណូមួយកន្លែងក្នុងក្រុងបាវិត ខេត្តស្វាយរៀង សំដៅទៅប្រទេសវៀតណាមវិញ។ ព្រឹត្តិការណ៍នេះបានកើតឡើងកាលពីម្សិលមិញ គឺស្របពេលដែលរដ្ឋាភិបាលកម្ពុជា បើកយុទ្ធនាការបង្ក្រាបកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងស្របពេលនឹងយុទ្ធនាការបង្ក្រាបការជួញដូរមនុស្សនៅកម្ពុជា។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express គឺមានជនជាតិវៀតណាមចំនួន៥៦នាក់ បាននាំគ្នារត់ចេញពីទីតាំងកាស៊ីណូមួយកន្លែងក្នុងក្រុងបាវិត ខេត្តស្វាយរៀង សំដៅទៅរកច្រកព្រំដែនម៉ុកបៃ ប្រទេសវៀតណាមនៅថ្ងៃទី១៧កញ្ញា។ លោក Tran Ngoc Binh ដែលជាជនជាតិវៀតណាម បានរត់ចេញនោះ បានអះអាងថា រូបគេបានចាញ់បោកមកធ្វើការនៅកាស៊ីណូកាលពីខែបីខែមុន។ បើតាមការអះអាងគឺមានមនុស្សជាច្រើនត្រូវបានដាក់ឲ្យស្នាក់នៅអគារជាន់ទីប្រាំបី ដែលមានផ្លូវចេញតែមួយប៉ុណ្ណោះ។ បើតាមលោក Tran Ngoc Binh គឺជនជាតិវៀតណាមជាង៥០ ដែលនាំគ្នារត់ចេញរួមទាំងលោកផង បានគិតពីគម្រោងនេះតាំងពីប៉ុន្មានថ្ងៃមុន ដើម្បីស្វែងរកការសង្រ្គោះពីអ្នកខាងក្រៅ។ យ៉ាងណាជនជាតិវៀតណាមដែលរត់ចេញពីទីតាំងល្បែងកម្សាន្តក្នុងក្រុងបាវិត ត្រូវបានអាជ្ញាធរសមត្ថកិច្ចឃាត់ខ្លួន ដើម្បីស៊ើបអង្កេតបន្ត។ បើតាមការបញ្ជាក់ចុងក្រោយ ជនជាតិវៀតណាមទាំងនោះកំពុងស្ថិតការិយាល័យអន្តោប្រវេសន៍ក្រុងបាវិត។

វិទ្យុបារាំងអន្តរជាតិ មិនអាចសុំការបញ្ជាក់ពីលោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បាននៅឡើយទេនៅថ្ងៃអាទិត្យ។ យ៉ាងណាមិញ ការរត់ចេញរបស់ជនជាតិវៀតណាម កើតឡើងចំពេលដែលរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការបើកការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅកម្ពុជា។ តាមរយៈសារជាសំឡេងជាង២០នាទី កាលពីថ្ងៃសៅរ៍ទី១៧កញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាដាច់ខាតមួយ ដោយឲ្យអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឲ្យអស់នូវកន្លែងលែងល្បែងស៊ីសងខុសច្បាប់។ តាមលោកនាយករដ្ឋមន្ត្រី គឺលោកមិនញញើតសោះឡើយ ក្នុងការដកតំណែងមន្ត្រីមូលដ្ឋាន រាប់ចាប់តាំងពីតំណែងអភិបាល ប្រសិនបើពួកគេគ្មានឆន្ទៈបង្ក្រាបល្បែងស៊ីសងដែលខុសច្បាប់៕

website_news/2022200905.txt · Last modified: 2022/09/20 10:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki