website_news:2022201005

អាជ្ញាធរក្រុងមួយរបស់កូរ៉េ បង្ហាញចេតនាទទួលយកពលករកម្ពុជាបន្ថែម ខណៈកម្លាំងពលកម្មធ្លាក់ចុះ

https://www.btv.com.kh/article/16362 2022/10/19 03:50:46 pm

ភ្នំពេញ៖ លោក ជូ ណាក់យ៉ាំង (Joo Nak-young) អភិបាលក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ប្រទេសកូរ៉េអត្រាកំណើត របស់ពលរដ្ឋមានការថយចុះ ហើយមនុស្សចាស់មានការកើនឡើង ដែលធ្វើឲ្យខ្វះខាតកម្លាំងពលកម្ម ខណៈភាគីកូរ៉េ កំពុងពិភាក្សាជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា លើការងារបញ្ជូនពលករបន្ថែម ។

ក្នុងជំនួបជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាជាតិ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ លោក ជូ ណាក់យ៉ាំង បានឲ្យដឹងថា ចំណងទាក់ទងទ្វេភាគី កូរ៉េ-កម្ពុជា មានកិច្ចសហប្រតិបត្តិការទៅលើវិស័យជាច្រើន និងពិតជាមានការរីកចម្រើន រួមមានការទូត វប្បធម៌ ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្មជាដើម ។ លោកបន្តថា នៅប្រទេសកូរ៉េ អត្រាមនុស្សកើតថយចុះ រីឯអត្រាមនុស្សចាស់កើនឡើង ដែលធ្វើឱ្យប្រទេសកូរ៉េកំពុងជួបវិបត្តិខ្វះកម្លាំងពលកម្ម ហើយទីក្រុងឃ្យុងយូ ក៏ជួបបានបញ្ហានេះដែរ ។ អំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជា ប្រតិភូក្រុងឃ្យុងយូ បានធ្វើការងារជាច្រើនជាមួយក្រសួងការងារកម្ពុជា ពាក់ព័ន្ធការបញ្ជូនពលករទៅបម្រើការនៅកូរ៉េ ដើម្បីបង្កលក្ខណៈងាយស្រួលទាំងមុនពេលទៅ អំឡុងពេលនៅកូរ៉េ និងត្រលប់មកកម្ពុជាវិញ ។ លោកអភិបាលក្រុងថា ពលករខ្មែរធ្វើបម្រើការងារនៅកូរ៉េ គឺមានភាពឧស្សាហ៍ព្យាយាម និងស្មោះត្រង់ ដែលធ្វើឱ្យក្រុមហ៊ុន ឧស្សាហកម្មានានា ត្រូវការពលកម្មពីប្រទេសកម្ពុជាជាច្រើនទាំងការងារតាមរដូវ និងរយៈពេលវែង ។

ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សាធារណរដ្ឋកូរ៉េ ដែលបានបង្កលក្ខណៈងាយស្រួលប្រកបដោយភាពយកចិត្តទុកដាក់ដល់ពលករខ្មែរដែលទៅបម្រើការងារនៅកូរ៉េ។ លោកជំទាវបន្តថា ពលករខ្មែរមានការយកចិត្តទុកដាក់ផ្សេងៗ រួមមានការថែទាំសុខភាព ការបំពាក់បំប៉នចំណេះជំនាញបន្ថែម ជាមួយនឹងប្រាក់កម្រៃពលកម្មសមរម្យ បានធ្វើឱ្យពលករខ្មែរ អាចបន្តអាណត្តិការងាររបស់គេ នៅប្រទេសកូរ៉េ និងបានជួយឱ្យជីវភាពគ្រួសាររបស់គេកាន់តែប្រសើរឡើង ។ លោកជំទាវ ឃួន សុដារី បានបន្ថែមថា អតីតពលករខ្មែរនៅកូរ៉េមួយចំនួន បានប្រែក្លាយជីវភាពរស់នៅសព្វថ្ងៃកាន់តែប្រសើរឡើង ដោយសារវិជ្ជាជីវៈ បច្ចេកវិទ្យាថ្មីៗ និងភាពច្នៃប្រឌិតដែលបានរស់នៅរៀនសូត្រ អំឡុងពេលបំពេញការងារនៅទីនោះ ព្រមទាំងបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជាផងដែរ ៕អត្ថបទ ៖ បាន សុខរិទ្ធ

website_news/2022201005.txt · Last modified: 2022/10/20 10:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki