website_news:202220301

នាយករដ្ឋមន្ត្រីកម្ពុជា ស្នើរដ្ឋាភិបាលកូរ៉េទទួលយកពលករខ្មែរទៅធ្វើការបន្ថែមទៀតនៅឆ្នាំនេះ

https://www.postkhmer.com/national/ មុំ គន្ធា | Publication date 24 March 2022 | 09:37 ICT

កណ្តាលៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បង្កើនចំនួននៃការទទួលយកពលករខ្មែរទៅធ្វើការបន្ថែមទៀត នៅឆ្នាំ ២០២២ នេះ ខណៈដែលពលករកម្ពុជា ប្រមាណជា ៤៥ ០០០ នាក់ បាននិងកំពុងធ្វើការនៅប្រទេសកូរ៉េទៅហើយនោះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើបែបនេះនាព្រឹកថ្ងៃទី ២៣ ខែមីនា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ២១ ដែលមានប្រវែងជិត ៦៤ គីឡូម៉ែត្រតភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។ លោកលើកឡើងថា ការនាំចេញពាណិជ្ជកម្មកម្ពុជាក្នុងរយៈពេល ២ ខែ ដើមឆ្នាំ ២០២២ នេះ មានកំណើនជាង ៣០% នៃការនាំចេញសរុបទូទៅ។ ប៉ុន្តែដោយឡែកសម្រាប់ប្រទេសកូរ៉េខាងត្បូង មានការកើនឡើង ៣៣% នៃការនាំចេញពីកម្ពុជាទៅកាន់ប្រទេសនេះ។ លោក ហ៊ុន សែន ថ្លែងថា៖ «ដូចនេះចំណុចនេះជាចំណុចដែល យើងកំពុងតែអនុវត្តដោយខាងប្រទេសកម្ពុជាបានឱ្យរួចហើយនូវសច្ចាប័នពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។ ខ្ញុំក៏បានប្រាប់ទាំងប្រធានសភា ទាំងប្រធានាធិបតីកូរ៉េខាងត្បូងថា សុំឱ្យពួកគាត់បំពេញនីតិវិធីផ្ទៃក្នុងឱ្យបានឆាប់ ដើម្បីយើងអាចចាប់ផ្តើមជំរុញពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ ស្របគ្នាជាមួយនឹងការចូលជាធរមាននូវកិច្ចព្រមព្រៀងអាសិប (ASEP)។ នេះជាផលប្រយោជន៍ដែលចេញមកពីកិច្ចសហប្រតិបត្តិការ»។

បើតាមលោកនាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋកម្ពុជាដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងមានប្រមាណជា ៤៥ ០០០ នាក់។ លោកមានប្រសាសន៍ថា៖ «ខ្ញុំបានស្នើសុំឱ្យផ្តល់កូតាសម្រាប់ពលករកម្ពុជាទៅធ្វើការប្រទេសកូរ៉េបន្ថែមទៀត ដែលយើងមិនមែនត្រឹមតែយកប្រាក់កាសមកដោះស្រាយជីវភាពនោះទេ ប៉ុន្តែក៏អាចនាំមកផងដែរ នូវបច្ចេកទេសនានាពាក់ព័ន្ធនឹងការអភិវឌ្ឍប្រទេសជាតិរបស់យើងផងដែរ»។

នាឱកាសនោះដែរ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា លោក Park Heung-Kyeong បានលើកឡើងដែរថា ទំនាក់ទំនងមិត្តភាពដ៏ល្អរវាងកម្ពុជា និងកូរ៉េ បានចូលរួមចំណែកយ៉ាងធំក្នុងការបង្កើតការងារក្នុងការប្រមូលរូបិយប័ណ្ណអន្តរជាតិ សម្រាប់ប្រទេសកម្ពុជាផងដែរ តាមរយៈការនាំចេញកម្លាំងពលកម្ម ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ។ លោកថ្លែងថា៖ «បច្ចុប្បន្ននេះ មានពលករកម្ពុជាប្រមាណជា ៤៥ ០០០ នាក់ កំពុងតែបម្រើការងារក្នុងវិស័យឧស្សាហកម្មកូរ៉េប្រកបដោយភាពស្មោះត្រង់ និងទទួលបានការទទួលស្គាល់សមត្ថភាពពីនិយោជករបស់ពួកគេផងដែរ»។ លោក Park Heung-Kyeong ថ្លែងដែរថា ការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំង ២ ក៏មានសកម្មភាពយ៉ាងសកម្មផងដែរ មុនពេលមានការផ្ទុះឡើងនូវការរីករាលដាលនៃមេរោគកូវីដ ១៩ ហើយក្នុងនោះចំនួនភ្ញៀវទេសចរទស្សនកិច្ចទៅវិញទៅមករវាងប្រទេសទាំង ២ ប្រចាំឆ្នាំមានចំនួនរហូតដល់ ៣០ ម៉ឺននាក់។ ប្រទេសកម្ពុជា គឺជាប្រទេសលំដាប់ខ្ពស់ និងជាប្រទេសដែលមានពលករខិតខំធ្វើការងារ អត់ធ្មត់ល្អជាងគេក្នុងចំណោម ១៦ ប្រទេសផ្សេងទៀត ហើយប្រទេសកូរ៉េចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសដៃគូសហប្រតិបត្តិការមិនអាចខ្វះបាននៅពេលបច្ចុប្បន្ន និងអនាគត។ នេះបើតាមការបញ្ជាក់របស់លោក គីម វ៉ុនសុក ប្រធានការិយាល័យអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងការងារកូរ៉េតំបន់សេអ៊ូល។

ការលើកឡើងដូចនេះ ក្នុងជំនួបជាមួយមន្ត្រីនៃការិយាល័យអនុព័ន្ធការងារនៃស្ថានទូត-កម្ពុជាប្រចាំសាធា រណរដ្ឋកូរ៉េ កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ ដើម្បីពិភាក្សាការងារពលករប្រចាំតំបន់ និងជាពិសេស ការសហការក្នុងការបើកវគ្គបណ្ដុះបណ្ដាលពលករផ្លាស់ប្ដូរការងារផងដែរ។ លោក គីម វ៉ុនសុក និងក្រុមការងារ មានការសប្បាយរីករាយសហការជាមួយស្ថានទូតកម្ពុជា ក្នុងការរៀបចំបើកវគ្គបណ្ដុះបណ្ដាលខ្លីដល់ពលករកម្ពុជាបន្ថែមទៀត ដើម្បីឱ្យទទួលបានចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀតក្នុងអំឡុងពេលបម្រើការងារនៅសាធារណរដ្ឋកូរ៉េ។ ជាការឆ្លើយតប ការិយាល័យអនុព័ន្ធការងារនៃស្ថានទូតកម្ពុជា ពិតជាមានសេចក្ដីសោមនស្ស និងចូលរួមសហការជាមួយភាគីកូរ៉េបន្ថែមទៀត ដើម្បីឱ្យប្រជាពលករខ្មែរទទួលបានចំណេះដឹងឱ្យកាន់តែច្រើនបន្ថែមទៀត អំឡុងពេលមកបម្រើការងារនៅសាធារណរដ្ឋកូរ៉េ។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ លោក អ៊ិត សំហេង ថ្លែងកាលពីខែកុម្ភៈ ថា គិតត្រឹមឆ្នាំ ២០២១ រាជរដ្ឋាភិបាលបានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋបានចំនួនជាង ១,៣ លាននាក់។លោក អ៊ិត សំហេង បន្ថែមថា៖ «បើតាមការប៉ាន់ប្រមាណពីការប្រាក់បញ្ញើដែលបងប្អូនពលករបានផ្ញើជូនក្រុមគ្រួសារក្នុង ១ ឆ្នាំៗ ប្រហែល ២,៨ ប៊ីលានដុល្លារអាមេរិក ដែលតាមរយៈទឹកប្រាក់ទាំងនេះបានចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ហើយជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករកាន់តែប្រសើរឡើងផងដែរ»។ លោកថា កម្ពុជាបន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀតដើម្បីផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណសម្បត្តិឱ្យបងប្អូនទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ។

តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស រួមមាន ប្រទេសថៃចំនួន ១ ២២០ ១៩៧ នាក់ កូរ៉េ ៤ ៥ ៨៦៦ នាក់ ម៉ាឡេស៊ី ២៣ ០២៧ នាក់ ជប៉ុន ១១ ៤៥៣ នាក់ សិង្ហបុរី៨២១ នាក់ ហុងកុង ២០២ នាក់ និងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ៤៣ នាក់៕

website_news/202220301.txt · Last modified: 2022/03/27 11:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki