website_news:202220303

លោកស្រី ជូ ប៊ុនអេង៖ កម្ពុជាកំពុងសហការស្រង់ស្ថិតិពលករចំណាកស្រុកទៅថៃ

https://www.postkhmer.com/national/ ឡុង គីមម៉ារីតា | Publication date 23 March 2022 | 10:26 ICT

ភ្នំពេញៈ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) បានឱ្យដឹងថា កម្ពុជា និងថៃកំពុងបន្តសហការគ្នា ដើម្បីស្រង់ទិន្នន័យពលករចំណាកស្រុកនៅប្រទេសថៃ ខណៈលោកស្រីបារម្ភពីចំនួនអ្នករស់នៅមិនស្របច្បាប់ក្នុងប្រទេសនេះ អាចនឹងមានការកើនឡើង បើទោះជាចំនួនអ្នកឆ្លងដែនខុសច្បាប់មានការធ្លាក់ចុះក្ដី។ លោកស្រី ជូ ប៊ុនអេង បានអះអាងប្រាប់កាសែតភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃទី ២០ មីនា យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងតួលេខខ្ញុំចង់និយាយបន្តិច មកដល់ពេលនេះយើងកំពុងគិតគូរនឹងការងារទិន្នន័យហ្នឹងខ្លាំងណាស់ ព្រោះដូចនិយាយអ៊ីចឹង យើងកំពុងតែស្ថិតក្នុងស្ថានភាពប្រទេសជិតខាងនៅបិទច្រកព្រំដែន មិនចង់ឱ្យមានទំនាក់ទំនងគ្នាចុះឡើងៗទេ។ បើទោះបីជាមានការជ្រើសរើសការងារ ក៏យើងឃើញថា នៅប្រទេសថៃយើងកំពុងជជែកគ្នាដែលយើងចាំបាច់ត្រូវការសហការគ្នា ដើម្បីស្វែងរកទិន្នន័យឱ្យបានជាក់លាក់»។ លោកស្រីបានបន្តថា ចំពោះកិច្ចសហការជាមួយភាគីថៃក្នុងពេលនេះ ក៏ព្រោះសព្វថ្ងៃ ទិន្នន័យដែលកំពុងប្រើប្រាស់គឺអាស្រ័យទៅតាមការរាយការណ៍ពីខាងភាគីថៃ ខណៈប្រជាពលរដ្ឋខ្មែរចូលទៅប្រទេសថៃដោយមិនមានច្បាប់ទម្លាប់មានការធ្លាក់ចុះ។ ប៉ុន្តែលោកស្រីថា ចំនួនការរស់នៅដោយខុសច្បាប់អាចមានការកើនឡើង ព្រោះពលរដ្ឋដែលកំពុងមានភាពស្របច្បាប់ កំពុងបន្តរស់នៅដោយខុសច្បាប់នៅទីនោះ។

លោកស្រីបានបញ្ជាក់ថា៖ «បើទោះបីជាពីមុនយើងបានដឹងថាគាត់ទទួលបានភាពស្របច្បាប់ តែភាពស្របច្បាប់ទាំងនោះអាចអស់សុពលភាពទៅហើយ ដោយសារតែ ២ ឆ្នាំបន្តមកហើយ។ អ៊ីចឹងឥឡូវនេះយើងកំពុងគិតពីវិធានការបន្តសម្រាប់ការគ្រប់គ្រងទិន្នន័យទាំងនោះ»។ បើតាមលោកស្រី ជូ ប៊ុនអេង ចំពោះការធ្វើចំណាកស្រុកទាំងប្រថុយប្រថានក្នុងពេលបច្ចុប្បន្ននេះគឺមិនមានការកើនឡើងនោះឡើយក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ ១៩ ដោយគេដឹងថា មានពលករចំណាកស្រុកជិត ៣០ ម៉ឺននាក់បានវិលត្រឡប់មកប្រទេសវិញ រីឯអ្នកវិលត្រឡប់ទៅប្រទេសថៃវិញគឺមានចំនួនតិចតួចបំផុត។ លោកស្រីបានបញ្ជាក់បន្ថែមថា៖ «ក្នុងអំឡុងពេលនេះអ្នកដែលទៅដោយខុសច្បាប់ពីកម្ពុជាយើង គឺមានមិនច្រើននោះទេ ហើយបើទៅក៏មិនត្រូវបានគេទទួលធ្វើការដែរ ហើយត្រូវបានគេចាប់បញ្ជូនត្រឡប់មកវិញដែរ។ អ៊ីចឹងអ្វីដែលច្រើននោះ (ពលករខុសច្បាប់) គឺអ្នកដែលនៅទីនោះមិនទាន់មក បានន័យថា គេអាចប៉ាន់ប្រមាណថានៅ ក៏មិនតិចជាង ១ លាននាក់ដែរ»។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់បានលើកឡើងថា ប្រសិនបើមានការសហការធ្វើជំរឿនទិន្នន័យថ្មីរវាងប្រទេសទាំង ២ គឺជារឿងមួយដែលល្អ។ លោកបន្តថា ចំពោះតួលេខដែលប្រើប្រាស់កន្លងមកចំពោះពលករចំណាកស្រុក គឺតែងមានភាពប្រទាំងប្រទើសគ្នា ហើយមិនមានភាពច្បាស់លាស់ទៅនឹងដង់ស៊ីតេស្ថិតិនៃពលករខ្មែរដែលកំពុងធ្វើការងារ និងរស់នៅក្នុងប្រទេសថៃទេ។ លោកបានបញ្ជាក់ថា៖ «ខ្ញុំគិតថា នេះគឺជារឿងមួយដែលល្អដើម្បីឱ្យយើងច្បាស់លាស់អំពីស្ថិតិជាក់ស្តែងនៃពលករខ្មែរដែលកំពុងធ្វើការងារនៅក្នុងវិស័យនានារួមទាំងប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃ»។ ជាមួយនឹងការគាំទ្រនេះ លោក ឃុន ថារ៉ូ មើលឃើញថា ការងារនេះគឺហាក់មានភាពស្មុគស្មាញ និងត្រូវការការប្រមូលទិន្នន័យ និងព័ត៌មានដែលទាមទារឱ្យមានការចូលរួមសហការជាមួយដៃគូពាក់ព័ន្ធ ជាពិសេសគឺភាគីថៃ ដើម្បីសម្របសម្រួលឱ្យមានការស្រង់ទិន្នន័យឱ្យបានច្បាស់លាស់នៅតាមគ្រឹះស្ថាន និងសហគ្រាសនានានៅក្នុងប្រទេសថៃ៕

website_news/202220303.txt · Last modified: 2022/03/27 11:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki