website_news:2022201002

កម្ពុជា ជំរុញ អាស៊ាន បង្កើនការយកចិត្តទុកដាក់ខ្ពស់ លើសុខុមាលភាពពលករទេសន្តរប្រវេសន៍

https://www.kampucheathmey.com/local-news/398650 ថ្ងៃពុធ ១៩ តុលា ២០២២ដោយ Inn Pisey

កម្ពុជា ជំរុញឲ្យបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពពលករទេសន្តរប្រវេសន៍។ ក្នុងនោះ ឈរលើមូលដ្ឋានការអនុវត្តសិទ្ធិការងារ និងកិច្ចគាំពារសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ គឺជាការអនុវត្តសិទ្ធិមនុស្ស ទោះបីជាជំងឺកូវីដ-១៩ មានស្ថានភាពល្អប្រសើរក្តី។ ថ្លែងបើកវេទិកាអាស៊ានស្ដីពីទេសន្តរប្រវេសន៍ការងារលើកទី ១៥ ក្រោមមូលបទ “ការបើកដំណើរការឡើងវិញ នៃទេសន្តរប្រវេសន៍ការងារ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់” នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី ១៩ តុលា លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា «ទោះបីជាជំងឺកូវីដ-១៩ មានស្ថានភាពល្អប្រសើរជាបន្តបន្ទាប់ក៏ដោយ វាជាការចាំបាច់ជាងពេលណាៗទាំងអស់ ដែលយើងទាំងអស់គ្នា ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពពលករទេសន្តរប្រវេសន៍ ដោយឈរលើមូលដ្ឋានថា ការអនុវត្តសិទ្ធិការងារ និងកិច្ចគាំពារសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ គឺជាការអនុវត្តសិទ្ធិមនុស្ស»។លោករដ្ឋមន្ត្រីបានបន្តថា យ៉ាងណាមិញ ការបើកដំណើរការឡើងវិញ នៃទេសន្តរប្រវេសន៍ការងារក្នុងតំបន់អាស៊ាន ដែលមានការងារសមរម្យ បរិយាបន្ន និងយុត្តិធម៌សង្គម ស្របតាមគន្លងប្រក្រតីភាពថ្មី ក៏ជាកិច្ចការដ៏សំខាន់ត្រូវធ្វើផងដែរ។ លោករដ្ឋមន្ត្រីបានបន្តទៀតថា ការធ្វើទេសន្តរប្រវេសន៍ដើម្បីស្វែងរកការងារធ្វើ គឺជាចរន្តសកលមួយដែលជះឥទ្ធិពលស្ទើរគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក។ ដោយសារការធ្វើទេសន្តរប្រវេសន៍ការងារជាបាតុភូតសង្គមដែលមិនអាចលុបបំបាត់បាន ការការពារ និងលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ គឺជាកិច្ចការដ៏មានសារៈសំខាន់ និងចាំបាច់បំផុត។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្នុងបុព្វហេតុនេះ ប្រមុខរដ្ឋាភិបាល នៃបណ្ដារដ្ឋសមាជិកអាស៊ានបានដាក់ចេញ និងអនុម័តនូវសេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ក្នុងឆ្នាំ ២០០៧ និងឯកច្ឆន្ទភាពអាស៊ាន ស្ដីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ក្នុងឆ្នាំ ២០១៧។ តាមរយៈសេចក្ដីថ្លែងការណ៍ខាងលើ គណៈកម្មការសម្រាប់អនុវត្តសេចក្ដីថ្លែងការណ៍អាស៊ាន ស្ដីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ (ACMW) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដើម្បីអនុវត្តសកម្មភាព/គម្រោងនានាក្នុងការលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្នុងនាមជារដ្ឋសមាជិកអាស៊ាន កម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិជាច្រើន ដើម្បីគាំពារសិទ្ធិ និងអត្ថប្រយោជន៍ ទាំងពលករទេសន្តរប្រវេសន៍កម្ពុជាដែលទៅធ្វើការនៅបរទេស ទាំងពលករទេសន្តរប្រវេសន៍បរទេសដែលមកធ្វើការនៅកម្ពុជា។ ទន្ទឹមនឹងនេះ កម្ពុជា បានធ្វើ និងកំពុងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាមួយបណ្ដាប្រទេសនានាទាំងនៅក្នុង និងក្រៅតំបន់អាស៊ានផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរ និងបញ្ជាក់ឲ្យដឹងថា “សេចក្ដីថ្លែងការណ៍អាស៊ាន ស្ដីពីចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងតំបន់អាស៊ាន” ដែលជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងអាណត្តិកម្ពុជាជាប្រធានអាស៊ាន ឆ្នាំ ២០២២ ទើបតែទទួលបានការឯកភាពដោយកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ ថ្មីៗនេះ ហើយនឹងត្រូវដាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ ដើម្បីអនុម័ត និងប្រកាសក្នុងខែវិច្ឆិកា ខាងមុខនេះ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សេចក្ដីថ្លែងការណ៍នេះជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់អាស៊ាន និងជាការបោះជំហានដ៏ធំឆ្ពោះទៅកាន់ការធ្វើចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍អាស៊ាន ស្របតាមស្មារតី នៃសេចក្ដីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ានស្ដីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់វេទិកាទាំងមូល ឲ្យខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា ហើយចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ដើម្បីសម្រេចឲ្យបាននូវការដាក់ចេញអនុសាសន៍របស់វេទិកាអាស៊ានលើកទី ១៥ នេះ សម្រាប់គណៈកម្មការ ACMW យកទៅធ្វើជាធាតុចូលក្នុងការរៀបចំសកម្មភាពការងាររបស់ខ្លួន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការស្តារឡើងវិញ នៃទេសន្តរប្រវេសន៍ការងារ បន្ទាប់ពីវិបត្តិកូវីដ-១៩ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរបស់អាស៊ានបន្ថែមទៀត។

គួរបញ្ជាក់ថា វេទិកាអាស៊ាននេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូ នៃបណ្ដារដ្ឋសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន សហព័ន្ធនិយោជកអាស៊ាន អង្គការសហជីពអាស៊ាន សមាគមនិយោជក សហជីព អង្គការសង្គមស៊ីវិល នៃបណ្ដារដ្ឋសមាជិកអាស៊ាន ក្រុមការងារសម្រាប់ពលករទេសន្តរប្រវេសន៍អាស៊ាន និងតំណាងអង្គការអន្តរជាតិ សរុបប្រមាណ ១០០ នាក់៕ អត្ថបទ ៖ សំអឿន

website_news/2022201002.txt · Last modified: 2022/10/20 09:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki