website_news:2022201204

សង់ត្រាល់ប្រារព្ធទិវាអ្នកចំណាកស្រុកអន្តរជាតិ ជំរុញឱ្យរដ្ឋាភិបាលផ្ដល់ភាពស្របច្បាប់ និងកិច្ចគាំពារសង្គមដល់ពលករចំណាកស្រុក

https://www.rfa.org/khmer/news/social-economy/central-celebrates-international-imigrant-day-urging-government-to-provide-legal-status-and-social-protection-to-migrant-workers-12182022181017.html ដោយ មាន ឫទ្ធិ2022.12.18

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) ប្រារព្ធទិវាអ្នកចំណាកស្រុកអន្តរជាតិ លើកទី២៣ នៅថ្ងៃទី១៨ ខែធ្នូ នៅទីតាំងចំនួន៩ផ្សេងគ្នា ដើម្បីជំរុញឱ្យរដ្ឋាភិបាលផ្ដល់ភាពស្របច្បាប់ និងកិច្ចគាំពារសង្គមដល់ពលករចំណាកស្រុក។ ទិវាអ្នកចំណាកស្រុកអន្តរជាតិរបស់អង្គការសង់ត្រាល់នេះ មានអ្នកចូលរួមសរុបជាង៩រយនាក់ (៩៣២នាក់) ពួកគេទាំងនោះគឺជាអតីតពលករចំណាកស្រុក គ្រួសារពលករចំណាកស្រុក ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាដើម។ អ្នកចូលរួមកម្មវិធីទាំងនេះ បានដង្ហែក្បួនផ្សព្វផ្សាយពីវិធីធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងរៀបចំជាវេទិកាសហគមន៍ចំនួន៩ទីតាំងផ្សេងគ្នា នៅតាមបណ្ដាខេត្តចំនួន៤ រួមមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងខេត្តបាត់ដំបង។ មន្ត្រីកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសក៍ នៃអង្គការសង់ត្រាល់ (CENTRAL) កញ្ញា ទ្រី សុភា ប្រាប់វិទ្យុអាស៊ីសេរីថា គោលបំណងនៃការប្រារព្ធទិវាអ្នកចំណាកស្រុកអន្តរជាតិនេះគឺមាន៣ ទី១ គឺចង់ផ្សព្វផ្សាយអំពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពដល់ប្រជាពលរដ្ឋ។ គោលបំណងទី២ គឺជំរុញឱ្យរដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលដល់ការធ្វើចំណាកស្រុករបស់ពលករខ្មែរទៅធ្វើការនៅបរទេស ជាពិសេសទៅកាន់ប្រទេសថៃ។ គោលបំណងចុងក្រោយ គឺជំរុញឱ្យរដ្ឋាភិបាលផ្ដល់កិច្ចគាំពារសង្គមដល់ពលករចំណាកស្រុក ពេលដែលពួកគេត្រឡប់មករស់នៅក្នុងប្រទេសវិញ។ កញ្ញា ទ្រី សុភា បន្ថែមថា មូលហេតុដែលពលករខ្មែរភាគច្រើនសម្រេចចិត្តធ្វើចំណាកស្រុកដោយខុសច្បាប់ គឺដោយសារនីតិវិធីនៃការធ្វើចំណាកស្រុកមានលក្ខណៈស្មុគស្មាញ ត្រូវចំណាយថវិកាច្រើន និងរយៈពេលយូរ៖

«មែនទែនទៅគឺយើងព្យាយាមប្រូម៉ូត ហ្សេរ៉ូ រីគ្រូតមិន ហ្វ្រី (Promote Zero Recruitment Fees) ដែលការចំណាយពាក់ព័ន្ធទៅនឹងការធ្វើចំណាកស្រុករបស់ពលរដ្ឋកម្ពុជា វាគួរតែជាបន្ទុករបស់ថៅកែ វាមិនគួរជាបន្ទុករបស់កម្មករទេ អញ្ចឹងបើកាលណាដែលគាត់អាចទៅដោយមិនចំណាយប្រាក់ពីហោប៉ៅរបស់គាត់ ធ្វើឱ្យគាត់អាចស្វែងរកការចំណាកស្រុកមួយតាមប្រព័ន្ធ ដែលសមរម្យដែលគាត់អាចទៅដោយអត់មានបង់ថវិកា។ តាមពិតអាហ្នឹងគឺជាអ្វីដែលយើងចង់ឃើញ»។

កន្លងមក អង្គការសង់ត្រាល់បានប៉ាន់ស្មានថា ក្នុងចំណោមពលករខ្មែរធ្វើការចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ជិត២លាននាក់ (២.០០០.០០០នាក់) មានពលករធ្វើចំណាកស្រុកដោយស្របច្បាប់ត្រឹមតែជាង ១៥ម៉ឺននាក់ (១៥០.០០០នាក់) តែប៉ុណ្ណោះ។ ដោយឡែករបាយការណ៍ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថាពលករខ្មែរដែលមាន និងមិនមានកិច្ចព្រមព្រៀងធ្វើចំណាកស្រុកផ្លូវការនៅក្នុងប្រទេសថៃមានសរុប ចំនួន១លាន៣សែននាក់ (១.៣០០.០០០នាក់)។ ប្រជាពលករខ្មែរនៅតែជ្រើសរើសយកការធ្វើដំណើរទៅធ្វើការនៅប្រទេសថៃ ដោយលួចលាក់តាមច្រករបៀង ដោយសារពួកគេមិនមានលុយគ្រប់គ្រាន់ដើម្បីបំពេញនីតិវិធីធ្វើចំណាកស្រុកដោយស្របច្បាប់ ខណៈពលរដ្ឋខ្មែរភាគច្រើនដែលសម្រេចចិត្តធ្វើចំណាកស្រុក គឺដោយសារពួកគេគ្មានការងារធ្វើ និងមានជីវភាពក្រីក្រ។ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសក៍ នៃអង្គការសង់ត្រាល់ លោក ឌីថេ ហូយ៉ា ធ្លាប់បានលើកឡើងថា ៨០ភាគរយ (៨០%) នៃពលករធ្វើចំណាកស្រុកទៅប្រទេសថៃ គឺបណ្ដាលមកពីជំពាក់បំណុលធនាគារវ័ណ្ឌក ដូច្នេះហើយពួកគេត្រូវបង្ខំចិត្តធ្វើចំណាកស្រុក ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាព និងសងបំណុលធនាគារ។

ជុំវិញការប្រារព្ធទិវាអ្នកចំណាកស្រុកអន្តរជាតិលើកទី២៣នេះ អ្នកប្រឹក្សាអំពីការធ្វើការចំណាកស្រុកដោយសុវត្ថិភាព នៃអង្គការសង់ត្រាល់ ប្រចាំឃុំកំរើល ស្រុកពួក ខេត្តសៀមរាប លោក ឆិម ឈា ប្រាប់វិទ្យុអាស៊ីសេរីថា នៅឃុំរបស់លោកមានអ្នកចូលរួមដង្ហែក្បួនផ្សព្វផ្សាយពីការធ្វើចំណាកស្រុក ដោយសុវត្ថិភាពជាង ១រយនាក់ (១០៥នាក់) ដោយមានជិះគោយន្តចំនួន៨គ្រឿង។ លោកបន្ថែមថា ប្រជាពលរដ្ឋនៅក្នុងឃុំរបស់លោក ភាគច្រើនបានធ្វើការចំណាកស្រុកដោយខុសច្បាប់ ព្រោះពួកគេត្រូវការធ្វើចំណាកស្រុកឱ្យបានលឿន ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ លោកបន្ថែមថា កន្លងមកប្រជាពលរដ្ឋខ្លះដែលដាក់ពាក្យធ្វើចំណាកស្រុកតាមក្រុមហ៊ុន ត្រូវចំណាយលុយអស់រហូតដល់៥រយដុល្លារអាមេរិក (៥០០ដុល្លារអាមេរិក) ដើម្បីធ្វើឯកសារចំណាកស្រុក ហើយពេលខ្លះទម្រាំអាចធ្វើចំណាកស្រុកបាន គឺត្រូវចំណាយពេលដល់៦ខែក៏មាន។ លោក ឆិម ឈា យល់ឃើញថា រដ្ឋាភិបាលគួរលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការផ្ដល់ការងារដែលមានប្រាក់ខែសមរម្យ និងរកទីផ្សារលក់ផលិតផលជូនដល់កសិករ ដើម្បីកាត់បន្ថយកុំឱ្យប្រជាពលរដ្ឋខ្មែរធ្វើចំណាកស្រុកដោយខុសច្បាប់៖

«ឧទាហរណ៍ យើងដាំបន្លែបានហើយមានទីផ្សារកសិកម្មមួយដែលអាចលក់បានតម្លៃសមរម្យ ខ្ញុំគិតថាប្រជាពលរដ្ឋខ្មែរអត់មាននរណាចង់ចេញពីស្រុកកំណើតទេ ព្រោះខ្ញុំក៏ជាប្រជាពលរដ្ឋក្រមួយរូបដែលធ្លាប់ឆ្លងកាត់បញ្ហាហ្នឹងច្រើន អញ្ចឹងខ្ញុំក៏យល់ថា គ្មាននរណាចង់ចាកចេញ ចោលប្រពន្ធចោលកូន ចោលគ្រួសារទេ»។

ជុំវិញការលើកឡើងនេះ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិដឹកនាំការបង្ក្រាបការជួញដូរ និងរត់ពន្ធមនុស្ស លោកស្រី ជូ ប៊ុនអេង ប្រាប់វិទ្យុអាស៊ីសេរីថា តម្លៃនៃការធ្វើនីតិវិធីចំណាកស្រុករបស់រដ្ឋាភិបាលមិនថ្លៃខ្ពស់នោះទេ បើប្រៀបធៀបជាមួយប្រទេសជិតខាង។ លោកស្រីមានប្រសាសន៍ថា មូលហេតុដែលប្រជាពលរដ្ឋចំណាយថវិកាច្រើន គឺបណ្ដាលមកពីពលករមិនធ្វើឯកសារដោយខ្លួនឯងផ្ទាល់ ហើយឱ្យក្រុមហ៊ុនរកកម្រៃជើងសាធ្វើឱ្យ៖

«ដោយសារមានពេលខ្លះគាត់នៅប្រទេសថៃស្រាប់ ហើយនៅពេលដែលគាត់ធ្វើការទំនាក់ទំនង គាត់ទាក់ទងជាមួយនិយោជក ឬមួយក៏ទាក់ទងជាមួយអ្នករត់ការ ហើយគាត់អត់បានស្ដាប់អ្វីដែលយើងបានជម្រាបគាត់ទេ»។

បើតាមអង្គការសង់ត្រាល់ ក្នុងឆ្នាំ២០២២នេះ ពលករខ្មែរធ្វើចំណាកស្រុកដោយខុសច្បាប់ដែលត្រូវបានឃាត់ខ្លួនចំនួន៩២ករណី គឺស្មើនឹងជាង២ពាន់នាក់ (២,១២១នាក់) ហើយក្នុងនោះ៤០ភាគរយ(៤០%) គឺជាស្ត្រី និងកុមារ។ អង្គការសង់ត្រាល់រកឃើញថា ការធ្វើចំណាកស្រុកតាមប្រព័ន្ធផ្លូវការ ឬ អឹម.អូ.យូ (MOU) មានការលំបាកខ្លាំង ដោយពលករម្នាក់ត្រូវចំណាយថវិកាចន្លោះពី៣០០ ទៅ ៥០០ដុល្លារអាមេរិក និងត្រូវរងចាំចន្លោះពី១ខែ ទៅដល់៦ខែទើបអាចធ្វើចំណាកស្រុកដោយស្របច្បាប់បាន។ កន្លងមក ក៏ធ្លាប់មានករណីជាច្រើនដែលពលករខ្មែរ ត្រូវបានកម្លាំងមានសមត្ថកិច្ចថៃបាញ់សម្លាប់ និងចាប់ខ្លួនដាក់ពន្ធនាគារក្នុងពេលលួចឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងទឹកដីថៃ។ ជាមួយគ្នានេះពលករខ្មែរជាច្រើនដែលទៅធ្វើការដោយខុសច្បាប់ ក៏ត្រូវបានថៅកែថៃរំលោភសិទ្ធិការងារ ដោយបង្ខំឱ្យធ្វើការលើសម៉ោង និងមិនបើកប្រាក់ខែឱ្យជាដើម៕

website_news/2022201204.txt · Last modified: 2022/12/20 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki