website_news:2022210101

ឧទ្ធរណ៍ជំនុំជម្រះសំណុំរឿងស្ត្រីម្នាក់ បម្រុងនាំនារីក្មេងៗទៅម៉ាឡេស៊ី

https://www.postkhmer.com/ គឹម សារុំ | Publication date 19 January 2022 | 10:59 ICT

ភ្នំពេញៈ សាលាឧទ្ធរណ៍នៅថ្ងៃទី ១៨ មករាបានលើកបណ្តឹងឧទ្ធរណ៍របស់ស្ត្រីជាប់ចោទម្នាក់ក្នុងចំណោម ៣ នាក់មកជំនុំជម្រះ បន្ទាប់ពីស្ត្រីរូបនេះមិនសុខចិត្តនឹងតុលាការថ្នាក់ក្រោម ដែលផ្តន្ទាទោសដាក់ពន្ធនាគារ ១៦ ឆ្នាំពាក់ព័ន្ធករណីបម្រុងនាំនារីៗអាយុចន្លោះពី ១៦ ដល់ ១៩ ឆ្នាំ ចំនួន ៧ នាក់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ ២០១៦ នៅរាជធានីភ្នំពេញ។

លោកចៅក្រម ភូ ពៅស៊ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះក្នុងសមាសភាពលោកចៅក្រម ៣ រូប បានអានអង្គហេតុនៅចំពោះមុខជនជាប់ចោទ និងមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទក្នុងបន្ទប់សវនាការនៅថ្ងៃទី ១៨ មករាថា ក្នុងសំណុំរឿងនេះ មានជនជាប់ចោទ ៣ នាក់ តែស្ត្រីជាប់ចោទ ឈ្មោះ អ៊ុំ រ៉ាដែន អាយុ ៣៥ ឆ្នាំ ប្តឹងឧទ្ធរណ៍តែម្នាក់គាត់ទេ។ តាមអង្គហេតុរបស់សាលាឧទ្ធរណ៍ភ្នំពេញបង្ហាញថា កាលពីដើមខែមិថុនា ឆ្នាំ ២០១៦ ស្ត្រីឈ្មោះ ចាន់ សុឃីម បានលួងលោមនារីក្មេងៗចំនួន ៧ នាក់ ដែលរស់នៅក្នុងឃុំផាត់សណ្តាយ ខេត្តកំពង់ធំ ដោយប្រាប់ពួកនាងថា មានគេរើសស្ត្រីខ្មែរទៅធ្វើការនៅប្រទេសសាំងហ្គាពួរបានប្រាក់ខែច្រើន។ ក្រោយពីលួងលោមបានសម្រេចហើយនៅថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០១៦ ស្ត្រីឈ្មោះ ចាន់ សុឃីម បាននាំនារីទាំង ៧ នាក់មកស្នាក់នៅបណ្តោះអាសន្ននៅផ្ទះរបស់ស្ត្រីជាប់ចោទឈ្មោះ អ៊ុំ រ៉ាដា នៅក្នុងសង្កាត់-ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ពេលពួកនារីទាំង ៧ នាក់កំពុងស្នាក់នៅរាជធានីភ្នំពេញនោះ ស្ត្រីជាប់ចោទ អ៊ុំ រ៉ាដា បាននិយាយប្រាប់នារីទាំង ៧នាក់នោះថា ពួកនាងមិនត្រូវបានយកទៅធ្វើការនៅប្រទេសសាំងហ្គាពួរទេ តែយកទៅប្រទេសម៉ាឡេស៊ីវិញ។

អំឡុងពេលនោះដែរស្ត្រីឈ្មោះ សំ យ៉ុង ដែលជាបក្ខពួករបស់ស្ត្រីឈ្មោះ អ៊ុំ រ៉ាដា បានទៅរត់ការដោយនិយាយភូតកុហកអាជ្ញាធរសង្កាត់ចោមចៅឱ្យកែសម្រួលឈ្មោះ អាយុនារីៗទាំងនោះ ដើម្បីបានទៅធ្វើលិខិតឆ្លងដែនស្របច្បាប់។ ប៉ុន្តែរឿងនេះ ត្រូវបែកការណ៍ ព្រោះត្រូវបានអាជ្ញាធរសង្កាត់ចោមចៅប្តឹងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ហើយបានឃាត់ខ្លួនជនល្មើសទាំង ៣ នាក់ និងបានរំដោះនារីទាំង ៧ នាក់នៅថ្ងៃទី ១៣ កក្កដា ឆ្នាំ ២០១៦។ សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការ និងប្រកាសសាលក្រមនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៩ សម្រេចផ្តន្ទាទោស ស្ត្រីឈ្មោះ អ៊ុំ រ៉ាដា និងឈ្មោះ ចាន់ សុឃីម ដាក់ពន្ធនាគារម្នាក់ ១៦ ឆ្នាំ ចោទពីបទនាំចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែនតាមមាត្រា ១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ចំពោះឈ្មោះ សំ យ៉ុង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ១ ឆ្នាំចោទពីបទផ្តល់ឯកសារក្លែង។ ដោយមិនសុខចិត្តនឹងសាលក្រមខាងលើស្ត្រីជាប់ចោទឈ្មោះ អ៊ុំ រ៉ាដា បានប្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញបន្តទៀត។

ស្ត្រីជាប់ចោទ អ៊ុំ រ៉ាដា បាននិយាយប្រាប់ចៅក្រមក្នុងអង្គសវនាការនៅថ្ងៃទី ១៨ មករា ថា គាត់ប្តឹងឧទ្ធរណ៍ពេលនេះមិនមែនជំទាស់ទៅនឹងទង្វើរបស់ខ្លួនទេ តែជំទាស់នឹងទណ្ឌកម្មទោសច្រើនឆ្នាំពេក។ ម្យ៉ាងគាត់ក៏មានបញ្ហាគ្មានអ្នកថែទាំចិញ្ចឹមកូន ៣ នាក់ ដោយសារគ្មានអ្នកមើលថែ។ ស្ត្រីជាប់ចោទថា៖ «ខ្ញុំសូមតុលាការបន្ថយទោសខ្ញុំផង ដើម្បីឆាប់បានចេញទៅមើលថែកូនៗ ដែលទើបមានអាយុ ១៣ ឆ្នាំ អាយុ ១២ ឆ្នាំ និងអាយុ ៧ ឆ្នាំ។ ពីមុនពួកគេមានឪពុកខ្ញុំមើលថែ ឥឡូវគាត់ត្រូវស្លាប់ដោយជំងឺកូវីដបាន ៣ ខែមកហើយ»។

លោក អ៊ឹម សុផាន តំណាងមហាអយ្យការសន្និដ្ឋានក្នុងអង្គសវនាការនៅថ្ងៃទី ១៨ មករាថា ជនជាប់ចោទបានសារភាពពីការប្រព្រឹត្តរបស់ខ្លួន ហើយត្រូវបានតុលាការថ្នាក់ក្រោមផ្តន្ទាទោស ១៦ ឆ្នាំ។ អំពើរបស់ស្ត្រីជាប់ចោទបើតាមច្បាប់ត្រូវផ្តន្ទាទោសពី ១៥ ឆ្នាំទៅ ២០ ឆ្នាំ ករណីជនរងគ្រោះជាអនីតិជន។ លោកថា៖ «ការដែលតុលាការថ្នាក់ក្រោមផ្តន្ទាទោស ១៦ ឆ្នាំដល់ស្ត្រីជាប់ចោទគឺត្រឹមត្រូវតាមលក្ខណៈច្បាប់ហើយ ប៉ុន្តែជនជាប់ចោទគួរទទួលបានការសម្រាលទោសខ្លះ ព្រោះបទល្មើសនៅមិនទាន់សម្រេច»។

លោក ឡាយ ឡងឌី ជាមេធាវីការពារក្តីឱ្យស្ត្រីជាប់ចោទ អ៊ុំ រ៉ាដា បានធ្វើសេចក្តីសន្និដ្ឋានថា លោកឯកភាពចំពោះការសន្និដ្ឋានរបស់តំណាងមហាអយ្យការ។ «កូនក្តីរបស់ខ្ញុំនៅគ្រប់ដំណាក់កាលគឺគាត់បានសារភាពរហូតមក។ ហេតុដូច្នេះ ខ្ញុំសូមតុលាការមេត្តាបន្ថយទោសដល់គាត់ផង»។ ក្រោយប្រើពេលជំនុំជម្រះជិត ១ ម៉ោងមក លោកចៅក្រម ភូ ពៅស៊ុន បានថ្លែងថា សាលដីកានេះនឹងត្រូវប្រកាសនៅថ្ងៃទី ២៨ មករា៕

website_news/2022210101.txt · Last modified: 2022/01/21 10:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki