website_news:2022201202

សង់ត្រាល់៖ ក្នុងឆ្នាំ២០២២មានជាង១០០ករណីដែលពលករខ្មែរចំណាកស្រុកចាញ់បោកមេខ្យល់

https://www.rfi.fr/km//20221218-?ref=tgi ចុះផ្សាយនៅថ្ងៃ៖ 18/12/2022 - 07:47

អង្គការសង់ត្រាល់បានរកឃើញថា ក្នុងឆ្នាំ២០២២ មានករណីពលករខ្មែរចំណាកស្រុកចាញ់បោកមេខ្យល់ ជាង១០០ករណី។ មន្ត្រីនៃអង្គការសង់ត្រាល់ បញ្ជាក់ថា ទាំងជាង១០០ករណី ដែលពលករខ្មែរត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ហើយមានខ្លះទៀតបានចាញ់បោកមេខ្យល់ អស់ប្រាក់ចន្លោះពី២០០ទៅ៥០០ដុល្លារអាមេរិក។

មានបញ្ហាប្រឈមចម្បងមួយចំនួន ដែលពលករខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស កំពុងតែប្រឈមនៅអំឡុងពេលវិបត្តិកូវីដ១៩ និងក្រោយវិបត្តិកូវីដ១៩។ លោក ឌី ថេហូយ៉ា ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ បានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យនេះ ថា ពលករខ្មែរមួយចំនួន បានប្រឈមនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរថៃ ដោយសារតែការធ្វើដំណើររកការងារធ្វើ នាអំឡុងពេលអាជ្ញាធរថៃរឹតត្បិតការធ្វើដំណើរដោយសារតែការឆ្លងជំងឺកូវីដ១៩។ បើតាមលោក ឌី ថេហូយ៉ា ពលករខ្មែរទាំងនោះ បានប្រឈមនឹងភាពគ្មានការងារ និងជំពាក់បំណុល ហើយពលករខ្លះទៀត ក៏ប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងបទល្មើសជួញដូរមនុស្សជាដើម។ នៅទន្ទឹមនឹងបញ្ហាទាំងនេះ មន្ត្រីនៃអង្គការសង់ត្រាល់ បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋខ្មែរមួយចំនួន ត្រូវបានគេឆបោកអស់ប្រាក់ចន្លោះពី ២០០ទៅ៥០០ដុល្លារ ដើម្បីធ្វើឯកសារចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ លោក ឌី ថេហូយ៉ា ថាបញ្ហាទាំងនេះ គឺទាមទារឲ្យរដ្ឋាភិបាលគិតគូបន្ថែមទៀត អំពីការធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ ពេលធ្វើចំណាកស្រុកទៅធ្វើការនៅឯបរទេស។

ការអះអាងរបស់មន្ត្រីសង់ត្រាល់ បែបនេះ ធ្វើឡើងនៅអំឡុងពេលដែលអង្គការដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិការងារមួយនេះ បាននិងកំពុងរៀបចំទិវាអ្នកចំណាកស្រុកអន្តរជាតិលើកទី២៣ នៅថ្ងៃនេះ ដោយមានការចូលរួមពីបណ្តាប្រជាពលរដ្ឋមួយចំនួន នៅតាមមូលដ្ឋា។ បើតាមលោក ឌី ថេហូយ៉ា គឺទិវាមួយនេះ មានសារសំខាន់ ដើម្បីឲ្យពលរដ្ឋបានស្វែងយល់ពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងជាទិវាមួយដើម្បីឲ្យរដ្ឋាភិបាល បានស្វែងយល់ពីបញ្ហាប្រឈមរបស់ពលករខ្មែរ និងដោះស្រាយបញ្ហារបស់ពួកគេ។

បើតាមរបាយការណ៍របស់អង្គការសង់ត្រាល់ មានប្រជាពលរដ្ឋខ្មែរប្រមាណជាង២លាន៥សែននាក់ បានចំណាកស្រុកទៅរកការងារធ្វើនៅឯក្រៅប្រទេស ដើម្បីរកចំណូលមកផ្គត់ផ្គង់គ្រួសារនៅក្នុងស្រុក។ ក្នុងចំណោមនោះ នៅប្រទេសថៃ មានពលករខ្មែរប្រមាណជាង ២លាន កំពុងប្រកបរបរការងារ នៅតាមសហគ្រាស រោងចក្រ ឧស្សហកម្មមួយចំនួន៕

website_news/2022201202.txt · Last modified: 2022/12/20 09:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki