website_news:2022201205

ស្ថានទូតខ្មែរនៅសហការជាមួយអាជ្ញាធរថៃតាមចាប់ជនបរទេសពីរនាក់ដែលធ្វើបាបស្ត្រីវិចិត្រករខ្មែរ

https://www.rfa.org/khmer/news/human-rights/cambodia-embassy-will-work-with-thai-to-find-justice-for-a-cambodian-woman-who-was-tortured-by-two-polishmen-12172022121338.html ដោយ ថា ថៃ2022.12.17

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃឲ្យដឹងថា ស្ថានទូតកម្ពុជា កំពុងសហការជាមួយអាជ្ញាធរថៃ ដើម្បីស្នើទៅប៉ូលិសអន្តរជាតិតាមចាប់ជនបរទេសពីរនាក់ ដែលបានវាយធ្វើបាបស្ត្រីវិចិត្រករខ្មែរម្នាក់នៅប្រទេសថៃ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរស្ទើរបាត់បង់ជីវិត។ ប៉ុន្តែស្ត្រីរងគ្រោះថា នៅមិនទាន់ឃើញស្ថានទូតខ្មែរទាក់ទងទៅគាត់ និងគ្រួសារ ដើម្បីរកដំណោះស្រាយរឿងអំពើហិង្សាលើរាងកាយនេះទេ បើទោះជាកញ្ញាបានដាក់បណ្ដឹងរយៈពេលមួយខែហើយក៏ដោយ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា ស្ថានទូតកម្ពុជាប្រចាំ ប្រទេសថៃ កំពុងប្រតិបត្តិការរួមគ្នាជាមួយសមត្ថកិច្ចថៃ ដើម្បីស៊ើបអង្កេតលើករណីបុរសជនជាតិប៉ូឡូញពីរនាក់ ដែលបានវាយដំ ចាក់កាំបិត និងជះទឹកអាស៊ីតលើរាងកាយស្ត្រីវិចិត្រករខ្មែរម្នាក់បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ក្នុងក្រុងផាត់ថៈយ៉ា (Pattaya) ខេត្តឈុនបុរី (Chun Buri) កាលពីថ្ងៃទី១ ខែវិច្ឆិកា។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ថា អ្នកស្រីបានទូរស័ព្ទទៅស្ថានទូតខ្មែរនៅទីក្រុងបាងកក សួរនាំពីបញ្ហាស្ត្រីខ្មែររងទារុណកម្មនៅទីនោះ ហើយស្ថានទូត ឆ្លើយតបថា សមត្ថកិច្ចថៃកំពុងចាត់វិធានការលើរឿងនេះ។ អ្នកស្រីបន្តថា ស្ថានទូតក៏មិនបណ្ដោយឲ្យស្ត្រីខ្មែររងគ្រោះ ទទួលការវាយប្រហារជាលើកទីពីរទេ ដោយសារពេលនេះ អាជ្ញាធរកម្ពុជានិងថៃបានរួមដៃគ្នាការពារសុវត្ថិភាពជូនជនរងគ្រោះ និងគ្រួសារ តាមពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះ។ អ្នកស្រី ជូ ប៊ុនអេង៖ «ការពិតចំពោះបទល្មើសគេហៅថាដែលកើតនៅក្នុងដែនដីណា អ៊ីចឹងបើដែនដីថៃហ្នឹងគឺសមត្ថកិច្ចថៃជាអ្នកទទួលខុសត្រូវ តែយើងមានភារកិច្ចសហការ។ អ៊ីចឹងយើងបានជូនដំណឹងមកខាងសមត្ថកិច្ចក្នុងស្រុកនេះ ដើម្បីធ្វើការការពារសុវត្ថិភាពក្រុមគ្រួសាររបស់គាត់នៅក្នុងស្រុក ហើយយើងកំពុងតែតាមដានបន្តដែររឿងហ្នឹងណា ពីព្រោះវាទាក់ទងនឹងជនជាតិយើងអ៊ីចឹងណា»។ អ្នកស្រី ជូ ប៊ុនអេង ថា កម្ពុជាកំពុងតាមដានលើរឿងនេះ និងជំរុញឲ្យសមត្ថកិច្ចអន្តរជាតិតាមចាប់ជនល្មើសឲ្យបានឆាប់។

ផ្ទុយពីការលើកឡើងរបស់រដ្ឋាភិបាលខ្មែរ ស្ត្រីវិចិត្រករខ្មែរ ដែលជាជនរងគ្រោះ កញ្ញា នី ស្រីរ័ត្ន ប្រាប់វិទ្យុអាស៊ីសេរីថា កញ្ញាមិនដែលទទួលបានដំណឹងពីស្ថានទូតខ្មែរនៅប្រទេសថៃ ទាក់ទងមកសួរនាំពីបណ្ដឹងរបស់កញ្ញាទេ។ កញ្ញាបញ្ជាក់ថា កញ្ញាបានដាក់ពាក្យប្ដឹងនៅស្ថានទូតតាំងពីថ្ងៃទី១៦ ខែវិច្ឆិកា មកទល់ពេលនេះគ្មានបានចម្លើយសោះ ហើយកញ្ញាបានទូរស័ព្ទ និងអ៊ីម៉ែលទៅសួរមន្ត្រីស្ថានទូត ឈ្មោះ លោក ធារី តែលោក ធារី ឆ្លើយថា ស្ថានទូតកំពុងដំណើរការលើរឿងនេះ។ កញ្ញានៅតែបារម្ភពីសុវត្ថិភាពខ្លួនឯង នៅថៃ និងក្រុមគ្រួសារនៅកម្ពុជា ដោយសារជនល្មើសបន្តគំរាមថា នឹងធ្វើបាបពួកគាត់បន្តទៀត។ កញ្ញាថា មានអាជ្ញាធរថៃមកសួរនាំ និងឃ្លាំមើលសុវត្ថិភាពកញ្ញាម្ដងម្កាលដែរ នៅប្រទេសថៃនេះ។

កញ្ញា នី ស្រីរ័ត្ន៖ «ចាសហើយបន្ទាប់មកខ្ញុំក៏ព្យាយាមតេទៅខាងស្ថានទូតខ្មែរនៅថៃនេះឡើងបីដងថា តើខ្ញុំអាចសុំក្រដាសដែលពាក់ព័ន្ធ ដែលថាបងបានផ្ញើបញ្ជូនទៅខាងស្ថានទូតខ្មែរអ៊ីចឹងណា ខ្ញុំសុំអាចសុំក្រដាសបានអត់។ តែគាត់នៅតែថាផ្ញើទៅហើយ ប៉ុន្តែគាត់អត់ទាន់ផ្ញើឲ្យខ្ញុំ។ ផ្ញើអ៊ីម៉ែលទៅគាត់ បើសិនជាពិបាកផ្ញើ ផ្ញើតាមអ៊ីម៉ែលក៏ខ្ញុំអត់ទាន់ទទួល មកដល់ឥឡូវក៏ខ្ញុំអត់ទាន់បានទទួលការខល ឬក៏ព័ត៌មានអីមួយដែលបញ្ជាក់ថា ឯកសារទាំងអស់បានទៅដល់អ៊ីចឹងណា គ្រាន់តែឮតាមពាក្យសម្ដីប៉ុណ្ណឹងឯងតែជាក់ស្ដែងខ្ញុំអត់ទាន់ទទួលបានអីទេ»។

ស្ត្រីជាងគំនូរខ្មែរ គឺកញ្ញា នី ស្រីរ័ត្ន ឲ្យដឹងថា នាងត្រូវបានបុរសជនជាតិប៉ូឡូញពីរនាក់វាយធ្វើបាប ចាក់នឹងកាំបិត ព្រមទាំងជះទឹកអាស៊ីតលើមុខ និងលើរាងកាយ បណ្ដាលឲ្យរបួសជាង ២៦០ថ្នេរ កាលពីថ្ងៃទី១ ខែវិច្ឆិកា នៅទីក្រុងផាត់ថៈយ៉ា (Pattaya) ខេត្តឈុនបុរី (Chonburi) ។ ជនរងគ្រោះរូបនេះរៀបរាប់ថា នៅថ្ងៃកើតហេតុ មានស្ត្រីជនជាតិថៃម្នាក់ បានទូរស័ព្ទហៅកញ្ញាឲ្យទៅគូរគំនូរនៅលើជញ្ជាំងក្នុងហាង ដែលទើបបើកថ្មី ។ តែលុះទៅដល់កន្លែងកើតហេតុ ស្ត្រីថៃនោះឲ្យបុរសបរទេសពីរនាក់មកទទួលកញ្ញា ហើយស្រាប់តែបុរសទាំងពីរ ចាប់ចងដៃជើង និងយកកញ្ញា ទៅវាយធ្វើបាបតែម្តង។ កញ្ញា អះអាងថា មិនដែលមានទំនាស់ ឬស្គាល់ជនល្មើសឡើយ ប៉ុន្តែកញ្ញា ដាក់ការសង្ស័យថា ករណីនេះអាចជាការប្រច័ណ្ឌរបស់ស្ត្រីថៃម្នាក់ ដែលបានបែកគ្នានឹងប្ដីបរទេស ហើយចោទកញ្ញាថា ជាអ្នកបំបែកបំបាក់ពួកគេ។ ក្រោយកើតហេតុ កញ្ញា ក៏បានប្ដឹងទៅអគ្គស្នងការនគរបាលជាតិថៃ និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ហើយប៉ូលិសថៃកំពុងប្រតិបត្តិការលើរឿងនេះ តែស្ថានទូតខ្មែរមិនទាន់មានការឆ្លើយតបទេ។

បច្ចុប្បន្ននេះ កញ្ញា នី ស្រីរ័ត្ន កំពុងរស់នៅក្នុងប្រទេសថៃតែម្នាក់ឯង ហើយមុខរបួស ក៏មិនទាន់ជាសះស្បើយដែរ ប៉ុន្តែកញ្ញា បានចាកចេញពីមន្ទីរពេទ្យទៅសម្រាកព្យាបាលនៅផ្ទះ ព្រោះខ្វះលុយបង់ឲ្យពេទ្យ។ កញ្ញា មានស្រុកកំណើតនៅភ្នំពេញ ប៉ុន្តែបានទៅរស់នៅនិងធ្វើការក្នុងប្រទេសថៃ ជាង២ឆ្នាំហើយ ។ កញ្ញាធ្លាប់សម្ដែងភាពយន្តនៅប្រទេសថៃ និងប្រទេសភូមា ហើយក៏ធ្លាប់ធ្វើការងារមនុស្សធម៌ជួយពលរដ្ឋខ្មែរដែលរងគ្រោះដោយការរាតត្បាតជំងឺកូវដ-១៩ ដោយដើរចែកពូជមាន់ចិញ្ចឹមដល់ពលរដ្ឋខ្មែរនៅតាមទីជនបទ។

ជុំវិញរឿងនេះដែរ មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស អង្គការសង់ត្រាល់ លោក លឹង សុផុន លើកឡើងថា ស្ថានទូតខ្មែរនៅថៃ ត្រូវតែចាត់វិធានការឲ្យម៉ឺងម៉ាត់ ដើម្បីរកយុត្តិធម៌ដល់ស្ត្រីខ្មែររងគ្រោះ។ លោកបន្ថែមថា ជនបរទេសដែលវាយដំលើរាងកាយលើពលរដ្ឋខ្មែរ មិនថា ពួកគេជាជនជាតិអ្វីទេ គួរតែរដ្ឋាភិបាលខ្មែរសហការជាមួយអាជ្ញាធរថៃ ស៊ើបអង្កេតឲ្យបានច្បាស់លើករណីហិង្សានោះ។ លោក លឹង សុផុន៖ «ត្រូវតែតាមចាប់យកមកសួរចម្លើយឲ្យបានច្បាស់លាស់អ៊ីចឹងណា មិនមែនមានករណីអ៊ីចឹងៗកើតឡើងហើយ យើងមិនស្វែងយល់ យើងមិនស្វែងរក យើងមិនស៊ើបអង្កេតមើល ចាត់ទុកថាដូចជាមិនជួយមិនអីសោះក៏វាមិនកើតដែរ ព្រោះអីយើងជាជាតិសាសន៍មួយដែរ»។

កាសែតថៃ បានចុះផ្សាយថា ប៉ូលិសថៃ បានចេញលិខិតនៅថ្ងៃទី១០ ខែវិច្ឆិកា ដើម្បីតាមចាប់ខ្លួន បុរសជនជាតិប៉ូឡូញទាំង ២ នាក់ ម្នាក់ឈ្មោះ ដាញែល ម៉ាជូស្កី (DANIEL MAJEWSKI) និងម្នាក់ទៀតឈ្មោះ មេធីវ ផៀត គ្រីនិក (MATEUSZ PIOTR KRYNICK) ។ ជនល្មើសទាំងពីរនោះ គឺម្នាក់មានអាយុ ៣៥ និងម្នាក់ទៀតអាយុ៤០ឆ្នាំ និងត្រូវបានអាជ្ញាធរថៃចោទប្រកាន់ពីបទរួមគំនិតធ្វើបាបជនដទៃដោយមានគម្រោងទុកជាមុន រហូតធ្វើឱ្យជនរងគ្រោះរងរបួសធ្ងន់ស្ទើរបាត់បង់ជីវិត និងធ្វើទារុណកម្មលើរាងកាយដោយខុសច្បាប់។ កាសែតថៃ ផ្សាយថា បច្ចុប្បន្ននេះ ជនដៃដល់ទាំងពីរនាក់ បានរត់ចេញពីប្រទេសថៃ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ក្រោយធ្វើទារុណកម្មលើស្ត្រីខ្មែរ ហើយពេលនេះ កំពុងទៅលាក់ខ្លួនក្នុងប្រទេសហ្វីលីពីន (Philippine) ៕

website_news/2022201205.txt · Last modified: 2022/12/20 09:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki